ប្រធានការិយាល័យថវិកាជាតិថៃ បានអះអាងកាលពីពេលថ្មីៗថា រដ្ឋាភិបាលកំពុងស្វែងរកការបង្កើនកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៤ ចំនួនជាង៣ពាន់៣រយដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងចែកចាយលុយជំរុញសេដ្ឋកិច្ច បន្ទាប់ពីគម្រោងថវិកាទំហំជិត៩៦ពាន់លានដុល្លារ ដែលត្រូវបានពន្យារពេលកាលពី១ខែមុន ត្រូវបានអនុម័តរួចរាល់។
គម្រោងពង្រីកទំហំថវិកានេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលថៃ កំពុងជំរុញទៅមុខនូវផែនការជំរុញសារពើពន្ធជាមួយនឹងការផ្តល់ប្រាក់មូលនិធិជិត១៤ពាន់លានដុល្លារ នៅមុនត្រីមាសទី៤ឆ្នាំនេះ ដែលជាគោលនយោបាយដ៏លេចធ្លោរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាច។
លោក ឆាឡើមផុល ផេនស៊ូត (Chalermphol Pensoot) ប្រធានការិយាល័យថវិកាជាតិថៃ បានប្រាប់សារព័ត៌មានថា ថវិកាដែលគ្រោងបង្កើននេះ ត្រូវបានផ្តួចផ្តើមដោយរដ្ឋាភិបាល តែក៏ត្រូវការអនុម័តដោយគណរដ្ឋមន្រ្តីផងដែរ។
ដើម្បីឲ្យគម្រោងនេះអាចដំណើរការទៅមុខស្របតាមការចង់បានរបស់រដ្ឋាភិបាល រដ្ឋបាលជំនាញថៃ កំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពមូលនិធិសម្រាប់គម្រោងនេះ តាមការពង្រីកឱនភាពថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខ ដែលគេរំពឹងថា នឹងមានទំហំដល់ទៅជាង៤ពាន់២រយលានដុល្លារ។
ពាក់ព័ន្ធនឹងគម្រោងនេះអ្នកសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាលពីររូប បានរិះគន់កម្មវិធីនេះ ដោយពួកគេបានលើកឡើងថា នេះគឺជាការងារសេដ្ឋកិច្ច ដែលមិនមានការទទួលខុសត្រូវផ្នែកសារពើពន្ធ តែរដ្ឋាភិបាលច្រានចោលរឿងនោះ ហើយនិយាយថា វាចាំបាច់ ដើម្បីចាប់ផ្តើមជំរុញសេដ្ឋកិច្ចឲ្យក្រោកចេញពីវិបត្តិ ខណៈដែលកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ ត្រូវបានគេព្យាករថា បានថយចុះពី៣% មកនៅត្រឹម២%៕
ដោយៈ សរ សុជាតិ