បារាំងស្នើឱ្យមានការ «ធានាសន្តិសុខ» សម្រាប់រុស្ស៊ី បន្ទាប់ពីការចរចាររកសន្តិភាព

អ៊ុយក្រែន និងបណ្ដាប្រទេសនៅតំបន់បាល់ទិកស្តីបន្ទោសប្រធានាធិបតីបារាំងខ្លាំងៗ បន្ទាប់ពីស្នើឱ្យមាន «ការធានាសន្តិសុខ» សម្រាប់រុស្ស៊ី


តាមសំណូមពររបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលថា ប្រទេសបស្ចិមលោកគួរតែពិចារណាពីតម្រូវការរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ ប្រសិនបើទីក្រុងម៉ូស្គូយល់ព្រមបើកកិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះ បានធ្វើឱ្យមានផ្ទុះការរិះគន់ធ្ងន់ៗពីសំណាក់ទីក្រុងកៀវ និងប្រទេសសម្ព័ន្ធមិត្តនៅតំបន់បាល់ទិកផ្សេងទៀតកាលចុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អ៊ុយក្រែន និងបណ្ដាប្រទេសនៅតំបន់បាល់ទិកស្តីបន្ទោសប្រធានាធិបតីបារាំងខ្លាំងៗ បន្ទាប់ពីស្នើឱ្យមាន «ការធានាសន្តិសុខ» សម្រាប់រុស្ស៊ី

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍បារាំង TF1 លោក ម៉ាក្រុង បាននិយាយថា៖ អឺរ៉ុបត្រូវរៀបចំកសាងសន្តិសុខនាពេលអនាគតរបស់ខ្លួន ហើយក៏គិតផងដែរ «ថាគួរត្រូវធ្វើបែបណាដើម្បីធានាសន្តិសុខដល់ប្រទេសរុស្ស៊ីនៅពេលដែលរុស្ស៊ីយល់ព្រមត្រឡប់ចូលតុចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះ»។

មនុស្សជំនិតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក មីឃែឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) បាននិយាយថា៖ «ពិភពលោកនេះគឺត្រូវការការការធានាសន្តិសុខពីប្រទេសរុស្ស៊ីទៅវិញទេ ពោលគឺពិភពលោកដ៏ស៊ីវិល័យនេះចាំបាច់ត្រូវមាន «ការធានាសុវត្ថិភាព» ពីរដ្ឋភារវករ ដែលមានចេតនាឈ្លានពានដូចប្រទេសរុស្ស៊ីដែលមានលោកពូទីននៅពីក្រោយនោះ»។

ដោយឡែក លោក អូឡេនស្គី ដានីឡូវ (Oleksiy Danilov) លេខានៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបាននិយាយថា បើរុស្ស៊ី «ត្រូវបានលុបបំបាត់អាវុធនុយក្លេអ៊ែរ យោធា» នោះ វានឹងក្លាយជាការធានាដ៏ល្អបំផុតនៃសន្តិភាពមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកតែម្តង។ លោកបានចោទជាសំណួរនៅលើប្រព័ន្ធថ្វីតធ័រថា «តើអ្នកពិតជាចង់ផ្តល់ការធានាសន្តិសុខដល់រដ្ឋភេរវករ និងនិងក្រុមឃាតករមែនទេ ឬក៏បំបិទចោលការកាត់ក្តីនៅទីក្រុងនូរេមប័ក (Nuremberg) ដោយជំនួសមកវិញនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ហើយចាប់ដៃឬ?

គួរជម្រាបថា ការកាត់ក្តីនៅទីក្រុង Nuremberg គឺជាកាត់ទោសឧក្រិដ្ឋជនសង្គ្រាមណាស៊ី បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបិទបញ្ចប់ ហើយក្រោយមកក៏បង្កើតឱ្យមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេជាដើម។ ដូច្នេះហើយការណ៍នេះត្រូវទាញយកមកធ្វើដាក់ជាគំរូនៃការបង្កសង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលគេចាត់ទុកថា ជាអំពើភារវកម្មប្រឆាំងមនុស្សជាតិ។

ទោះជាយ៉ាងណា ក្រុងមូស្គូបានបដិសេធច្រាលចោលទាំងស្រុងដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែននោះ។

មែនទែនទៅ ក្នុងសង្គ្រាមជាច្រើនខែមកនេះក៏មានដែរកិច្ចចរចាស្វែងរកសន្តិភាពរវាងទីក្រុងម៉ស្គូ និងទីក្រុងកៀវ តែការចរចានោះមិនបានទទួលលទ្ធផលអ្វីទាំងអស់ ក្រោយរដ្ឋាភិបាលកៀវថា កិច្ចចរចាសន្តិភាពអាចធ្វើទៅបាន លុះត្រាតែរុស្ស៊ីបញ្ឈប់ការវាយលុករបស់ខ្លួន ហើយដកកងទ័ព និងប្រគល់ទឹកដីទាំងអស់ដែលខ្លួនដណ្តើមបានមកឱ្យអ៊ុយក្រែនវិញ រួមទាំងតំបន់គ្រីមៀផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីពេលកន្លងមក។

ចំណែកឯ វិមានក្រឹមឡាំងវិញបាននិយាយថា លោកខាងលិចត្រូវតែទទួលស្គាល់ដែនដីដែលរុស្ស៊ីបានដាក់បញ្ចូលជាទឹកដីថ្មីរបស់សហព័ន្ធរុស្ស៊ីសិន ទើបអាចនិយាយពីការចរចាជាមួយលោក ពូទីន បាន។

ទោះជាយ៉ាងណាក៏ដោយ គេមើលឃើញថា ពន្លឺនៃកិច្ចចរចាសន្តិភាពហាក់នៅឆ្ងាយមែនទែន ហើយសង្គ្រាមនៅតែបន្តឥតស្រាក់ស្រាន្ដ ហើយពេលនេះ រុស្ស៊ីកំពុងតែព្យាយាមវាយខ្ទប់អ៊ុយក្រែន ឲ្យនៅដាច់ទឹក ដាច់ភ្លើងប្រើប្រាស់នៅរដូវរងានេះ។ បើតាមមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា តំបន់ជាង ៥០០ កន្លែងនៅអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ដោយគ្មានថាមពលប្រើប្រាស់គិតត្រឹមថ្ងៃអាទិត្យ ទី៤ ខែធ្នូ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលតាមអាកាសរបស់រុស្ស៊ីជាច្រើនសប្តាហ៍មកនេះ។

ហើយការដាច់ចរន្តអគ្គិសនីម្តងទ្រង់ទ្រាយធំនេះទៀតសោធក៏បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានកំដៅ និងភ្លើងបំភ្លឺ ខណៈដែលសីតុណ្ហភាពក្នុងប្រទេសអ៊ុយក្រែនបានធ្លាក់ចុះក្រោមសូន្យអង្សាសេក្នុងងប៉ុន្មានថ្ងៃថ្មីៗនេះ។ ទន្ទឹមគ្នានេះ មានប្រជាជនអ៊ុយក្រែនលាននាក់បានបន្តភាសខ្លួនទៅកាន់ប្រទេសក្បែរខាង ហើយខ្លះក៏បន្តស៊ូទ្រាំក្នុងសភាពដ៏លំបាកនេះដោយរំពឹងថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលខាងមុខ៕




អត្ថបទបន្ទាប់


ទេសចរជាង៧ពាន់នាក់មកពី៦៩ប្រទេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុននៅអង្គរ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងអ្នកជំនាញបានចាត់ទុកការចូលរួមរត់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ពាន់៥រយនាក់មកពី៦៩ប្រទេស ក្នុងព្រឹត្ត…

ហេតុអ្វីបានជាអាមេរិកចាត់ទុកប្រទេសចិនជាអ្នកគំរាមកំហែង និងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក?

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡ៉យដ៍ អូស្ទីន (Lloyd Austin) បានថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងចំណុចស្នូលដ៏សំខាន់មួយជាមួយប្រទេសចិន ហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ