រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃ លោក គ្រីសាដា ជិនណាវិចារណា (Krisada Chinavicharana) បាននិយាយថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អាកឃុំ បានជួបប្រជុំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយ ជួយដល់ពលរដ្ឋរងគ្រោះដែលបណ្ដាលមកពីវិបត្តិមេរោគរាតត្បាតកូវីដ-១៩។ ក្នុងនោះ មានជម្រើសមួយនៃកិច្ចពិភាក្សា គឺធនាគាររដ្ឋនឹងត្រូវទម្លាក់អត្រាការប្រាក់ឲ្យនៅទាបបំផុតដល់០% រហូតដល់ចុងឆ្នាំ២០២១នេះ ដោយផ្ដោតទៅលើការជួយអ្នកដែលរងផលប៉ះពាល់នៅក្នុងវិស័យឧស្សាហកម្មភោជនីយដ្ឋាន និង ទេសចរណ៍។
រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃ និយាយទៀតថា ធនាគាររដ្ឋត្រូវតែពិចារណា ពីទំហំនៃការជួយរបស់ពួកគេ ចំពោះអាជីវកម្មដែលបានរងផលប៉ះពាល់ និងត្រូវផ្ញើសេចក្ដីសម្រេចចុងក្រោយរបស់ពួកគេមកកាន់ក្រសួងហិរញ្ញវត្ថុវិញនៅសប្ដាហ៍ក្រោយនេះ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុថៃរូបនេះ មានធនាគាររដ្ឋមួយហើយ ដែលបានជូនដំណឹងមកកាន់ក្រសួងវិញអំពីផែនការរបស់ខ្លួន ក្នុងការផ្ដល់ជូនអត្រាការប្រាក់នៅត្រឹម០,០១% រហូតដល់ចុងឆ្នាំ២០២១ សម្រាប់បុគ្គល និង ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារតែកូវីដ-១៩។
កាលពីសប្ដាហ៍មុននេះ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយថា នៅក្នុងរយៈពេល៦ខែ ភ្នាក់ងាររដ្ឋពាក់ព័ន្ធ ត្រូវតែកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីបុគ្គល ក៏ដូចជាសម្រាប់ទៅឲ្យមីក្រូហិរញ្ញវត្ថុ និង ស្ថាប័នផ្ដល់កម្ចីតូចៗ ដែលផ្ដល់កម្ចីបន្ដទៅកាន់ពលរដ្ឋដែលជាកូនបំណុល ដូចជាគ្រូបង្រៀន សហករ និង អាជីវកម្មជួលឡាន ម៉ូតូ ជាដើម។
ពាក់ព័ន្ធទៅនឹងការជួយសម្រួលដល់បន្ទុកបំណុលនៅអំឡុងពេលកូវីដ-១៩នេះដែរ ធនាគារសន្សំរបស់រដ្ឋាភិបាលថៃ (GSB) កាលពីពេលកន្លងទៅ បានសម្រេចដាក់ចេញនូវវិធានការផ្អាកការសងត្រឡប់ប្រាក់ដើម និងការប្រាក់សម្រាប់រយៈពេល៦ខែ សម្រាប់សហគ្រាសធុនតូច និង មធ្យម សណ្ឋាគារ រីស៊ត ផ្ទះសំណាក់ និង អាផាតមិន ជួលជាដើម។
ការផ្អាកការសងប្រាក់ត្រឡប់ និង ការប្រាក់នេះ គឺមានសុពលភាពចាប់ពីខែកក្កដា ដល់ខែធ្នូឆ្នាំ២០២១ ហើយវាបានគ្របដណ្ដប់លើអាជីវកម្មខ្នាតតូច និង មធ្យម សណ្ឋាគារ រីស៊ត ផ្ទះសំណាក់ និង អាផាតមិនជួល ដែលបានជំពាក់បំណុលធនាគារសរុបជិត៨លានដុល្លារអាមេរិក ហើយអាជីវកម្មទាំងនោះមានរយៈពេលទូទាត់បំណុលហួសកាលកំណត់មិនលើសពី៩០ថ្ងៃ៕