ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT

ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ទិញយកក្រុមហ៊ុនឥណ្ឌាធំមួយក្នុងតម្លៃជាង ៤៥០លានដុល្លារ


ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានក្រសោបទិញយកចំណែកភាគហ៊ុនប្រមាណជិត ៤២% របស់ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈ្មោះ អាវ៉ាដា (Avaada)របស់ឥណ្ឌា ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណជិត ១៥ពាន់លានបាត ឬស្មើនឹងប្រាណ ៤៥០លានដុល្លារអាមេរិក។ តំណាងក្រុមហ៊ុនថៃភីធីធី បានអះអាងថាការវិនិយោគរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឥណ្ឌាថា ជាការជួយគាំទ្រដល់គោលនយោបាយរដ្ឋាភិបាលថៃ ដែលជំរុញឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញតាមគ្រប់ទម្រង់។
ស្នាក់ការ​កណ្តាលក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT
ដោយ

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei​។

លោក អា​នុ​តា​ភុល រឹក​ភី​ប៊ុ​ន ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ភី​ធី​ធី បាន​គូសបញ្ជាក់​ថា ការ​ទិញ​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឥណ្ឌា​ខាងលើ នឹង​ជួយ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ភី​ធី​ធី នូវ​ថាមពល​កកើត​ឡើង​វិញ​ចំនួន​ជាង ៣.៧០០​មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន ក្នុង​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន ៨.០០០​មេ​ហ្គា​វ៉ា​ត់​ត្រឹម​ឆ្នាំ​២០៣០​។ លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ភី​ធី​ធី មាន​សមត្ថភាព​ផលិត​ថាមពល​កកើត​ឡើង​វិញ​ជាង ២.០០០​មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ​។

បន្ថែម​ពីលើ​នេះ តំណាង​ក្រុមហ៊ុន​ថៃ​ភី​ធី​ធី បាន​លើក​សរសើរ​ពី​ការ​វិនិយោគ​របស់​ខ្លួន​ជាមួយនឹង​ក្រុមហ៊ុន​ឥណ្ឌា​ថា ជា​ការ​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​រដ្ឋាភិបាល​ថៃ ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​លើ​គម្រោង​ថាមពល​កកើត​ឡើង​វិញ​តាម​គ្រប់​ទម្រង់​។

គួរ​ជម្រាប​ថា ក្នុង​ចំណោម​ថាមពល​ទាំង​ជាង ៣.៧០០​មេ​ហ្គា​វ៉ា​ត់ ដែល​ភី​ធី​ធី​នឹង​ទទួល​បាន​ពី​គម្រោង​ក្នុង​ប្រទេស​ឥណ្ឌា មាន​ជិត ១.៤០០​មេ​ហ្គា​វ៉ា​ត់​នឹង​ទទួល​បាន​ពី​គម្រោង ដែល​កំពុង​តែ​ដំណើរការ​ស្រាប់ ខណៈ​ដែល​ជាង​២.៣០០​មេ​ហ្គា​វ៉ា​ត់​ផ្សេង​ទៀត នឹង​ទទួល​បាន​ពី​ថាមពល​នៃ​ក​ម្រោ​ង​បន្ទះ​សូ​ឡា​ខ្នាត​យក្ស ដែល​រំពឹង​បញ្ចប់​ការ​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២២​ខាង​មុខ​។ លើស​ពី​នេះ​ទៅ​ទៀត គម្រោង​នៅ​ឥណ្ឌា​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ភី​ធី​ធី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ ៤​លាន​៣ សែន​តោន​នៃ​កាបូនឌីអុកស៊ីត​ក្នុង​មួយ​ឆ្នាំ​។

សូម​បញ្ជាក់​ថា ភី​ធី​ធី មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប្រេង​ដ៏​ធំ​នៅ​ប្រទេស​ថៃ​នោះ​ទេ នៅ​ប៉ុន្តែ​ភី​ធី​ធី បាន​និង​កំពុង​ពង្រីក​អាជីវកម្ម​ផលិត​ថាមពល​កកើត​ឡើង​វិញ​ជា​ច្រើន​ទៀត នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​អ្នកវិភាគ​ក្នុង​វិស័យ​នេះ​ជា​ច្រើន បាន​ចង្អុលបង្ហាញ​ឲ្យ​ក្រុមហ៊ុន ចាំបាច់​ត្រូវ​ចាប់ផ្តើម​អភិវឌ្ឍ​ទីផ្សារ​ក្រៅប្រទេស​ឲ្យ​បាន​ច្រើន និង​រឹង​មាំ​ជាង​នេះ ដើម្បី​ធានា​ស្ថិរភាព​របស់​ខ្លួន ដោយ​មិន​ពឹងផ្អែក​លើ​ទីផ្សារ​ក្នុងស្រុក​ច្រើន​ពេក ព្រោះថា​វា​នៅ​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​។

គួរ​រំឭក​ថា មុន​ទិញ​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឥណ្ឌា Avaada នៅ​ខែមីនា​ឆ្នាំ​២០១៩ ភី​ធី​ធី​ក៏​បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ប្រមាណ​៧០% ពី​ក្រុមហ៊ុន​ថាមពល​ក្នុងស្រុក​ថៃ​មួយ​ឈ្មោះ ថា Glow Energy ផង​ដែរ ជាមួយនឹង​ទឹកប្រាក់​៩៣​ពាន់​លាន​បាត ឬ​ស្មើនឹង​ប្រមាណ ២​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មព្រមានអនុវត្តច្បាប់ និងពិន័យ​ចំពោះអ្នករកស៊ីតាមអនឡាញមិនបាន​ចុះបញ្ជីត្រឹមត្រូវ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ក្រសួងនឹងកំណត់ពេលវេលាអនុវត្តវិធានការច្បាប់ស្តីពីពាណិជ្ជកម្មអនឡាញនិងការផាកពិន័យក្នុងពេលឆាប់…

គណៈមន្ត្រីរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកា១,៦ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
គណៈមន្ត្រីប្រទេសថៃបានសម្រេចអនុម័តទឹកប្រាក់ប្រមាណ១ពាន់ ៦រយលានដុល្លារអាមេរិក សម្រាប់ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ និង អាជីវកម្ម ដែលប៉ះពាល់ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ