ទន្ទឹមនឹងនេះ ថៃក៏នៅតែបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការនាំចូលទំនិញជាច្រើនប្រភេទមកដាក់តាំងលក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃនៅកម្ពុជា។
ពលរដ្ឋខ្មែរមួយចំនួនតែងតែនិយមចូលចិត្តប្រើប្រាស់ផលិតផលថៃ ដោយបានអះអាងថា ផលិតផលថៃមានគុណភាពល្អ និងមានតម្លៃសមរម្យ។ កម្ពុជាគឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់ថៃ។ ហើយកម្ពុជាមានតម្រូវការខ្ពស់លើទំនិញឧស្សាហកម្ម និងទំនិញមូលដ្ឋានផ្សេងទៀត។
ថៃបាននាំចេញទំនិញជាច្រើនប្រភេទមកកម្ពុជា ដូចជា ម្ហូបអាហារ ផលិតផលកសិកម្ម ទេសចរណ៍ គ្រឿងសំអាង ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកម្ពុជាជាទីផ្សារដ៏សំខាន់របស់ពាណិជ្ជករថៃក្នុងការនំាចេញទំនិញគ្រប់ប្រភេទមកចរាចរណ៍នៅទីនេះ។
លោកបញ្ជាក់ថា កម្ពុជាជាប្រទេសជិតខាងនិងជាដៃគូពាណិជ្ជកម្មដ៏ល្អរបស់ថៃ។ ហើយកម្ពុជាជាប្រទេសមួយអំណោយផលដល់ពួកយើងក្នុងការនាំចូលផលិតផលល្អៗជាច្រើន។
កម្ពុជាចំណេញតិចតួចប៉ុណ្ណោះពីការធ្វើពាណិជ្ជកម្មជាមួយថៃ?
យោងតាមទិន្នន័យពីស្ថានទូតថៃប្រចំានៅកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃកាលពីឆ្នាំ២០១៦ សម្រេចបានទឹកប្រាក់ ៥ពាន់៦០០លានដុល្លារ ពោលគឺមានការថយចុះ៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជុំវិញទៅនឹងការថយចុះនេះ លោក ជីរ៉ាវុឍ សុវណ្ណអាត បញ្ជាក់ថា ការថយចុះនេះបណ្តាលមកពីមានអ្នកវិនិយោគទុនថៃ និងពាណិជ្ជករថៃមួយចំនួនបានមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ហើយបានផលិតទំនិញ មួយចំនួនដែលឆ្លើយតបទីផ្សារកម្ពុជា។
បើទោះបីជាទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទំាងពីរមានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែ កម្ពុជាហាក់បីដូចជាទទួលបានទឹកប្រាក់តិចតួចពីទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំខាន់ៗទៅទីផ្សារថៃ ដែលមានតម្លៃទឹកប្រាក់ ៩៣៦លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាក្នុងទឹកប្រាក់ ៤ពាន់៧០០លានដុល្លារ។ ដូច្នេះបើមើលពីទំហំទឹកប្រាក់រវាងប្រទេសទំាងពីរឃើញថា កម្ពុជាចំណេញតិចតួចណាស់។
កាលពីឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាកម្ពុជា ថៃ កើនឡើង ៥ពាន់លានដុល្លារអាមេរិក។ ថៃបានរៀបចំគោលនយោបាយនាំចេញរបស់ខ្លួនជាថ្មី ដោយងាកទៅរកតំបន់អាស៊ីវិញ ជាពិសេស ប្រទេសជិតខាងដូចជា កម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា និងមីយ៉ាន់ម៉ា ដែលត្រូវការទំនិញថៃ មានប្រមាណ ៦៥លាននាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មធ្លាប់បានមើលឃើញថា ការតំាងពិព័រណ៌ថៃនៅកម្ពុជា បានបង្ហាញឱ្យឃើញពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ថៃមានភាពកាន់តែប្រសើរ ជាពិសេស ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ដូច្នេះ តាមរយៈការបង្កើតព្រឹត្តការណ៍តាំងពិព័រណ៍ពាណិជ្ជកម្ម ថៃនិងកម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងកាន់តែមានការកើនឡើងថែមទៀត៕