គម្រោងចំនួន២ ក្នុងចំណោមគម្រោងវិនិយោគថ្មីៗទាំងនេះជាការវិនិយោគរបស់ក្រុមហ៊ុនប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ Quartz Computing Co និងក្រុមហ៊ុន Digitalland Services (Thailand)។ សូមបញ្ជាក់ថា ក្រុមហ៊ុន Quartz Computing Co ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សអាម៉េរិក Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google ហើយក្រុមហ៊ុន Digitalland Services (Thailand) គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន GDS Holdings ដែលជាអ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករមជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅប្រទេសចិន និងអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Quartz Computing គ្រោងចំណាយជាង៩៦០លានដុល្លារអាម៉េរិក សាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងតំបន់ Cloud ថ្មីមួយនៅឈុន ប៊ូរី ដែលគ្រោងនឹងចាប់ផ្តើមបើកដំណើរការធ្វើអាជីវកម្មនៅដើមឆ្នាំ២០២៧។
លោក ណារីត ធើតស្ទីរ៉ាស៊ុកឌី (Narit Therdsteerasukdi) អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ (BoI) បាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សានេះកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា គម្រោងខាងលើនឹងក្លាយជាមជ្ឈមណ្ឌលរក្សាទុកទិន្នន័យទី៥ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធអាម៉េរិក Quartz Computing នៅអាស៊ី។
ក្រុមប្រឹក្សាវិនិយោគថៃ (BoI) ក៏បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន Digitalland Services ដែលមានតម្លៃជាង៨២៤លានដុល្លារអាម៉េរិក ផងដែរ។ ទន្ទឹមនេះក្រុមហ៊ុននេះ ក៏នឹងសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅឈុនប៊ូរី (Chon Buri) ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៦ ផងដែរ៕
ដោយ: តែម សុខុម