លោកស្រី Narumon បាននិយាយនៅថ្ងៃសុក្រទី ១៧ មករានេះ ថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មិនអនុញ្ញាតឲ្យប្រើឈ្មោះរបស់គាត់ ឬត្រកូល ដើម្បីទៅឈ្មោះស្ពាននានា ឬសម្បត្តិរដ្ឋផ្សេងៗទៀតនោះទេ។
លោកស្រី Narumon បានលើកឡើងពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ យ៉ាងដូច្នេះថា «ខ្ញុំមិនដែលអនុញ្ញាតឲ្យអ្នកដទៃ ប្រើឈ្មោះខ្ញុំ ឬត្រកូលរបស់ខ្ញុំ សម្រាប់យកទៅប្រើលើអ្វីដែលបានសាងសង់ដោយប្រើលុយមូលនិធិរបស់រដ្ឋណាមួយនោះទេ។ មនុស្សគួរតែត្រូវបានចងចាំនូវអ្វីដែលពួកគេបានធ្វើ មិនមែនឈ្មោះកន្លែងណាមួយនោះទេ»។
ការកើតឡើងនូវការមិនពេញចិត្តរបស់នាយករដ្ឋមន្ត្រីថៃ ចំពោះឈ្មោះស្ពាននេះ គឺធ្វើឡើងក្រោយពីមន្ត្រីរដ្ឋាភិបាល បានលើកឡើងនូវគំនិតថា សាងសង់ស្ពាននេះ ដោយក្រោយបញ្ចប់ចង់ស្នើឲ្យដាក់ឈ្មោះប្រើឈ្មោះនាយករដ្ឋមន្ត្រីថៃ ដើម្បីដាក់ឈ្មោះ សម្រាប់ស្ពាននោះតែម្ដង។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលថៃ បាននិយាយថា នាយករដ្ឋមន្ត្រី មិនបានដឹងអំពីបញ្ហានេះទេ ដែលមន្ត្រីរដ្ឋាភិបាល ដែលបានស្នើសុំដាក់ឈ្មោះស្ពាននេះ មិនបានពីគ្រោះជាមួយគាត់លើសំណើនេះជាមុននោះទេ។
ទោះយ៉ាងណាលោក ប្រាយុទ្ធបានបើកទូលាយដល់ក្រសួងដឹកជញ្ជូនធ្វើការសិក្សាអំពីលទ្ធភាព នៃការកសាងស្ពាន និងផលប៉ះពាល់របស់វាទៅលើសហគមន៍មូលដ្ឋាននិងបរិស្ថាន៕