វិស័យទេសចរណ៍ថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរឥណ្ឌា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១នេះ អំឡុងពេលបុណ្យប្រពៃណីនៃសាសនាហិណ្ឌូ ដែលដើរស្របគ្នាទៅនឹង ផែនការរបស់រាជរដ្ឋាភិបាលថៃ ដែលគ្រោងនឹងលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ។ ក្រុមប្រឹក្សាទេសចរណ៍ថៃ។
ថៃ មិនរំពឹងថា ការធ្វើដំណើរកម្សាន្តរបស់អ្នកដំណើរចិន នឹងបន្តក្នុងពេលឆាប់ៗខាងមុខនេះទេ ហើយប្រទេសថៃ បានរំពឹងខ្ពស់ទៅលើ អ្នកដំណើរមកពីប្រភពផ្សេងៗ ដែលអាចទាញយកប្រយោជន៍អំពី ការបន្ធូរបន្ថយវិធានការសម្រាប់ភ្ញៀវទេសចរនេះ។
ក្រុមប្រឹក្សាទេសចរណ៍ថៃ ជឿជាក់ថា ប្រជាជនឥណ្ឌា ដែលជាក្រុមភ្ញៀវទេសចរច្រើនលំដាប់ទី ៣ នៅក្នុងប្រទេសថៃ នឹងធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃច្រើនឡើងវិញ សម្រាប់ការលំហែកម្សាន្ត ធ្វើសន្និសីទធំៗ និងរៀបចំអាពាហ៌ពិពាហ៌ជាដើម។ហើយប្រសិនបើ ថៃ មានផែនការបើកប្រទេស និងតំបន់ទេសចរណ៍ជាច្រើន នៅក្នុងខែវិច្ឆិកានេះ ពិធីបុណ្យសាសនារបស់ឥណ្ឌា គឺជាឱកាសក្នុងការចាប់យកភ្ញៀវទេសចរ ព្រោះអ្នកដំណើរឥណ្ឌា ពោរពេញទៅដោយសក្តានុពល និងធនធានក្នុងការចំណាយ។
អ្នកដំណើរឥណ្ឌា អាចនឹងចំណាយចន្លោះពី ៨០០ដុល្លារ ទៅ ២.២០០ដុល្លារអាមេរិក ក្នុងដំណើរកម្សាន្តមួយលើក មកកាន់ប្រទេសថៃ។
កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរឥណ្ឌា ប្រមាណ ២លាននាក់ ចូលមកកម្សាន្តនៅក្នុងប្រទេសថៃ បង្កើតជាប្រាក់ចំណូលប្រមាណ ២ពាន់ ៣រយលានដុល្លារអាមេរិក។
នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង ៧ម៉ឺននាក់ប៉ុណ្ណោះ ហើយក្រុមប្រឹក្សាទេសចរណ៍ថៃ ព្យាករថា នឹងទទួលបានភ្ញៀវប្រមាណ ២៨ម៉ឺននាក់ ប៉ុណ្ណោះ ក្នុងពេញមួយឆ្នាំ ២០២១នេះ ខណៈវិស័យទេសចរណ៍មួយនេះ បានបាត់បង់ការងារជាង ៣លានកន្លែងហើយដោយសារវិបត្តិមេរោគកូវីដ១៩។
អាជ្ញាធរទេសចរណ៍ថៃ
បានអះអាងថា វិស័យទេសចរណ៍របស់ថៃ អាចនឹងត្រូវការពេលវេលាដល់ទៅ ៥ឆ្នាំ
ដើម្បីត្រលប់មករកសភាពដើមវិញ ហើយវាជាសញ្ញាមិនល្អមួយ សម្រាប់ប្រទេសថៃ
ដែលជាប្រទេសពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍។
វិស័យទេសចរណ៍ បានចូលរួមចំណែកដ៏ធំដល់ទៅ ១ ភាគ ៥ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសពឹងផ្អែកទៅលើទេសចរណ៍ខ្លាំងជាងគេបំផុតនៅលើសកលលោក ហើយវិស័យមួយនេះ រំពឹងនឹងត្រលប់មករកសភាពដើមវិញ នៅឆ្នាំ ២០២៦ខាងមុខ។
ដោយឡែក សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសថៃ បានលើកឡើងថា វិស័យទេសចរណ៍ទំនងជាមិនអាចក្រោកឡើងវិញ ក្នុងឆ្នាំ ២០២១នេះទេ ហើយរំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេស ១៦ម៉ឺននាក់ប៉ុណ្ណោះ មុននឹងកើនឡើងវិញដល់ ១លាន ៧សែននាក់ នៅក្នុងឆ្នាំ ២០២២ខាងមុខ។
គួរបញ្ជាក់បន្តិចថា នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ ធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចរបស់ប្រទេសថៃ មកនៅត្រឹម ១% ក្នុងឆ្នាំ ២០២១នេះ ទាបការព្យាករណ៍កាលពីពេលមុន ដែលរំពឹងនឹងសម្រេចបានដល់ទៅ ៤%៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍