
នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ប្រធានបក្សភូមិចៃថៃ បានអះអាងថា លោកទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បន្ទាប់ពីទទួលបានការគាំទ្រពីក្រុមសមាជិកសភាដ៏ធំបំផុត។ ទន្ទឹមនេះលោក ណាត់ថាភុង រឿងប៉ានីយ៉ាវុត (Natthaphong Reungpanyawut) ប្រធានបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅថៃនិយាយថា នាយករដ្ឋមន្ត្រីថ្មីត្រូវរំលាយសភាក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ មេបក្សប្រឆាំងរូបនេះ បានគូសបញ្ជាក់បន្ថែមថា គ្មានសមាជិកណាម្នាក់នៃបក្សប្រជាជនថៃ នឹងទទួលយកមុខតំណែងនៅក្នុងជួរគណៈរដ្ឋមន្ត្រីថៃ នោះឡើយ។
ជាមួយគ្នានេះ ក្រុមមេដឹកនាំគណបក្សភឿថៃ ដែលជាបក្សកាន់អំណាចរួមទាំងលោក ភុមថាម វីឆាយ៉ាឆៃ ដែលបានព្យាយាមរារាំងមិនឱ្យលោក អានុទីន ឆានវីរៈគុល ក្លាយជានាយកករដ្ឋមន្ត្រីថ្មីតាមរយៈការដាក់ញត្តិថ្វាយព្រះហាក្សត្រ ដើម្បីស្នើសុំរំលាយសភានោះ បានបង្ហាញមុខក្នុងវីដអូបង្ហោះលើហ្វេសប៊ុកដោយបញ្ជាក់ជំហរថា គណបក្សភឿថៃ យល់ព្រមតាមសំណើទាំងអស់របស់បក្សប្រជាជនថៃ ដែលជាបក្សប្រឆាំង។
សូមបញ្ជាក់ថា បក្សប្រជាជនថៃ និងបក្សភូមិចៃថៃ បានព្រមព្រៀងគ្នា៥ចំណុច ដើម្បីឱ្យលោក អានុទីន ឆានវីរៈគុល អាចក្លាយជានាយករដ្ឋមន្រ្តីថ្មី រួមមាន៖ ទី១, រំលាយសភាក្នុងរយៈពេល៤ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី។ ទី២, បើតុលាការធម្មនុញ្ញសម្រេចថា ចាំបាច់ត្រូវមានការធ្វើប្រជាមតិមុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០២៧ គណៈរដ្ឋមន្រ្តីរបស់លោក អានុទីន នឹងត្រូវរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មី។ ទី៣, ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ពុំចាំបាច់មានការធ្វើប្រជាមតិទេនោះ សេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងត្រូវរៀបចំឡើងឱ្យឆាប់ៗ ដើម្បីចាប់ផ្តើមនិតីវិធីព្រាងរដ្ឋធម្មនុញ្ញថ្មី។ ទី៤, បក្សភូមិចៃថៃ មិនត្រូវធ្វើសកម្មភាព ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនឡើយ និងទី៥, បក្សប្រជាជនថៃនឹងនៅបន្តធ្វើជាបក្សប្រឆាំង ដើម្បីពិនិត្យតាមដានសកម្មភាពរដ្ឋាភិបាលថ្មី ដោយពុំមានសមាជិកណាមួយទទួលបានតំណែងជារដ្ឋមន្រ្តីនោះទេ៕
ដោយ: តែម សុខុម