អ្នកនាំពាក្យរដ្ឋាភិបាល លោក ថាណាខន វ៉ាងប៊ុនកុងចានា(Thanakorn Wangboonkongchana) បានអះអាងថា លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃច័ន្ទក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហារថយន្តចាស់ៗ(ELVs) នៅតែមានបើកបរច្រើននៅលើដងផ្លូវ ហើយលោកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការរបស់ក្រសួងឧស្សាហកម្មក្នុងការកែច្នៃរថយន្តដែលប្រើរួចទូទាំងប្រទេស ដើម្បីផលិតជារបរប្រើប្រាស់ឡើងវិញ ឬហៅថា Recycle products ដើម្បីកាត់បន្ថយការបំពុលបរិយាកាស និងចូលរួមដោះស្រាយបញ្ហាដែកនាំចូលដែលកំពុងឡើងថ្លៃខ្ពស់ផងដែរ។
លោក ថាណាខន (Thanakorn) បានបន្តថា ចំនួនយានជំនិះចាស់ត្រូវបានគេព្យាករថា នឹងកើនឡើងដល់ ១៦ លានគ្រឿងក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ប្រសិនបើគ្មានការកែច្នៃចេញជាផលិតផល ដើម្បីប្រើប្រាស់ឡើងវិញទេនោះ។ លោក បន្ថែមថា យានជំនិះចាស់ៗដែលមិនមានស្តង់ដារថែទាំត្រឹមត្រូវ នឹងបណ្តាលឱ្យមានការបំពុលបរិយាកាសធ្ងន់ធ្ងរ។
សូមជម្រាបថា គិតត្រឹមមកទល់ពេលនេះ ប្រទេសថៃមានយានយន្តសរុបជាង៥លានគ្រឿង បានចុះបញ្ជី ដែលយានយន្ដទាំងនោះមានអាយុលើសពី ២០ ឆ្នាំ។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកដែលចុះបញ្ជីយានយន្ដ។
លោក ថាណាខន (Thanakorn) មានប្រសាសន៍បន្តទៀតថា រថយន្តចាស់ៗ ត្រូវតែកែច្នៃឡើងវិញ ឱ្យបានត្រឹមត្រូវដើម្បីអាចប្រើប្រាស់វាក្នុងវិស័យឧស្សាហកម្ម ជួយប្រទេសកាត់បន្ថយការនាំចូលដែក។ ក្នុងនោះ គ្រប់យានយន្តចាស់ៗ សាធាតុដែក ដែលអាចយកពីរថយន្ដនោះ គឺមានដល់ទៅ៦៩% នៃតួរថយន្ដទាំងមូល។ បច្ចុប្បន្ននេះ ប្រទេសថៃប្រើប្រាស់ដែកថែបប្រហែល ១៩ លានតោនក្នុងមួយឆ្នាំ ហើយក្នុងនោះ ១២ លានតោនត្រូវបាននាំចូល និង ៧ លានតោនបានមកពីផលិតកម្មក្នុងស្រុក។
ក្រសួងឧស្សាហកម្មថៃក្នុងឆ្នាំ ២០១៩ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) និងអង្គការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលថ្មី និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ដើម្បីសហការក្នុងគម្រោងសាកល្បងដើម្បីកែច្នៃយានយន្តចាស់ៗនៅក្នុងប្រទេសថៃផងដែរ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការរុះរើ និងកែច្នៃយានយន្តចាស់ៗ ជាពិសេសរថយន្តដែលមានអាយុលើសពី ២០ឆ្នាំ។ ដោយឡែក បើយោងតាមរបាយការណ៍របស់នាយកដ្ឋានការងារឧស្សាហកម្ម មានតែក្រុមហ៊ុនពីរនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ ដែលដំណើរការរោងចក្រកែច្នៃរថយន្ដដែកអេតចាយ ដែលក្រុមហ៊ុនទាំងពីរមានទីតាំងនៅខេត្តអយុធ្យា៕
អត្ថបទ៖ ម៉ុន សុ កែវ