នៅក្នុងសុន្ទរកថារបស់លោក លោក សេដ្ឋា ថាវីសីន បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា រដ្ឋាភិបាលរបស់លោកមានមហិច្ឆតាធំសម្បើម ចង់ប្រែក្លាយប្រទេសថៃ ឱ្យឈានទៅជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់ និងពិភពលោកក្នុងវិស័យសំខាន់ៗចំនួន៨ រួមមាន
ទី១, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលទសចរណ៍
រដ្ឋាភិបាលថៃនឹងប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលទេសចរណ៍ថ្នាក់តំបន់តាមរយៈការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដោយផ្ដល់ទិដ្ឋាការចូលដោយឥតគិតថ្លៃ និងដកចេញនូវច្បាប់ណា ដែលរារាំងក្រុមអ្នករៀបចំ Event អន្តរជាតិមិនឱ្យប្រើប្រាស់ប្រទេសថៃធ្វើជាមជ្ឈណ្ឌលទេសរណ៍នៅក្នុងតបន់។ លោកគូសបញ្ជាក់ថា វិស័យទេសចរណ៍បានបង្កើតប្រាក់ចំណូលដល់ពលរដ្ឋថៃ ប្រមាណ១ភាគ៣ ហើយទំហំចំណូលបានពីវិស័យទេសចរណ៍គឺមានប្រមាណ៦៤ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ឬស្មើនឹងប្រមាណ៧០% នៃថវិកាជាតិប្រចាំឆ្នាំរបស់ប្រទេសនេះ។
ទី២, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលព្យាបាលវេជ្ជសាស្ត្រ
ពាក់ព័ន្ធបញ្ហានេះ រដ្ឋាភិបាលថៃ នឹងជួយគាំទ្រការអភិវឌ្ឍនៃឧស្សាហកម្មវេជ្ជសាស្ត្រដើម្បីប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលថែទាំវេជ្ជសាស្ត្រមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ពិភពលោក ខណៈដែលទេសចរណ៍វេជ្ជសាស្ត្ររកប្រាក់ចំណូលបានជាង១ពាន់១រយលានដុល្លារអាម៉េរិក សម្រាប់ប្រទេសនេះកាលពីឆ្នាំ២០២៣។
ទី៣, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលកសិកម្ម និងចំណីអាហារ
រដ្ឋាភិបាលរបស់ថៃប្តេជ្ញានឹងប្រែក្លាយប្រទេសថៃទៅជាផ្ទះបាយរបស់ពិភពលោក ហើយនឹងមានសមត្ថភាពអាចនាំចេញអាហារកំប៉ុងទៅពាសពេញពិភពលោក ហើយទន្ទឹមនេះនឹងពង្រីកប្រព័ន្ធធារាសាស្ត្រ ដើម្បីស្រោចស្រពផ្ទៃដីកសិកម្ម៦,៤លានហិកតា ដើម្បីធានាថា ប្រទេសថៃ នឹងមានសមត្ថភាពផលិតស្បៀងអាហារគ្រប់គ្រាន់សម្រាប់ពិភពលោក។
ទី៤, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលអាកាសចរណ៍
លោក ថាវីស៊ីន បាននិយាយថា ទីតាំងភូមិសាស្ត្រអំណោយផលរបស់ប្រទេសថៃ គឺជាចំណុចខ្លាំងមួយដែលជួយឱ្យប្រទេសថៃអាចក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍សម្រាប់តំបន់ ហើយថា រដ្ឋាភិបាលរបស់លោក នឹងអភិវឌ្ឍសមត្ថភាពអាកាសយានដ្ឋានដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពហោះហើរឆ្លងកាត់ ដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍នានាប្រើប្រាស់ប្រទេសថៃ សម្រាប់ការហោះហើរទៅកាន់បណ្ដាប្រទេសជិតខាង។
ទី៥, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្ម
រដ្ឋាភិបាលថៃ មានកម្មវិធីគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសចរ ដើម្បីឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មថ្នាក់តំបន់។ ក្រៅពីការជួសជុលកែលម្អអាកាសយានដ្ឋាននានា រដ្ឋាភិបាលក៏នឹងពង្រីកផ្លូវថ្នល់ទូទាំងប្រទេសផងដែរ។
ទី៦, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលផលិតរថយន្តនាថ្ងៃអនាគត
រដ្ឋាភិបាលរបស់លោក ថាវីស៊ីន មានគោលដៅប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលផលិតរថយន្តនាថ្ងៃអនាគត ជាមួយនឹងគោលបំណងទាក់ទាញការវិនិយោគបរទេសឱ្យឈានដល់ប្រមាណកក្បែរ៣០ពាន់លានដុល្លារអាម៉េរិក ហើយថា រដ្ឋាភិបាលរបស់លោកបានជជែកជាមួយក្រុមហ៊ុនផលិតរថយន្តធំៗជាង១០រួចហើយ ហើយពួកគេបានព្រមព្រៀងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារអាម៉េរិកនៅក្នុងប្រទេសថៃ។
ទី៧, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល
រដ្ឋាភិបាលថៃនឹងជួយគាំទ្រដល់ការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ហើយនឹងផ្ដល់បុព្វសិទ្ធវិនិយោគសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ ដើម្បីបើករោងចក្រផលិតបន្ទះឈីប ឬបើកមជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅក្នុងប្រទេសថៃ ដើម្បីសម្រួលដល់វិស័យ Cloud Computing។
ទន្ទឹមនេះរដ្ឋាភិបាលថៃ ក៏នឹងជួយគាំទ្រក្រុមហ៊ុនទាំងនេះពង្រីកការវិនិយោគរបស់ពួកគេមកកាន់បណ្ដាប្រទេសជិតខាង ហើយក៏នឹងជួយគាំទ្រដល់ Start-ups បច្ចេកវិទ្យាជាន់ខ្ពស់របស់ថៃផងដែរ។
និងទី៨, ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ
រដ្ឋាភិបាលថៃមានគោលដៅប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសម្រាប់អាស៊ីអាគ្នេយ៍ ហើយថា រដ្ឋាភិបាលថៃ នឹងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំមួយ ហើយនឹងទាក់ទាញបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភពលោកឱ្យមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ ដើម្បីបង្កើតសង្កាត់ហិរញ្ញវត្ថុ Wall Street ប្រចាំតំបន់អាស៊ាន ឬ Asean Wall Street៕
ដោយ: តែម សុខុម