អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ផៅប៉ូម រ៉ូចាណាសាគុល (Paopoom Rojanasakul) បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា កន្លងមកក្រសួងហិរញ្ញវត្ថុបានបង្កើតគម្រោងចំនួនពីរ ដែលមានទំហំជាង១,១ពាន់លានដុល្លារ ដោយជោគជ័យរួចមកហើយ ដោយបានផ្ដល់ជូនពលរដ្ឋដែលមានចំណូលទាបសម្រាប់ទិញផ្ទះ ឬសង់ផ្ទះថ្មី។ ភាពជោគជ័យនេះ បានជំរុញឱ្យក្រសួងនេះគ្រោងចាប់ផ្តើមគម្រោងថ្មីចំនួនពីរទៀតជាមួយនឹងថវិកាជាង១,៦ពាន់លានដុល្លារ ដើម្បីផ្តល់កម្ចីដល់ពលរដ្ឋសម្រាប់ទិញផ្ទះ ឬទិញដីសម្រាប់សាងសង់ផ្ទះ ឬក៏ជួសជុលផ្ទះដែលមានស្រាប់។
លោក ផៅប៉ូម បានបន្ថែមថា ក្រសួងហិរញ្ញវត្ថុមានបំណងជំរុញទីផ្សារអចលនទ្រព្យជាបន្តបន្ទាប់ដោយផ្តល់កម្ចីដល់អ្នកដែលមានចំណូលទាប ដើម្បីទិញផ្ទះថ្មី និងដើម្បីជួសជុលអចលនទ្រព្យដែលមានស្រាប់របស់ពួកគេ។
តាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីរូបនេះ គម្រោងទីមួយមានថវិកាជាង១,៥ពាន់លានដុល្លារដែលផ្ដោតសំខាន់លើអ្នកស្នើសុំកម្ចីជិត១០ម៉ឺនដុល្លារជាមួយអត្រាការប្រាក់ពិសេសសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីសាងសង់ផ្ទះ ឬទិញផ្ទះថ្មី។
ចំណែកគម្រោងទីពីរមានថវិកាជាង១៥០លានដុល្លារដែលផ្ដោតសំខាន់លើអ្នកស្នើសុំកម្ចីក្នុងរង្វង់ជាង៣ពាន់ដុល្លារជាមួយអត្រាការប្រាក់ពិសេសដូចគ្នា ប៉ុន្តែសម្រាប់រយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ ហើយកម្ចីនេះគឺសម្រាប់ជួសជួល ឬពង្រីកផ្ទះរបស់ពួកគេ៕
អត្ថបទ៖ សុខ មង្គល