នៅក្រោមកិច្ចព្រមព្រៀង ដែលគ្រោងនឹងធ្វើឡើងនេះ ក្រុមហ៊ុន ThaiBev នឹងផ្ទេរភាគហ៊ុនរបស់ខ្លួនជិត ២៩% នៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Frasers Property ដែលមានមូលដ្ឋានសិង្ហបុរី ដែលមានតម្លៃប្រហែល ១.៦ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអចលនទ្រព្យ TCC Assets។
ជាថ្នូរមកវិញ ក្រុមហ៊ុន TCC Assets នឹងផ្ទេរភាគហ៊ុនក្នុងតម្លៃដូចគ្នា ដែលខ្លួនមាននៅក្រុមហ៊ុនផលិតភេសជ្ជៈ និងអាហាររបស់សិង្ហបុរីឈ្មោះ Fraser and Neave (F&N) ទៅឲ្យក្រុមហ៊ុន ThaiBev។ ការផ្ទេរនេះ នឹងធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនThaiBev ដែលមាននៅក្នុងក្រុមហ៊ុន Fraser and Neave នឹងកើនឡើងដល់ជិត ៧០% ពោលគឺកើនពីប្រមាណ ២៨% ដែលមាននាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ThaiBev ដែលបានចុះបញ្ជីភាគហ៊ុននៅសិង្ហបុរី បានបញ្ជាក់ទៀតថា ការពង្រីកប្រតិបត្តិការនៅក្នុងអាជីវកម្មអាហារ និងភេសជ្ជៈ ដោយចាកចេញពីអាជីវកម្មអចលនទ្រព្យ និងការបង្កើនការផលិតភេសជ្ជៈ ដែលមិនមានជាតិអាល់កុល និងផលិតផលផលិតចេញពីទឹកដោះគោ នឹងធ្វើឲ្យក្រុមហ៊ុនកាន់តែមានសក្ដានុពល និងទទួលបានការវាយតម្លៃចំណាត់ថ្នាក់កាន់តែល្អឡើង ស្របទៅតាមចក្ខុវិស័យវែងឆ្ងាយនៅក្នុងការផលិតចំណីអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុន៕
អត្ថបទ៖ សុខ មង្គល