បិទបណ្ដោះអាសន្ន​ក្រុងបាងកក

អាជ្ញាធរក្រុងបាកកបន្ដបទបញ្ជាបិទបណ្ដោះអាសន្ន ៨ថ្ងៃបន្ថែមទៀត ខណៈស្ថានភាពកូវីដ-១៩មិនធូរស្រាល


បទបញ្ជាបិទទីក្រុងបាងកកបណ្ដោះអាសន្ន នឹងត្រូវអាជ្ញាធរថៃ ពន្យារពេលបន្ថែមទៀត ដល់ថ្ងៃទី ១៧ ខែឧសភា ដោយសារតែស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅមិនទាន់ធូរស្រាលនៅឡើយទេ ពោលគឺចំនួនអ្នកឆ្លងថ្មីនៅតែមានរាប់ពាន់នាក់ដដែលក្នុងមួយថ្ងៃៗ។ ជាក់ស្ដែង នៅថ្ងៃអាទិត្យម្សិលមិញ ថៃមានអ្នកឆ្លងថ្មីជាង ២ពាន់នាក់ និងស្លាប់១៧នាក់បន្ថែមទៀតហើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ។
អាជ្ញាធរក្រុងបាកកបន្ដបទបញ្ជាបិទបណ្ដោះអាសន្ន ៨ថ្ងៃបន្ថែមទៀត ខណៈស្ថានភាពកូវីដ-១៩មិនធូរស្រាល (រូបភាព៖ Reuters)
ដោយ

បទបញ្ជា​បិទបណ្ដោះអាសន្ន​ក្រុងបាងកក ត្រូវបាន​អាជ្ញាធរចុះហត្ថលេខា​ដាក់ចេញ តាំងតែពីថ្ងៃទី ២៦ ខែមេសា និងបញ្ចប់​នៅត្រឹមថ្ងៃទី ៩ខែឧសភា ប៉ុន្ដែ ដោយសារតែមើលឃើញពីភាព​​​មិនស្រាកស្រាន្ដ​នៃករណីឆ្លងសោះនោះ អាជ្ញាធរ​ក៏បាន​ពន្យារពេល​ការបិទបណ្ដោះអាសន្ននេះ ៨ថ្ងៃបន្ថែមទៀត ពោលគឺ​​រហូតដល់ថ្ងៃទី​១៧ ខែឧសភា។

ក្រៅតែ​ពីក្រុងបាងកក ក៏មាន​ខេត្ត​ក្បែរៗនោះជា​ច្រើន ​ក៏កំពុងស្ថិត​នៅក្នុង​ហានិភ័យឆ្លងខ្ពស់ដែរ ដូចជា​នៅខេត្ត​សាមុទ្រ​សាខន, សាមុទ្រប្រាកាន និង ណន់ថាបុរីជាដើម។

នៅក្នុង​បទបញ្ជានោះ តម្រូវឲ្យ​សាលា មជ្ឈមណ្ឌលបង្រៀន និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែបន្ដ​បិទ​ដល់ថ្ងៃទី ១៧ ខែឧសភា។ បន្ថែមពីនេះ ទីតាំងកម្សាន្ដ សួនសត្វ ពហុកីឡដ្ឋានកីឡាប្រដាល់ កន្លែងហាត់ប្រាណ និងទីតាំងមិនចាំបាច់មួយចំនួនទៀត​ក៏ត្រូវ​បិទបណ្ដោះអាសន្នដែរ។ លើកលែងតែ ហាង​លក់ទំនិញ​ (Convenience Store) អាចនៅបើក​ដល់​ម៉ោង​១០យប់ ខណៈដែល​ផ្សារទំនើប​អាចបើក​នៅត្រឹម​ម៉ោង៩យប់។ រីឯភោជនីយដ្ឋានវិញ សម្រាប់​នៅតំបន់​ក្រហម អាចបើកលក់​ឲ្យភ្ញៀវចូលទទួលទាន​បាន​ត្រឹម​ម៉ោង​៩យប់ និងអាចបន្ដលក់ខ្ចប់​បានដល់​ម៉ោង​១១យប់ ខណៈដែល​នៅតំបន់ពណ៌ទឹកក្រូចវិញ អាចបើកឲ្យភ្ញៀវចូលទទួលទាន​បាន​ដល់ម៉ោង​១១យប់។ ទោះយ៉ាងណា ភោជនីដ្ឋាន​ទាំងនោះ ហាមដាច់ខាត​ការលក់គ្រឿងស្រវឹងទៅឲ្យភ្ញៀវ។ 

ទោះយ៉ាងណា ក្រុមប្រតិបត្តិករ​ភោជនីយដ្ឋាន​ថៃ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ការ​រឹតត្បិតខ្លាំងនេះ រួមទាំង​ស្នើឲ្យមានការ​លើកលែង​ការ​ហាមឃាត់​ការទទួលទាន​អាហារ​ក្នុងភោជនីយដ្ឋានជាដើម ដ្បិតថា ​កន្លងមក​ការបិទខ្ទប់នេះ ​បានធ្វើឲ្យ​ភោជនីយដ្ឋាន​ជាច្រើន​រងផលប៉ះពាល់​ និងបានធ្វើឲ្យ​បុគ្គលិក​​​ជាច្រើន​ត្រូវផ្អាកការងារផងដែរ។ សមាគម​ភោជនីយដ្ឋាន​ថៃ ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​​ឲ្យ​ជួយប៉ះប៉ូវ​ប្រាក់ចំណូល​បុគ្គលិក ​ដែលបាត់បង់ការងារ​ទាំងនោះ ដោយសូមឲ្យរដ្ឋ​ជួយ​ឧបត្ថម្ភ ​ ៥០%នៃប្រាក់ខែរបស់ពួក និងពន្យារពេល​បង់​មូលនិធិ​សន្ដិសុខ​សង្គមជាដើម។

ស្របពេលដែល​ កូវីដ-១៩ កំពុង​បន្ដរាតត្បាត​ខ្លាំង ប្រទេសថៃក៏កំពុង​ជំរុញ​ផែនការ​ចាក់វ៉ាក់សាំង​របស់ខ្លួន​ផងដែរ ដោយកន្លងមក​ថៃ បានអនុញ្ញាត​ឲ្យ​វិស័យឯកជន​អាច​ទិញ​​វ៉ាក់សាំង​​មកលក់​ឲ្យ​ប្រជាជនរបស់ខ្លួន។

មន្ត្រីរដ្ឋាភិបាលថៃ បាន​លើកឡើងថា នៅពេលឆាប់ៗនេះ មន្ទីរពេទ្យឯកជន​នឹងចាប់ផ្ដើម​​​លក់​វ៉ាក់សាំង​របស់អាមេរិកប្រភេទ Moderna ក្នុងតម្លៃខ្ពស់បំផុត​ត្រឹមជាង​ ៩៦ដុល្លារអាមេរិក​ក្នុង​ការចាក់ចំនួន​២ដូស។ សមាគម​មន្ទីរពេទ្យឯកជនថៃ បាន​ឲ្យដឹងថា អង្គការ​ឱសថ​រដ្ឋាភិបាល រំពឹងថា​ នឹង​បញ្ជាទិញ​នាំចូល​វ៉ាក់សាំង​ Moderna នេះ ជាលើកដំបូង​ក្នុងការប្រើប្រាស់​ជាលក់ដូរ​ជូន​ពលរដ្ឋ ​ដែលមានលទ្ធភាព​។ អង្គការ​ឱសថ​រដ្ឋាភិបាលថៃ នឹង​ដើរតួនាទី​ជា​ឈ្មួញកណ្ដាល ពីព្រោះជាទូទៅ ក្រុមហ៊ុនផលិតវ៉ាក់សាំង​ គឺលក់វ៉ាក់សាំង ក្នុងក្របខណ្ឌ​តែជាមួយ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ វ៉ាក់សាំង Moderna អាចនឹង​ដឹក​មកដល់​ថៃ​នៅក្នុង​ត្រីមាសទី២ នៃឆ្នាំ២០២១នេះ ខណៈដែលវ៉ាក់សាំងរបស់អាមេរិក​មួយនេះ ក៏ទើបតែ​បានការ​ទទួលស្គាល់​ពីអង្គការសុខភាពពិភពលោក​សម្រាប់​ឲ្យ​ប្រើប្រាស់​បន្ទាន់​ផងដែរ។

ក្រៅពីនេះ ថៃក៏រំពឹងថា​ នឹងមាន​វ៉ាក់សាំង​របស់​ក្រុមអាមេរិក និងអាល្លឹម៉ង់ Pfizer ប្រមាណ​១០ ទៅ២០លានដូសទៀត នឹងដឹកមកដល់​នៅពាក់កណ្ដាលឆ្នាំចុងក្រោយ​នៃឆ្នាំនេះ ខណៈគិតមកទល់ពេលនេះ ថៃទើបតែ​បានចាក់វ៉ាក់សាំង​ជូនពលរដ្ឋ​របស់ខ្លួន​ប្រមាណ​១លាន​៦សែនដូសប៉ុណ្ណោះ ដែលចំនួននេះ បង្ហាញពីការយឺតយ៉ាវ​របស់​រដ្ឋាភិបាលក្នុងការ​​ចាក់វ៉ាក់សាំង បើធៀបជាមួយនឹង​ប្រទេស​ផ្សេងៗទៀត។

បើទោះបីជា ស្ថានភាព​កូវីដ-១៩ នៅមិនទាន់​ឃើញពីស្ថានភាព​ប្រសើរឡើង​ខ្លាំងក្ដី ប៉ុន្ដែ រដ្ឋាភិបាលថៃ នៅតែមាន​ជំនឿចិត្ត និងរក្សា​គោលជំហរ​បស់ខ្លួនថា នឹងលើកលែង​ការធ្វើចត្តាឡីស័ក​សម្រាប់​ភ្ញៀវទេសចរ​​ដែលបាន​ចាក់វ៉ាក់សាំងរួច អាចចូលមកក្នុង​រាជធានីបាងកក និងទិសដៅទេសចរសំខាន់ៗផ្សេងទៀត ចាប់ពីខែ​តុលាតទៅ រដ្ឋាភិបាលថៃ សង្ឃឹមថា ការស្ដារវិស័យទេសចរណ៍នេះ គឺជាកត្តាមួយ​នឹងជួយជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​ថៃស្ទុះងើបឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CEO ក្រុមហ៊ុន Pfizerថា ប្រទេសចំណូលទាប មិនបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនខ្លួនឡើយ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer របស់អាមេរិក បាននិយាយថា ប្រទេសចំណូលទាប និងមធ្យម មិនបានជ្រើសរើសបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ …

របបយោធាភូមា​៖ ប្រេសិតអាស៊ានមិនទាន់​អាច​ចូលទស្សនកិច្ចនៅភូមាបាននៅឡើយទេ!

ព័ត៌មាន
របបយោធាភូមា ដែលធ្លាប់បានសន្យាកាលពីចុងខែមេសាថា នឹងអនុញ្ញាតបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ាន មកទស្សនកិច្ចក្នុងប្រទេសភូមានោះ ពេលនេះបានប្រែមកនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ