រោងចក្រភ្លើងឆេះ

កម្មករនិយោជិតជាង២ពាន់នាក់កំពុងប្រឈមនឹងបញ្ហាការងារ ក្រោយរោងចក្រត្រូវបានភ្លើងឆេះ ខណៈក្រសួងការងារ និងភាគីពាក់ព័ន្ធកំពុងរកដំណោះស្រាយ


រោងចក្រផលិតស្បែកជើងយីហោ អរ ជី ហ្វ៊ូតវែរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី១៨ ខែ មីនា កំពុងធ្វើឱ្យកម្មករប្រមាណ២ពាន់នាក់ប្រឈមនឹងបញ្ហាការងារ។ តែយ៉ាងណាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ និងភាគីពាក់ព័ន្ធបានជួបពិភាក្សាគ្នា ដើម្បីស្វែងអត្ថប្រយោជន៍ និងដំណោះស្រាយជូនពួកគេ។ តើកម្មករនៃរោងចក្រ អរ ជី ហ្វ៊ូតវែរ នឹងទទួលបានអ្វីខ្លះ ក្រោយរោងចក្រដែលពួកគេធ្លាប់បម្រើការងាររងគ្រោះខូចខាតដោយសារអគ្គិភ័យ?
រោងចក្រភ្លើងឆេះ
ដោយ

រោងចក្រស្បែកជើងយីហោ អរ ជី ហ្វ៊ូតវែរ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បើទោះបីមានការជួយអន្តរាគមន៍ពន្លត់ពីកងកម្លាំង និងអ្នកពន្លត់អគ្គីភ័យមកពីក្រសួងស្ថាប័នផ្សេងៗជាច្រើនក៏ដោយ។ បញ្ហាអគ្គីភ័យនេះមិនបានបង្កឱ្យកម្មករ និយោជិតប្រមាណ២ពាន់នាក់ ដែលកំពុងធ្វើការនៅក្នុងរោងចក្រនេះណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបញ្ហានេះបានធ្វើឱ្យកម្មករ និយោជិតទាំងនោះ កំពុងប្រឈមនឹងធ្លាក់ចុះប្រាក់ចំណូល និងការអត់ការងារធ្វើក្នុងរយៈពេលអន្តរកាលណាមួយ។

ពាក់ព័ន្ធបញ្ហាអគ្គីភ័យនេះដែរ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រោយកើតហេតុ ថ្នាក់ដឹកនាំក្រសួងការងារ និងមន្រ្តីពាក់ព័ន្ធ ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែង​។ បើតាមអ្នកនាំពាក្យរូបនេះ ករណីអគ្គិភ័យនេះពុំបានបង្កផលប៉ះពាល់ដល់កម្មករណាម្នាក់នោះឡើយ ហើយមកទល់ពេលនេះ ហើយសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដ។

ជាមួយគ្នានេះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងការងារបានជួបប្រជុំគ្នាជាមួយភាគីថៅកែរោងចក្រ តំណាងកម្មករ និយោជិត ដើម្បីការពារអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្នុងអំឡុងពេលនេះកម្មករនិយោជិត នៅតែអាចបន្តប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការថែទាំសុខភាព អត្ថប្រយោជន៍ពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះបានដូចធម្មតា។

​ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរនៅកម្ពុជា បានគូសបញ្ជាក់ថា ករណីឆេះរោងចក្រផលិតស្បែកជើងយីហោ អរ ជី ហ្វ៊ូតវែរ នេះ មិនមែនជាកំហុសរបស់កម្មករនោះទេ ហើយក្នុងករណីដែលក្រុមហ៊ុនចំណាយពេល ដើម្បីដំណើរការខ្សែច្រវាក់ផលិតឡើងវិញ ក៏ត្រូវតែគិតគូរក្នុងការផ្ដល់អត្ថប្រយោជន៍ដល់កម្មករដដែល។ បើតាមប្រធានសហជីពរូបនេះ ប្រសិនបើក្រុមហ៊ុននៅតែមិនអាចដំណើរការបាន គឺត្រូវទូទាត់អត្ថប្រយោជន៍ដល់កម្មករតាមច្បាប់ដែលបានចែង។

​ការឆាបឆេះរោងចក្រផលិតស្បែកជើងយីហោ អរ ជី ហ្វ៊ូតវែរ ត្រូវបានគេសង្ស័យថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ បច្ចុប្បន្នមានក្រុមកម្មករ កម្មការិនី ធ្វើការនៅក្នុងរោងចក្រដែលរងការខូចខាតនេះ ប្រមាណ២០០០នាក់ កំពុងប្រឈមនឹងបញ្ហាការងារ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃអាចនឹងហាមឃាត់ការនាំចូលផ្លែពោតពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅឆ្នាំក្រោយ

ព័ត៌មាន
រដ្ឋាភិបាលថៃ អាចនឹងហាមឃាត់ការនាំចូលពោតពីប្រទេសជិតខាងចំនួន៣ រួមទាំងកម្ពុជា ដើម្បីដោះស្រាយការបំពុលបរិយាកាសនៅភាគខាងជើងប្រទេស បន្ទាប់ពី…

ប្រធានសមាគមអ្នកចិញ្ចឹមសត្វអះអាងថា រំហូរសាច់បង្កកប្រភេទគ្រឿងក្នុងនៅតែបន្តកើតមាន ទោះកម្ពុជាបិទការនាំចូល

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលប្រមាណមួយសប្តាហ៍ហើយ ដែលកម្ពុជា បានអនុវត្តវិធានការហាមឃាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងចូលមកទីផ្សារកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ