ច្រកទ្វារព្រំដែន

ភាគីថៃ ទទួលស្គាល់ថា ការបិទព្រំដែនជាមួយកម្ពុជា បានគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ខ្លួន


នាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មរបស់ថៃ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៤ បានឈានដល់៥,៤ពាន់លានដុល្លារអាម៉េរិក ហើយបានទទួលស្គាល់ថា ការបិទព្រំដែនជាមួយកម្ពុជា ដោយសារវិវាទព្រំដែនជុំវិញតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី បានគំរាមកំហេងដល់សេដ្ឋកិច្ចរបស់ខ្លួន ដ្បិតវាបានដាក់សម្ពាធដល់ពាណិជ្ជកម្មឆ្លងដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
ច្រកទ្វារព្រំដែន
ដោយ

ភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយការប៉ះទង្គិចយោធានៅតំបន់មុំបី ដែលធ្វើឱ្យទាហានខ្មែរម្នាក់ពលីដោយសារទាហានថៃ បាញ់ប្រហារកាលពីថ្ងៃទី២៨ ខែឧសភា បានធ្វើឱ្យជម្លោះព្រំដែនរីកកាន់តែធំដោយមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយទេ ហើយនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានទទួលស្គាល់ថា ការបិទព្រំដែនជាមួយកម្ពុជា បានគំរាមកំហែងដល់សេដ្ឋកិច្ចថៃ ខណៈពាណិជ្ជកម្មឆ្លងដែនរងសម្ពាធ។

ឆ្លើយតបទៅនឹងភាពតានតឹងដែលកំពុងកើនឡើង ប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនចំនួនពីរជាឯកតោភាគីជាមួយកម្ពុជា ដែលបានចាប់ផ្តើមជះផលប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីររួចទៅហើយ។ ទិន្នន័យពីភាគីថៃ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ២០២០-២០២៤ ពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ បានកើនឡើងជាលំដាប់ ដោយឈានដល់មិនក្រោម៥ពាន់លានដុល្លារអាម៉េរិក នោះឡើយ ក្នុងមួយឆ្នាំៗ។

ទិន្នន័យដដែលបង្ហាញទៀតថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មឆ្លងព្រំដែនកម្ពុជា-ថៃ មានទំហំជាង៥,៤ពាន់លានដុល្លារអាម៉េរិក ដោយការនាំចេញរបស់ថៃ មានចំណែកគ្របដណ្ដប់រហូតដល់ទៅជាង៤ពាន់លានដុល្លារអាម៉េរិក ហើយការនាំចូលពីកម្ពុជា មានទំហំត្រឹមតែជាង១ពាន់លានដុល្លារអាម៉េរិកតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យមានអតិរេកពាណិជ្ជកម្មរហូតដល់ទៅជិត៣,៣ពាន់លានដុល្លារម៉េរិក។

ប្រទេសថៃ នាំចេញភាគច្រើនមកកាន់ទីផ្សារកម្ពុជា គឺភេសជ្ជៈ គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីន និងគ្រឿងចក្រកសិកម្មដែលមានចំណែកគ្របដណ្ដប់រហូតដល់ទៅជាង៣០%នៃការនាំចេញទាំងអស់។ ដោយឡែក ការនាំចូលសំខាន់ៗពីកម្ពុជា រួមមាន ដំឡូងមី ដែកអេតចាយ និងខ្សែភ្លើងដែលមានសារសំខាន់សម្រាប់ឧស្សាហកម្មថៃ ដូចជាផលិតចំណីសត្វ ការកែច្នៃ និងគ្រឿងអេឡិចត្រូនិក។

ភាគីថៃ អះអាងថា ថៃមានច្រកព្រំដែនជាមួយកម្ពុជា ចំនួន១៨ ប៉ុន្តែបច្ចុប្បន្នមានតែច្រកព្រំដែនចំនួន២ប៉ុណ្ណោះដែលត្រូវបានបិទ។

គួររំឭកថា ប្រទេសថៃ បានស្នើឱ្យមានការដោះស្រាយបញ្ហាព្រំដែននេះតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ពោលគឺមិនព្រមដឹកដៃកម្ពុជា ទៅដោះស្រាយវិវាទព្រំដែននេះ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះឡើយ។ តបតាមសំណើរបស់ថៃ ភាគីកម្ពុជា បានរៀបចំឱ្យមានការប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៤ ខែមិថុនា នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ហើយដោយសារមិនសម្រេចបានលទ្ធផល កិច្ចចរចានេះត្រូវបន្តនៅថ្ងៃអាទិត្យទៀត។

ទន្ទឹមនឹងការចរចាទ្វេភាគីនេះ កម្ពុជា ក៏បានប្ដេជ្ញាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីជាមួយប្រទេសជិតខាងមួយនេះដែរ និងដើម្បីការពារទឹកដីរបស់កម្ពុជា ហើយនេះបង្ហាញថា កម្ពុជា ឈរលើភាពត្រឹមត្រូវ និងគោរពតាមច្បាប់អន្តរជាតិ ជាគោលសំខាន់។ ជាក់ស្ដែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា នៅថ្ងៃព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ហើយជាការគាប់ជួននៅថ្ងៃទី១៥ មិថុនា ១៩៦២ ពោលគឺកាលពី៦៣ឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ដែលធ្វើឱ្យថៃ អាម៉ាសម្ដងរួចមកហើយនៅលើឆាកអន្តរជាតិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គ្រាន់តែនាំចេញកាហ្វេ វៀតណាម រកចំណូលបាន៤,៧ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ

ផលិតកម្ម និងការនាំចេញកាហ្វេរបស់វៀតណាម បានឈានដល់ការបំបែកកំណត់ត្រាដ៏ខ្ពស់បំផុត ដោយនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ ដោយអាចផលិត និងនាំចេញ…

វៀតណាមនឹងដំឡើងពន្ធលើគ្រឿងស្រវឹងឱ្យដល់៩០% ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង

ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេស អាជ្ញាធរវៀតណាមគ្រោងដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទពី៦៥% ដល់៩០% នៅក្នុងរយៈពេល៦ឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ