ការទាមទារនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៥ ខែកក្កដា។ ប្រធានក្រុមលេខាធិការ RBC កម្ពុជារូបនេះ ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខ័ណ្ឌសីមានៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដូចមានចែងក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បើតាមក្រសួងការពារជាតិនៅក្នុងកិច្ចប្រជុំនេះដែរ ភាគីកម្ពុជា ក៏បានស្នើឱ្យភាគីថៃចូលរួមសហការក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជាការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណា ដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី។
ទន្ទឹមនេះ ភាគីកម្ពុជា ក៏បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងក្រុមលេខាធិកាដ្ឋានទាំងពីរ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន៕
អត្ថបទ ខេមបូណូមីស និងរូបភាពឯកសារ