ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការនាំចេញអង្កររបស់ថៃបានរងការប៉ះទង្គិចយ៉ាងដំណំដោយសារតែសារមូលហេតុពីរធំៗ ទី១គឺដោយសារគ្រោះរាំងស្ងួតដែលធ្វើឲ្យទិន្នផលស្រូវមិនគ្រប់តម្រូវការ និងកត្តាទី២ដោយសារតែ អត្រារូបិយប័ណ្ណរបស់ខ្លួន គឺប្រាក់បាត បានហាក់ឡើងថ្លៃខ្លាំងពេក ជាហេតុធ្វើឲ្យតម្លៃអង្ករពិបាកប្រកួតប្រជែងទីផ្សារនៅក្រៅស្រុក។
យ៉ាងណាមិញ រដ្ឋាភិបាលថៃនៅក្នុងឆ្នាំ២០២១នេះ បានកំណត់គោលដៅនាំចេញអង្ករអោយបាន៦លានតោន ដែលចំនួននេះមានការកើនឡើងបន្តិច ក្រោយពេលដែលថៃនាំចេញបានតែ ៥,៧លានតោនប៉ុណ្ណោះកាលពីឆ្នាំ២០២០។ នេះជាចំនួននាំចេញអង្ករតិចបំផុតក្នុងប្រវត្តិរបស់ថៃ រាប់ចាប់តាំងពីឆ្នាំ ១៩៩៧មក។
បើតាមលោក ចូកៀត អូប៉ាសាវ៉ង់ ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានឲ្យដឹងថា កាពីគ្រាមុន ការនាំចេញអង្ករថៃមិនសូវជាមានសង្ឃឹមនោះទេ ប៉ុន្តែគិតមកដល់ពេលនេះ ទាំងការផលិតអង្ករ និងការនាំចេញ សុទ្ធសឹងតែកំពុងវិលត្រឡប់មករកកម្រិតធម្មតាវិញ។
គួរជម្រាបថា ក្រុមហ៊ុននាំចេញអង្ករថៃកំពុងមានតម្រូវការបញ្ជាទិញទ្រង់ទ្រាយធំពី ប្រទេសក្បែរខាងដូចជាម៉ាឡេស៊ី និងហ្វីលីពីន ខណៈប្រទេសតំបន់អាហ្វ្រិចក៏កំពុងមានទីផ្សារអង្ករថៃខ្ពស់ណាស់ដែរ ដោយសារតែវាមានតម្លៃថោក។
សម្រាប់តម្លៃអង្ករស លាយអង្ករបាក់៥%របស់ថៃ មានតម្លៃ ៣៨៥ដុល្លារក្នុងមួយតោន។ ចំនួននេះមានការធ្លាក់ចុះដល់ទៅជាង ១០០ដុល្លារឯណោះ បើធៀបនឹងតម្លៃកាលពីឆ្នាំមុន ប្រមាណ ៥១០ ទៅ ៥៥០ដុល្លារក្នុងមួយតោន។
សូមជម្រាបថា បន្ទាប់ពីមើលឃើញភាពវិជ្ជមាននៅក្នុងឆ្នាំនេះ សមាគមអ្នកនាំចេញអង្ករថៃ បានដាក់គោលដៅនាំចេញអង្ករឆ្នាំ២០២២ឲ្យដល់ ៧លានតោន ធ្វើយ៉ាងណាយកឈ្នះគូប្រកួតប្រជែងរបស់ខ្លួន គឺប្រទេសវៀតណាម ហើយគ្រោងនឹងដណ្តើមយកចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំអង្ករចេញច្រើនជាងគេក្នុងលោកមកវិញឲ្យបាន៕