
ក្នុងអំឡុងថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានទទួលស្គាល់ថា សេដ្ឋកិច្ចរបស់ថៃ បានដើរយឺតជាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដោយចាត់ទុករឿងនេះថា ជាសុបិនអាក្រក់បំផុតរបស់លោក ព្រោះលោកមិនដែលនឹកស្រមៃដល់ថា សេដ្ឋកិច្ចថៃនឹងរីកចម្រើនយឺតជាងសេដ្ឋកិច្ចរបស់ប្រទេសណាមួយនៅក្នុងតំបន់ឥណ្ឌូចិន នោះឡើយ។
លោកបានលើកឡើងក្នុងសម្រង់សម្តីដើមថា៖«យើងត្រូវតែធ្វើការរួមគ្នា ព្រោះវាមិនហួសពីសមត្ថភាពរបស់យើងនោះទេ។ កាលពីអតីតកាល យើងជាសេដ្ឋកិច្ចឈានមុខគេ ហើយដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃវិស័យឧស្សាហកម្ម និងកសិកម្ម និងសង្គមថៃទាំងមូល ខ្ញុំមានការជឿជាក់ថា យើងអាចសម្រេចបាននូវកំណើនសាជាថ្មី ខណៈដែលសេដ្ឋកិច្ចថៃនៅតែមានភាពរឹងមាំ»។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក អេកនីទិ នីទិថានប្រាផាស (Ekniti Nitithanprapas) បាននិយាយនៅក្នុងព្រឹត្តិការណ៍ដដែលនេះថា ប្រសិនបើសេដ្ឋកិច្ចថៃ មិនស្ទុះឡើងអំឡុងអាណត្តិរបស់រដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក អនុទីន ឆានវីរៈគុល ទេនោះ វាអាចបណ្តាលឱ្យសេដ្ឋកិច្ចថៃ ដាំក្បាលចុះកាន់តែធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ រូបនេះ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ សម្រេចបានកំណើន ៣% នៅឆមាសទី១ ឆ្នាំ២០២៥ នេះ ដោយនៅត្រីមាសទី៣ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន១,៧% និងត្រីមាសទី៤ អាចនឹងសម្រេចបានកំណើនត្រឹម០,៣% ប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោក អនុទីន ឆានវីរៈគុល មានអាណត្តិត្រឹមតែ៤ខែប៉ុណ្ណោះ ដើម្បីដោះស្រាយរឿងនេះ៕
ដោយ: តែម សុខុម