កម្ពុជា-វៀតណាម

ឯកអគ្គរដ្ឋទូតវៀតណាម ស្នើសុំកម្ពុជា៥ចំណុច តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល


នៅក្នុងជំនួបទល់មុខជាមួយនឹងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នាថ្ងៃទី ១២ ខែតុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឯកឧត្តម ង្វៀន ហ៊ុយថាំង បានលើកឡើងនូវសំណើចំនួន៥ មកកាន់កម្ពុជា ក្នុងទិសដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
ឯកអគ្គរដ្ឋទូតវៀតណាម ស្នើសុំកម្ពុជា៥ចំណុច តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ដោយ

សំណើទាំង៥នោះ រួមមាន៖

១, ពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿងទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ។

២, ការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ។៣, ការជំរុញឱ្យមានការសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។

៤, ការជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះ

៥, ការជំរុញឱ្យមានការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចំណុចដែលឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងខាងលើ គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។

ទាក់ទងនឹងការតភ្ជាប់ផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ គ្រោងនឹង ចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ ហើយសង្ឃឹមថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។ ដោយឡែកចំពោះច្រកទ្វារព្រំដែនព្រៃវល្លិ-ប៊ិញហៀប ក្រសួងនឹងរៀបចំការដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

របាយការណ៍គយកម្ពុជាបង្ហាញថា នៅ៩ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និងវៀតណាម​សម្រេចបាន​ជាង​៤ពាន់​៦រយលានដុល្លារ កើនឡើង​២២% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់​កម្ពុជា​ទៅវៀតណាម​សម្រេចបាន​ជាង​១ពាន់​៥រយលានដុល្លារ កើនឡើង​ជាង៣% ខណៈការនាំចូលពីវៀតណាមមកវិញ​មានជាង​៣ពាន់លានដុល្លារ កើនឡើង​៣៤,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាដាក់ទិសដៅស្រូបទាញទេសចរវៀតណាម៧០ម៉ឺននាក់នៅឆ្នាំក្រោយនិង១លាននាក់នៅឆ្នាំ២០២៤

ព័ត៌មាន
កម្ពុជាដាក់ចេញទិសដៅទាក់ទាញទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបានដល់១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទ…

ហេតុអ្វីនៅឆ្នាំ២០២៣ តម្រូវការផលិតផលកសិកម្មពីកម្ពុជាអាចប្រឈមនឹងការថយចុះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងកសិកម្ម បានអះអាងថា ការនាំចេញកសិផលរបស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ គឺនៅតែអាចរក្សាបាននូវកំណើនជាបន្តបន្ទាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ