លោក ណារិត ថេបស្ទីរ៉ាស៊ូកឌី (Narit Therdsteerasukdi) អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ បានប្រាប់សារព័ត៌មាន the Nation ថា នៅឆមាសទីមួយនៃឆ្នាំ២០២៣នេះ ថៃបានទទួលសំណើវិនិយោគចំនួនជិត៩០០គម្រោង កើនឡើង១៨ ភាគរយ ហើយបើនិយាយអំពីទំហំនៃទុនវិនិយោគវិញគឺមានទំហំប្រមាណជាជាង ១០ ពាន់លានដុល្លារ កើនឡើងប្រមាណជា ៧០ ភាគរយ។
លោកបានបន្តថា នៅក្នុងចំណោមគម្រោងដែលបានស្នើឡើង ឧស្សាហកម្មមានប្រមាណជា ៤៦០ គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណជាជាង ៨ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណជាជិត ៨០ ភាគរយឯណោះ ។
គម្រោងឧស្សាហកម្មដែលបានស្នើសុំវិនិយោគនៅថៃ រួមមានផលិតកម្មឧបករណ៍អគ្គីសនីនិងឧស្សាហកម្មអេឡិចត្រូនិក, កសិឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ, និងឧស្សាហកម្មរថយន្តនិងគ្រឿងបន្លាស់។
លោក ណារិត បានអះអាងថែមទៀតថា ក្នុងនោះ មាន១០៦ គម្រោង ដែលមានទឹកប្រាក់ជាង ៤ពាន់ ៥រយលានដុល្លារ គឺផ្តោតសំខាន់លើសង្វាក់ផលិតកម្មឧបករណ៍អគ្គិសនី និងវត្ថុអេឡិចត្រូនិក។
លោកបានបន្តថា និន្នាការនៃការវិនិយោគលើឧបករណ៍អគ្គិសនី និងឧស្សាហកម្មអេឡិចត្រូនិក ទំនងជានឹងបន្តកើនឡើង ដោយសារតែក្រុមហ៊ុនផលិតបរទេសកំពុងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេមកកាន់ថៃ ដើម្បីបញ្ជៀសផលប៉ះពាល់ពីការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច និងដើម្បីកាត់បន្ថយការចំណាយដែលមានកម្រិតខ្ពស់នៅក្នុងប្រទេសលោកខាងលិច ។
លោកបានបន្តថា សម្រាប់ផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ គឺមានជិត ១៤០ គម្រោងដែលមានទឹកប្រាក់ជាង ១ពាន់ ៤រយលានដុល្លារ នៅក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣ ខណៈដែលឧស្សាហកម្មផលិតរថយន្តនិងគ្រឿងបន្លាស់មាន ៨០ គម្រោង តម្លៃជាង៥៦០លានដុល្លារ៕
ដោយៈ សរ សុជាតិ