ការិយាល័យឥណទានជាតិថៃ (NCB) បញ្ជាក់ថា ទំហំសរុបនៃបំណុលពលរដ្ឋនៅតែមានស្ថិរភាពក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ក៏មានភាពប្រសើរឡើងបន្តិចផងដែរ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា បញ្ហាធំបំផុតនៅពេលនេះមិនមែនជាទំហំបំណុលទៀតឡើយ ប៉ុន្តែគឺជាគុណភាពបំណុល និងការកើនឡើងនៃការរៀបចំឥណទានឡើងវិញ។
ក្តីបារម្ភធំបំផុតមួយគឺ ឥណទានមិនដំណើរការ ឬបំណុលដែលហួសកាលកំណត់សងត្រលប់លើសពី ៩០ថ្ងៃ ដោយនៅត្រីមាសទី១ឆ្នាំនេះ ឥណទានមិនដំណើរការមានអត្រា៩,៣%។ ទោះបីជាធ្លាក់ចុះបន្តិចពីឆ្នាំមុនក៏ដោយ ក៏វានៅតែបង្ហាញថា ពលរដ្ឋថៃជាច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ការរៀបចំឥណទានឡើងវិញបានកើនលើស១០% ដែលនេះបង្ហាញថា អ្នកខ្ចី ឬកូនបំណុលជាច្រើនកំពុងពឹងផ្អែកលើការកែសម្រួលលក្ខខណ្ឌសងប្រាក់ ដើម្បីជៀសវាងការខកខានសងបំណុល។
និន្នាការគួរឱ្យព្រួយបារម្ភមួយទៀត គឺការកើនឡើងយ៉ាងខ្លាំងនៃចំនួនគណនីប្រាក់កម្ចី។ បច្ចុប្បន្ន ប្រទេសថៃមានគណនីប្រាក់កម្ចីសរុបជិត៩៩លានគណនី ដែលមានន័យថា អ្នកខ្ចីម្នាក់ៗមានគណនីកម្ចីជាមធ្យមប្រមាណ៤ ឬនិយាយឱ្យងាយយល់ គឺមនុស្សម្នាក់ខ្ចី៤បុងផ្សេងគ្នា។ ទន្ទឹមនេះ ប្រាក់កម្ចីធំៗដូចជាកម្ចីទិញរថយន្តជាដើមកំពុងថយចុះ ខណៈប្រាក់កម្ចីខ្នាតតូចដូចជា កម្ចីផ្ទាល់ខ្លួន និងឥណទានទិញមុនសងតាមក្រោយ ដែលជាទម្រង់កម្ចីបង់រំលស់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
ទន្ទឹមនេះគុណភាពបំណុល ក៏កាន់តែអាក្រក់ទៅផងដែរ។ ជាក់ស្តែងប្រាក់កម្ចីបង់រំលស់សម្រាប់ការទិញទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកមានអត្រាយឺតយ៉ាវក្នុងការសងត្រលប់ជិត២០% ដែលបង្ហាញថា សូម្បីតែបំណុលតូចៗ ក៏កំពុងក្លាយជាបន្ទុកធ្ងន់សម្រាប់គ្រួសារថៃជាច្រើន។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងកម្ចីអនឡាញដែលងាយស្រួលបានជំរុញឱ្យការខ្ចីប្រាក់ខ្នាតតូចកើនឡើងយ៉ាងឆាប់រហ័ស។ នេះមានន័យថា ហានិភ័យលែងផ្តោតលើបំណុលធំៗរបស់មនុស្សមួយចំនួនទៀតហើយ ប៉ុន្តែវាកំពុងរាលដាលទៅដល់មនុស្សរាប់លាននាក់ ដែលកំពុងជាប់បំណុលតូចៗជាច្រើនក្នុងពេលតែមួយ។ ការិយាល័យឥណទានជាតិថៃព្រមានថា បញ្ហាបំណុលរបស់ប្រទេសថៃនៅពេលនេះមិនមែនស្ថិតនៅលើចំនួនបំណុលប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការរីករាលដាលនៃប្រាក់កម្ចីខ្នាតតូច ដែលកំពុងក្លាយជាហានិភ័យថ្មីសម្រាប់សេដ្ឋកិច្ច និងសង្គមថៃទាំងមូល៕
ដោយ: តែម សុខុម