ក្រោមកតិកាសញ្ញាការពារជាតិ ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំមុន តម្រូវឱ្យប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ត្រូវតែផ្ដល់ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកជាដាច់ខាត ក្នុងករណីមានការវាយប្រហារណាមួយពីខាងក្រៅ។ ជាក់ស្តែងប៉ាគីស្ថាន បានបញ្ជូនយន្តហោះចម្បាំងចំនួន១៦គ្រឿង ដែលភាគច្រើនជាប្រភេទយន្តហោះប្រដេញ JF-17 ដែលផលិតរួមគ្នារវាងចិន និងប៉ាគីស្ថាន រួមជាមួយកងទ័ពចំនួន ៨,០០០នាក់ និង ដ្រូនជាច្រើនគ្រឿងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត។នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លើសពីនេះ ប៉ាគីស្ថាន ថែមទាំងបានសន្យាថា ប្រសិនបើក្នុងករណីចាំបាច់ ខ្លួននឹងបញ្ជូនកម្លាំងបន្ថែមទៀត រួមទាំងប្រព័ន្ធការពារដែនអាកាស HQ-9 របស់ចិន ទៅឱ្យប្រទេសនេះបន្ថែមទៀត។ នេះជាការបញ្ជូនកម្លាំងអន្តរាគមន៍ដ៏ធំមួយ និងមានសក្ដានុពលប្រយុទ្ធខ្ពស់សម្រាប់ជួយកងយោធាអារ៉ាប៊ីសាអូឌីត។
គួររំឮកថា ប៉ាគីស្ថានធ្លាប់បានបញ្ជូនយន្តហោះចម្បាំងទៅកាន់អារ៉ាប៊ីសាអូឌីតមួយលើករួចមកហើយ បន្ទាប់ពីភាគីអ៊ីរ៉ង់ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ ដែលបណ្ដាលឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត ម្នាក់បាត់បង់ជីវិត។ ក្រោយមក អារ៉ាប៊ីសាអូឌីត ក៏បានបើកការវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញជាច្រើនលើក ប៉ុន្តែមិនបានប្រកាសជាសាធារណៈឡើយ។ ជាមួយគ្នានេះ ទីក្រុងរីយ៉ាដ ជានិច្ចកាល ក៏តែងតែផ្តល់ជំនួយហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចប៉ាគីស្ថានជួបវិបត្តិធ្លាក់ចុះខ្លាំងកន្លងមក៕
អត្ថបទៈ សួន ឡង់ទី