កាលពីថ្ងៃទី ៣១ ខែឧសភាថ្មីៗនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីដំឡើងអត្រាការប្រាក់គោលពី ១,៧៥ ទៅ ២ ភាគរយ ដើម្បីទប់ស្កាត់ហានិភ័យអតិផរណា ហើយក្រោយពីការសម្រេចនេះ ធនាគារនានាក៏បានដំឡើងអត្រាការប្រាក់របស់ពួកគេផងដែរ។
លោក គ្រឿនក្រៃ ធៀននុគល់ ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ការបង្កើនអត្រាការប្រាក់នាំឱ្យការចំណាយហិរញ្ញវត្ថុកាន់តែធំ ហើយបើបូករួមទាំងថ្លៃអគ្គីសនីថ្លៃទៀតនោះ អាចបង្កការលំបាកដល់ក្រុមហ៊ុនមួយចំនួនក្នុងការថែរក្សាតម្លៃផលិតផល ឬសូម្បីតែបន្តប្រតិបត្តិការរបស់ពួកគេក៏លំបាកដែរ។ លោកមានប្រសាសន៍ថា ក្រុមហ៊ុនផលិតចាំបាច់ត្រូវបង្កើនតម្លៃទំនិញ នៅពេលដែលតម្លៃប្រតិបត្តិការរបស់ពួកគេកើនឡើង ហើយពួកគេក៏នឹងអាចកាត់បន្ថយការផលិតផងដែរ ដូច្នេះវានឹងដាក់សម្ពាធលើការប្រើប្រាស់ក្នុងស្រុក ដូច្នេះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ច។
លោក ថាណេ ពិតស៊ូវណ្ណ ( Tanes Petsuwan) អនុប្រធានអាជ្ញាធរទេសចរណ៍ថៃទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បាននិយាយថា ដោយសារការមកដល់របស់ជនបរទេសបានកើនឡើងជិត ១១ លាននាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ២៥ លាននាក់សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងចំណូលប្រមាណជា ៦៩ ពាន់លានដុល្លារ។ នៅពេលបច្ចុប្បន្នស្ថាប័ន នេះកំពុងធ្វើផែនការផ្សព្វផ្សាយថ្មីសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ហើយរំពឹងថានឹងបញ្ចប់សំណើរបស់ខ្លួនទៅកាន់រដ្ឋាភិបាលថ្មីក្នុងខែនេះ។
លោក គ្រឿនក្រៃ បានស្នើឲ្យអាជ្ញាធរនានាប្រើប្រាស់គ្រប់យន្តការក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក ដើម្បីលើកកំពស់និងគាំពារផលិតកម្មដែលកំពុងមានបញ្ហា ប៉ុន្តែលោកបានព្រមានថា បើការបង្កើតរដ្ឋាភិបាលថ្មីត្រូវពន្យារពេលនោះវិស័យទេសចរណ៍អាចនឹងរងផលប៉ះពាល់។
លោក វីសិទ្ធ លីមលួចា ( Visit Limlurcha) អនុប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលបានប៉ះពាល់ដល់ការចំណាយលើការធ្វើអាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសដែលជំពាក់បំណុលគេ។ លោកបាននិយាយទៀតថា សហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារពួកគេមានដើមទុនហិរញ្ញវត្ថុតិចជាងអាជីវកម្មធំៗ។
ដោយឡែកលោក វិឆ័យ វីរ៉ាតកាផាន (Vichai Viratkapan) អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បាននិយាយថា នៅឆ្នាំនេះអត្រាការប្រាក់អាចនឹងឡើងពី ០,៧៥ ទៅ ១ ភាគរយ ។ លោកបានមានប្រសាសន៍ថា អត្រាការប្រាក់កាន់តែខ្ពស់នឹងមានឥទ្ធិពលខ្លាំងលើការលក់ និងការផ្ទេរលំនៅដ្ឋាន ដោយសារអត្រាការប្រាក់នេះវាកំណត់សមត្ថភាពទិញនិងខ្ចីរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ដោយសម្រង់សំដីដើមថា "ទីផ្សារអចលនទ្រព្យនៅឆ្នាំនេះទំនងជានឹងនៅទ្រឹង"។
នៅក្រោមសេណារីយ៉ូបែបនេះ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានប៉ាន់ប្រមាណថា កម្ចីទិញផ្ទះថ្មីទូទាំងប្រទេសនឹងអាចធ្លាក់ចុះ ៦,៨ ភាគរយ ហើយបើនិយាយអំពីសាច់ប្រាក់វិញ គឺធ្លាក់ចុះពី ២០ ពាន់លានដុល្លារ មកនៅត្រឹមប្រមាណជា ១៩ ពាន់លានដុល្លារ៕