
បើតាមការអះអាងរបស់ក្រសួងការពារជាតិកម្ពុជា កងទ័ពល្មោភសង្គ្រាមរបស់ថៃ បានបាញ់មកលើកម្ពុជា ចំនួនពីរលើកនៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
សារព័ត៌មានថៃ Khaosod English បានរាយការណ៍ថា បញ្ជាការដ្ឋានកងទ័ពជើងគោកភូមិភាគ២របស់ថៃ បានព្យាយាមលើកឡើងលាងសម្អាតខ្លួនទាំងល្ងីល្ងើថា កងទ័ពកម្ពុជា បានប្រើកាំភ្លើងយន្ត និងគ្រាប់បែកដៃវាយប្រហារលើខ្លួនទាំងខ្លួនជាអ្នកបាញ់មកលើកម្ពុជា ហើយរាយកាមេរ៉ាតាមដានសកម្មភាព ដើម្បីរាយការណ៍បង្វែរស្ថានការណ៍ទៅក្រុមអ្នកសង្កេតការណ៍អន្តរកាល។ ទន្ទឹមនឹងព្យាយាមបង្វែរស្ថានការណ៍ បញ្ជាការដ្ឋានកងទ័ពជើងគោកភូមិភាគ២ថៃ ក៏បន្តចោទប្រកាន់កម្ពុជា ថា បានរៀបចំព្រឹត្តិការណ៍ ដើម្បីប្រើប្រាស់ជាភស្តុតាងប្តឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់តាមសេចក្តីប្រកាសជាចំហថា ភាគីថៃ បានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃ បែរជាមកចោទកម្ពុជា ថា បានផ្ទុះអាវុធមុនទៅវិញ។ លោកស្រីបានចាត់ទុកសកម្មភាពរបស់កងទ័ពថៃ បានបង្ហាញយ៉ាងច្បាស់ក្រឡែតថា ថៃ បានរំលោភលើបទឈប់បាញ់ និងអាចធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ ហើយកម្ពុជាក៏បានស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ានចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានា ដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជា ឱ្យបានហ្មត់ចត់បំផុត ជាពិសេសប្រភេទគ្រាប់ដែលបានបាញ់ និងទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញ សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរ។ ជាមួយគ្នានេះ កម្ពុជា ក៏ស្នើឱ្យភាគីថៃ បង្ហាញឆន្ទៈដូចគ្នានេះផងដែរ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងអ្នកមានបទពិសោធន៍យោធា និងការទូតរបស់កម្ពុជា មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែចែករំលែកថា ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន សម្តេចបានផ្តល់យោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន និងសមាជិកធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរប្រើគ្រាប់ខុសគ្នា ហើយចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ជាក់ស្តែង។ សម្តេចតេជោ សង្ឃឹមថា ភាគីថៃនឹងបង្ហាញនូវកាយវិការដូចគ្នា ពោលគឺមាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍មានន័យថា ខ្លួនជាអ្នកបាញ់៕
ដោយៈ សរ សុជាតិ