នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
លោក អានុតាភុល រឹកភីប៊ុន ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនភីធីធី បានគូសបញ្ជាក់ថា ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនឥណ្ឌាខាងលើ នឹងជួយផ្តល់ឲ្យក្រុមហ៊ុនភីធីធី នូវថាមពលកកើតឡើងវិញចំនួនជាង ៣.៧០០មេហ្គាវ៉ាត់បន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលកកើតឡើងវិញឲ្យបាន ៨.០០០មេហ្គាវ៉ាត់ត្រឹមឆ្នាំ២០៣០។ លោកបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនភីធីធី មានសមត្ថភាពផលិតថាមពលកកើតឡើងវិញជាង ២.០០០មេហ្គាវ៉ាត់ប៉ុណ្ណោះ។
បន្ថែមពីលើនេះ តំណាងក្រុមហ៊ុនថៃភីធីធី បានលើកសរសើរពីការវិនិយោគរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឥណ្ឌាថា ជាការជួយគាំទ្រដល់គោលនយោបាយរដ្ឋាភិបាលថៃ ដែលជំរុញឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញតាមគ្រប់ទម្រង់។
គួរជម្រាបថា ក្នុងចំណោមថាមពលទាំងជាង ៣.៧០០មេហ្គាវ៉ាត់ ដែលភីធីធីនឹងទទួលបានពីគម្រោងក្នុងប្រទេសឥណ្ឌា មានជិត ១.៤០០មេហ្គាវ៉ាត់នឹងទទួលបានពីគម្រោង ដែលកំពុងតែដំណើរការស្រាប់ ខណៈដែលជាង២.៣០០មេហ្គាវ៉ាត់ផ្សេងទៀត នឹងទទួលបានពីថាមពលនៃកម្រោងបន្ទះសូឡាខ្នាតយក្ស ដែលរំពឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២ខាងមុខ។ លើសពីនេះទៅទៀត គម្រោងនៅឥណ្ឌានឹងជួយឲ្យក្រុមហ៊ុនភីធីធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៤លាន៣ សែនតោននៃកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ភីធីធី មិនត្រឹមតែជាក្រុមហ៊ុនធ្វើអាជីវកម្មប្រេងដ៏ធំនៅប្រទេសថៃនោះទេ នៅប៉ុន្តែភីធីធី បាននិងកំពុងពង្រីកអាជីវកម្មផលិតថាមពលកកើតឡើងវិញជាច្រើនទៀត នៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកវិភាគក្នុងវិស័យនេះជាច្រើន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុន ចាំបាច់ត្រូវចាប់ផ្តើមអភិវឌ្ឍទីផ្សារក្រៅប្រទេសឲ្យបានច្រើន និងរឹងមាំជាងនេះ ដើម្បីធានាស្ថិរភាពរបស់ខ្លួន ដោយមិនពឹងផ្អែកលើទីផ្សារក្នុងស្រុកច្រើនពេក ព្រោះថាវានៅមានភាពផុយស្រួយនៅឡើយ។
គួររំឭកថា មុនទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនឥណ្ឌា Avaada នៅខែមីនាឆ្នាំ២០១៩ ភីធីធីក៏បានទិញយកចំណែកភាគហ៊ុនប្រមាណ៧០% ពីក្រុមហ៊ុនថាមពលក្នុងស្រុកថៃមួយឈ្មោះ ថា Glow Energy ផងដែរ ជាមួយនឹងទឹកប្រាក់៩៣ពាន់លានបាត ឬស្មើនឹងប្រមាណ ២ពាន់៨រយលានដុល្លារអាមេរិក៕