រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សឺមសាក់ ពង់ផានីត (Sermsak Pongpanit) បានថ្លែងថា ក្រសួងរបស់លោកបានបញ្ជាឱ្យនាយកដ្ឋានទេសចរណ៍ដែលមានសមត្ថកិច្ចគ្រប់គ្រងបណ្ដាក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសថៃ ចាត់វិធានការយ៉ាងតឹងរ៉ឹងលើសកម្មភាពអាជីវកម្មមិនប្រក្រតីរបស់ក្រុមហ៊ុនទាំងនេះ ជាពិសេសក្រុមហ៊ុនទេសចរណ៍ដែលទម្លាក់តម្លៃខ្លាំង និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។
ការចេញបទបញ្ជាណែនាំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីសមាគមភ្នាក់ងារទេសចរណ៍ថៃ ដែលថ្មីៗនេះបានលើកឡើងពីការព្រួយបារម្ភពីការត្រលប់មកវិញនៃកញ្ចប់ទេសចរណ៍ចូលក្នុងប្រទេសថៃ ដែលមានតម្លៃថោកខ្លាំងស្ទើរមិនគួរឱ្យជឿ។ ក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនេះលក់កញ្ចប់ទេសចរណ៍ក្នុងតម្លៃទាបខ្លាំងឱ្យទៅអ្នកទិញដែលជាភ្ញៀវទេសចរ តែបន្ទាប់ពីភ្ញៀវទាំងនោះមកដល់ប្រទេសថៃ ក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនោះក៏បានបង្ខិតបង្ខំឱ្យភ្ញៀវចាយលុយ និងទិញទំនិញក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារខ្លាំង ឬតម្លៃកោរមិនដាក់ទឹក។
ដើម្បីដោះស្រាយបញ្ហានេះ លោក ចាទូរ៉ុន ផាកឌីវ៉ានីត (Jaturon Phakdeewanit) អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ បាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៦ បានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយ ដើម្បីបង្ក្រាបក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ដែលប្រើប្រាស់ពលរដ្ឋថៃ ឱ្យឈរឈ្មោះតំណាង និងលក់កញ្ចប់ទេសចរណ៍តម្លៃទាបខ្លាំងនៅក្នុងរយៈពេល៦ខែកន្លងមកនេះ។
ក្រោយបើកប្រតិបត្តិការស៊ើបអង្កេតលើក្រុមហ៊ុនទេសចរណ៍ចំនួន៣០ នាយកដ្ឋានទេសចរណ៍បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទេសចរណ៍ចំនួន១០ ដោយចាប់បង្ខំឱ្យបិទទ្វារតែម្ដង។ ពលរដ្ឋថៃ ដែលគេរកឃើញថា បានឈរឈ្មោះតំណាងក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនោះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មទេសចរណ៍រយៈពេល៥ឆ្នាំ ហើយត្រូវទទួលទោសទណ្ឌដូចមានចែងក្នុងច្បាប់ធុរកិច្ចបរទេស ដែលរួមមានទោសដាក់ពន្ធនាគារទាំងពលរដ្ឋថៃ និងជនបរទេសផងដែរ៕
ដោយ: តែម សុខុម