ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសថៃ ទទួលបានគម្រោងវិនិយោគបរទេសសរុបជាង៤៩០គម្រោងជាមួយទុនវិនិយោគសរុបជិត៨៤ពាន់លានបាត ឫជាង២ពាន់៣រយលានដុល្លារ។ ទំហំទុនវិនិយោគបរទេសនេះមានការធ្លាក់ចុះជិត១៧% បើធៀបនឹងទំហំវិនិយោគក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation។
បើតាមក្រសួងពាណិជ្ជកម្មថៃ នៅពេញមួយខែកញ្ញា ឆ្នាំ២០២៣ ថៃទាក់ទាញគម្រោងវិនិយោគមានទុនសរុបជាង១៨ពាន់លានបាត ឫជាង៥០០លានដុល្លារ កើនឡើងជិត១៧០% បើធៀបនឹងខែសីហា។ ប៉ុន្តែស្ថានភាពអាចមានការប្រែប្រួលមកវិញនៅខែតុលា ដោយសារតែរលកនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ជប៉ុនគឺជាប្រទេសដែលមានអ្នកវិនិយោគទុនមកបណ្តាក់ទុននៅថៃច្រើនជាងគេនៅ៩ខែឆ្នាំនេះ បន្ទាប់មកគឺអាម៉េរិក និងសិង្ហបុរី ហើយគម្រោងវិនិយោគសរុបជាង៥១% គឺប្រមូលផ្តុំនៅខេត្តរ៉ាយ៉ង ដែលជាបេះដូងនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ។
ទន្ទឹមនឹងគម្រោងវិនិយោគមានការធ្លាក់ចុះ គម្រោងផែនការទាក់ទាញទេសចរបរទេសរបស់ថៃ ដែលរំពឹងថា នឹងអាចទាក់ទាញបានពី២៧ ទៅ២៨លាននាក់នៅឆ្នាំនេះ ក៏កំពុងតែប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារតែរលកថ្មីៗនៃបញ្ហាសកល និងបញ្ហាចាស់មិនទាន់បញ្ចប់៕