ទស្សនាវដ្តី The Diplomat បានរាយការណ៍ថា មូលដ្ឋានគ្រឹះនៃជីវិត និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងអាងទន្លេមេគង្គ កំពុងរងការបំពុលដោយស្ងាត់ៗ។ សកម្មភាពជីកយករ៉ែកម្រ និងរ៉ែមាសខុសច្បាប់យ៉ាងអនាធិបតេយ្យនៅក្នុងរដ្ឋសាន ភាគខាងកើតប្រទេសមីយ៉ាន់ម៉ាបានបង្ហូរជាតិពុលចូលទៅក្នុងទន្លេឆ្លងដែន បន្ទាប់មកហូរកាត់ភាគខាងជើងប្រទេសថៃ មុននឹងធ្លាក់ចូលទៅក្នុងដងទន្លេមេគង្គ ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាប្រភពទឹកប្រើប្រាស់របស់មនុស្សរាប់សិបលាននាក់។
លោកវេជ្ជបណ្ឌិត ស៊ឺបសាគុន គីតនូខន អ្នកវិទ្យាសាស្ត្របរិស្ថានជនជាតិថៃបានព្រមានថា សារធាតុលោហៈដ៏មានគ្រោះថ្នាក់ ដូចជាសំណ និងអាសេនិក បានជ្រាបចូលទៅក្នុងដីល្បាប់ខ្សាច់តាមដងទន្លេមេគង្គក្នុងកម្រិតខ្ពស់គួរឱ្យបារម្ភ។ ជាតិពុលទាំងនេះមិនត្រឹមតែបំផ្លាញគុណភាពទឹកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងជ្រាបចូលទៅក្នុងខ្សែច្រវាក់អាហារធម្មជាតិដូចជាពពួកត្រី និងរុក្ខជាតិជាដើម ដែលនឹងបង្កជាផលវិបាកសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល។
ទាក់ទិននឹងវិបត្តិនេះគណៈកម្មាការទន្លេមេគង្គបានបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា វត្តមានសារធាតុអាសេនិកនៅក្នុងទឹក និងដីល្បាប់ទាមទារឱ្យមានការតាមដានយ៉ាងម៉ឺងម៉ាត់បំផុត។ ងាកមកមើលប្រទេសកម្ពុជាដែលស្ថិតនៅខ្សែទឹកខាងក្រោម និងជាប្រទេសសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើម នៃបឹងទន្លេសាប ក៏កំពុងឈរនៅលើបន្ទាត់ក្រហម នៃក្តីបារម្ភនេះផងដែរ។ លោក កាំង វិញទៀង មន្ត្រីស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានអះអាងថា ទោះបីជាកម្ពុជាមានសមត្ថភាពពេញលេញក្នុងការធ្វើតេស្ត និងវិភាគរកសារធាតុបំពុលក៏ដោយ ប៉ុន្តែក្តីបារម្ភធំបំផុត គឺរលកធាតុពុល ដែលហូរធ្លាក់ពីប្រទេសខ្សែទឹកខាងលើដូចជាមីយ៉ាន់ម៉ា ថៃ និងចិន។
ទោះជាយ៉ាងណាដំណោះស្រាយឆ្លងដែននេះកំពុងជួបភាពទាល់ច្រក។ ចាប់តាំងពីវិវាទព្រំដែនបានផ្ទុះឡើងកាលពីចុងឆ្នាំមុនមក ចរន្តជាតិនិយមជ្រុលនៅលើបណ្តាញសង្គមទាំងនៅក្នុងប្រទេសថៃ និងកម្ពុជាបានរុញច្រានឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីធ្លាក់ចុះដល់ចំណុចសូន្យ។ លោកសាស្ត្រាចារ្យ កាំង វិញទៀង បានសង្កត់ធ្ងន់ថា ការបំពុលទឹកទន្លេមេគង្គមិនមែនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ វាជាវិបត្តិឆ្លងដែនកម្រិតតំបន់ ពោលគឺកម្ពុជាមិនអាចដោះស្រាយវាតែម្នាក់ឯងបានទេ បើគ្មានការចាប់ដៃគ្នាពីគ្រប់រដ្ឋជាសមាជិក។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ប្រទេសតែមួយគត់ដែលមានឥទ្ធិពល និងសមត្ថភាពពេញលេញក្នុងការកាត់ផ្តាច់ប្រភពពុលនៅរដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា គឺប្រទេសចិន។ មូលហេតុ គឺដោយសារតែអណ្តូងរ៉ែកម្រទាំងនោះ មិនត្រឹមតែត្រូវបានវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែតំបន់នោះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យទាំងស្រុងពីសំណាក់កងទ័ពរដ្ឋវ៉ា ដែលជាកងកម្លាំងតំណាងដ៏មានឥទ្ធិពលរបស់ទីក្រុងប៉េកាំង៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស