![នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យពិនិត្យឡើងវិញ លើការហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង ២- ៥រសៀល](https://cdn.cambonomist.com/media/images/thailand_beer.2e16d0ba.fill-960x540.jpg)
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក Jirayu Houngsub បាននិយាយថា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាឲ្យពិនិត្យឡើងវិញលើការហាមឃាត់ដែលបានអនុវត្តមក ៥៣ឆ្នាំមកហើយនោះ ដើម្បីធ្វើឲ្យមានភាពសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច-សង្គមបច្ចុប្បន្ន។
ទោះយ៉ាងណា ការហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង ២ដល់ម៉ោង៥រសៀលនេះ មិនបានគ្របដណ្ដប់ លើក្នុងច្បាប់គ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុលនោះទេ។ ពោលគឺ បទប្បញ្ញត្តិមួយនេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ នៅក្នុងក្រឹត្យមួយរបស់របបរដ្ឋប្រហារលោក Thanom Kittikachorn នៅក្នុងឆ្នាំ ១៩៧២ ដើម្បីដោះស្រាយបញ្ហាមន្ត្រី ដែលផឹកស្រានៅអំឡុងពេលធ្វើការងារ ហើយតាំងពីពេលនោះមក គេមិនដែលបារសើរើពិនិត្យឡើងវិញលើបទប្បញ្ញត្តិនេះឡើយ។
ក្រុមធុរជនជាច្រើនបានអំពាវនាវឲ្យរាជរដ្ឋាភិបាលលុបចោលបម្រាមនេះ ដោយសារតែវាហួសសម័យ ហើយពួកគេក៏មានការយល់ស្របអំពី ការធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការគ្រប់គ្រងភេសជ្ជៈមានជាតិស្រវឹងផងដែរ។
សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងភេសជ្ជៈមានជាតិស្រវឹង ត្រូវបានអនុម័តរួចហើយ ដោយគណៈកម្មាធិការពិសេសរបស់រដ្ឋសភា ហើយកំពុងស្ថិតក្នុងជំហានបន្ទាប់ នៃការបញ្ជូនទៅឲ្យសភាតំណាងរាស្ត្រពិនិត្យបន្ដ។
លោកស្រី ផែថុងថាន បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ថា ក្រុមអ្នករកស៊ីមានការត្អូញត្អែរថា ការរឹងបន្ដឹងលើការលក់ភេសជ្ជៈមានជាតិស្រវឹង បានបង្កជាឧបសគ្គដល់ការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោកស្រីបានស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឡើងវិញអំពីការហាមប្រាមពេលរសៀល ក៏ដូចជាការហាមឃាត់ការ លក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យព្រះពុទ្ធសាសនា ដើម្បីមើលថា តើវាប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងដូចម្តេច។
ការលក់គ្រឿងស្រវឹងក្នុងប្រទេសថៃក៏ត្រូវបានហាមឃាត់ផងដែរ នៅថ្ងៃបោះឆ្នោតដោយចាប់ផ្តើមនៅល្ងាចមុនការបោះឆ្នោតប្រកាសលទ្ធផល។
ទោះយ៉ាងណា លោកស្រី ផែថុងថាន បានសង្កត់ធ្ងន់ថា ការរឹតបន្ដឹងទាក់ទងនឹងការហាមឃាត់យុវជនវ័យក្មេងសេពគ្រឿងស្រវឹង ក៏នៅតែជាកត្តាចាំបាច់ដែលត្រូវពិចារណាដោយយកចិត្តទុកដាក់ដែរ។