នៅពេលសួរដោយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថាតើប្រទេសថៃនឹងដាក់ចេញវិធានការសងសឹកឬយ៉ាងណា? លោក Anutin បានឆ្លើយតបយ៉ាងខ្លីថា រដ្ឋាភិបាលនឹងពិគ្រោះជាមួយគណៈរដ្ឋមន្ត្រីជាមុនសិន មុននឹងធ្វើការប្រកាសជាផ្លូវការ។
ដោយឡែក លោក Natthaphon Nakphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃវិញ បាននិយាយនៅក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាសន្ដិសុខជាតិដែរថៃ ថា នៅពេលនេះ រដ្ឋាភិបាលបានបើកភ្លើងខៀវឱ្យយោធាគ្រប់គ្រងលើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃក្នុងករណីចាំបាច់។ លោកបន្ថេមថា នឹងមិនមានការចរចាអ្វីទៀតឡើយ ហើយថៃទាមទារឱ្យមានការសុំទោសពីភាគីកម្ពុជា ចំពោះករណីដែលទាហានថៃរងរបួស ដោយសារតែការផ្ទុះមីននេះ។
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះ បានចេញមកអះអាងថា ការផ្ទុះគ្រាប់មីន ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅជិតនឹងតំបន់ប្រាសាទព្រះវិហារនោះ គឺជាគ្រាប់មីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជាម្ល៉េះ មិនមែនជាមីន ដែលបានដាក់ថ្មី ដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។
ក្រសួងការពារជាតិ បានបញ្ជាក់នូវគោលជំហរយ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះ ដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធ ជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។