លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ការប្រកាសក្ស័យធនមិនមែនជាអាវក្រោះសម្រាប់លុបលាងបំណុល ឬគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់នោះឡើយ។ អាជ្ញាធរមានសមត្ថកិច្ចដាច់ខាតមិនត្រូវបណ្តែតបណ្តោយឱ្យករណីនេះរួចផុតពីសំណាញ់ច្បាប់ឡើយ បើពុំនោះទេវានឹងបង្កើតជាទម្លាប់អាក្រក់ ឬជារូបមន្តជំនួញបោកប្រាស់ ដែលបន្សល់ទុកតែការឈឺចាប់ និងការខាតបង់ដល់ប្រជាពលរដ្ឋស្លូតត្រង់។ សម្រាប់អ្នកជំនាញរូបនេះ ករណីរបស់លោក ឡេង ណាវ៉ាត្រា គឺជាមេរៀនដែលតម្រូវឱ្យរដ្ឋអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងពិនិត្យឱ្យបានហ្មត់ចត់លើអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ស្ថិតក្នុងស្ថានភាពនេះអ្នកវិនិយោគពុំគួរលោភលន់ខ្លាំងពេកនោះទេ និងត្រូវចេះវាយតម្លៃពីហានិភ័យឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងបញ្ហាប្រឈមនានា។
ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិកត់សម្គាល់ឃើញថា អ្នកវិនិយោគមួយចំនួនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ពុំមានទុនបម្រុងច្បាស់លាស់នោះទេ តែពួកគេបានពឹងផ្អែកលើលំហូរប្រាក់បង់រំលោះពីអតិថិជន ដើម្បីយកទៅបង្វិលលើកិច្ចការផ្សេងទៀត។ ការណ៍នេះ វានឹងបង្កើតជាបញ្ហាប្រឈមនៅពេលសេដ្ឋកិច្ចមានការប្រែប្រួល ដែលធ្វើឱ្យគម្រោងត្រូវជាប់គាំង និងធ្វើឱ្យមានវិបត្តិទំនុកចិត្ត និងឈានទៅប៉ះពាល់ដល់ស្ថិរភាពក្នុងវិស័យអចលនទ្រព្យទាំងមូល។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានចាត់ទុកការប្រកាសក្ស័យធនរបស់លោក ឡេង ណាវ៉ាត្រា វាជាមេរៀនសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនាពេលអនាគត។ ទន្ទឹមនេះ លោកបណ្ឌិតបានផ្ដល់ជាទស្សនៈថា ដើម្បីបង្កាហានិភ័យនានាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវមានទុនបម្រុងដាច់ដោយឡែក, ចៀសវាងប្រើប្រាស់បំណុលបណ្ដោះអាសន្ន, ការអនុវត្តគម្រោងជាដំណាក់កាលឱ្យមានលទ្ធផល, ការរៀបចំផែនការបម្រុង និងរៀបចំតម្លាភាពសេដ្ឋកិច្ចផ្នែកហិរញ្ញវត្ថុ។
គួរបញ្ជាក់ថាលោក ឡេង ភត្រា ដែលគេស្គាល់ថា ឡេង ណាវ៉ាត់ត្រា បានបង្ហោះសារសារភាពនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ថា លោកសុខចិត្តប្រគល់ទ្រព្យសម្បត្តិគ្រួសារទាំងអស់រួមទាំងដីធ្លី និងយានយន្តជូនក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ដើម្បីចាត់ចែងដោះស្រាយ គម្រោង 6A ដែលកំពុងជាប់គាំង។ លោកបានទម្លាយថា គម្រោងនេះប្រមូលប្រាក់ពីការលក់បានប្រមាណ១៨៥លានដុល្លារ ប៉ុន្តែការចំណាយជាក់ស្តែងបានស្ទុះឡើងដល់២២១លានដុល្លារ ហើយលោកត្រូវការថវិកាបន្ថែមរហូតដល់២០ទៅ ៣០លានដុល្លារទៀតទើបអាចបញ្ចប់បាន។ ម្ចាស់គម្រោងរូបនេះបានទទួលស្គាល់កំហុសឆ្គងដ៏ធ្ងន់ធ្ងរពីរ គឺការសាងសង់យឺតយ៉ាវ និងការជំពាក់បំណុល ព្រមទាំងបានស្នើសុំការយោគយល់ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ខណៈខ្លួនប្រកាសត្រៀមប្រឈមមុខផ្លូវច្បាប់៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ