
ក្រោយជជែកដេញដោលដ៏តានតឹងអស់រយៈពេល៤ថ្ងៃ ទីបំផុត សេចក្តីព្រាងច្បាប់ថវិកាសម្រាប់ចំណាយនៅឆ្នាំ២០២៦ ដែលមានទំហំរហូតដល់១១៥ពាន់លានដុល្លារ ដែលមានគោលបំណងជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចថៃ ដែលកំពុងធ្លាក់ចុះ ដោយសារប្រឈមមុខនឹងសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក របស់រដ្ឋាភិបាលថៃ ទទួលបានការអនុម័តពីសមាជិកសភាជាមួយសំឡេងគាំទ្រ៣២២ ទល់នឹង១៥៨សំឡេង។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia ក្រោយឆ្លងផុតការបោះឆ្នោតលើកដំបូងពីសភាកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដើម្បីទទួលបានកញ្ចប់ថវិកានេះមកចាយវាយដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅឆ្នាំក្រោយ រដ្ឋាភិបាលថៃ ត្រូវបន្តត្រៀមខ្លួនតស៊ូ និងការពារសំណើរថវិកានេះយ៉ាងហោចណាស់២ដងទៀតនៅក្នុងសភាជាន់ទាប ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះ។
ដើម្បីអនុម័តសំណើថវិកាដ៏ច្រើននេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ទាមទារឱ្យមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត។ ប៉ុន្តែវាអាចមានភាពតានតឹងខ្លះនៅក្នុងក្រុមចម្រុះ ក្រោយក្រុមអ្នកសេដ្ឋកិច្ចបានរិះគន់រដ្ឋាភិបាលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ស្របពេលវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថៃ សុទ្ធតែបានបង្ហាញពីការថមថយ។
ក្រោយឆ្លងផុតសភា សំណើថវិកានេះ ទាមទារឱ្យមានការអនុម័តពីព្រឹទ្ធសភា និងការយល់ព្រមពីមហាក្សត្រថៃ។ រដ្ឋាភិបាលថៃ រំពឹងថា កញ្ចប់ចំណាយដែលមានទំហំរហូតដល់១១៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ នឹងឆ្លងផុតការតស៊ូមតិដ៏ចម្រូងចម្រាស។ កញ្ចប់ចំណាយនេះមានការកើនឡើងជាង១០ពាន់លានដុល្លារ បើធៀបនឹងកញ្ចប់ចំណាយនៅក្នុងឆ្នាំ២០២៥ ដែលមានប្រមាណ១០១ពាន់លានដុល្លារអាម៉េរិក៕
ដោយៈ សរ សុជាតិ