ថៃលុបសំណើសិទ្ធិកាន់កាប់អចលនទ្រព្យជនបរទេស

ថៃលុបចោលសំណើពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ព្រោះខ្លាចរងការរិះគន់ពីពលរដ្ឋ


មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្របានសម្រេចផ្អាកផែនការសកម្មភាពចំនួន២ ទាក់ទងនឹងសិទ្ធិកាន់កាប់អចលនវត្ថុរបស់ជនបរទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃលុបសំណើសិទ្ធិកាន់កាប់អចលនទ្រព្យជនបរទេស

សំណើ​ទី​១ ដែល​ត្រូវ​បាន​ផ្អាក គឺ​សំណើ​បង្កើន​កូតា​លក់​ខុន​ដូ ឲ្យ​ជនរ​ទេស​លើស​ពី ៤៩% នៃ​ចំនួន​យូ​នី​ត​ខុន​ដូ​សរុប​ដែល​ត្រូវ​លក់ និង​សំណើ​ទី​២ គឺ​ការ​ពង្រីក​សិទ្ធិ​ជួល​អចលនទ្រព្យ​សម្រាប់​ជនបរទេស​ពី​រយៈពេល ៣០ ឆ្នាំទៅ ៥០ ឆ្នាំ ។ ការ​ផ្អាក​សំណើ​ទាំង​ពីរ​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​អះអាង​ថា ព្រោះ​សំណើ​ទាំងនេះ មាន​ភាព​អវិជ្ជមាន​ច្រើន ហើយ​រដ្ឋាភិបាល​ខ្លាច​រង​ការ​រិះគន់​ពី​សាធារណជន​ប្រសិនបើ​អនុម័ត​សំណើ​ទាំងនេះ​។

ច្បាប់​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ ចំពោះ​ការ​លក់​ខុន​ដូ​ឲ្យ​ជនបរទេស គឺ​អគារ​ខុន​ដូ​ទាំងមូល អាច​លក់​ខុន​ដូ​ឲ្យ​ជនបរទេស​តែត្រឹម ៤៩% នៃ​ចំនួន​យូ​នី​ត​ខុន​ដូ​សរុប និង​៥១%​ទៀត​ត្រូវ​តែ​លក់​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក ខណៈ​ដែល​សិទ្ធិ​កាន់កាប់​ជួល​អចលនទ្រព្យ​សម្រាប់​ជនបរទេស​វិញ គឺ​មាន​ត្រឹមតែ​៣០​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្ដែ ថ្មី​ៗ​នេះ នាយកដ្ឋាន​ដីធ្លី​របស់​ថៃ បាន​ស្នើ​ឲ្យ​មានការ​ពង្រីក​កូតា​លក់​ខុន​ដូ​ឲ្យ​ជន​ប្រទេស​នេះ ឲ្យ​លើស​ពី​៤៩% និង​ពង្រីក​សិទ្ធិ​កាន់កាប់​ជួល​អចលនទ្រព្យ​ឲ្យ​បាន​ដល់ ៥០​ឆ្នាំ ដើម្បី​ស្រូប​ទាញ​ជន​ប្រទេស​ឲ្យ​មក​វិនិយោគ និង​រស់នៅ​ប្រទេស​ថៃ​កាន់តែ​ច្រើន​។ ប៉ុន្ដែ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​សេដ្ឋកិច្ច​របស់​ថៃ ដែល​មាន​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា​នាយក​រដ្ឋមន្ត្រី​ថៃ ជា​ប្រធាន បាន​សម្រេច​លុប​ចោល​សំណើ​នេះ​។

បើ​ទោះបីជា លុប​ចោល​សំណើ​ទាក់ទង​នឹង​ការ​លក់​ខុន​ដូ​ឲ្យ​ជនបរទេស​ក្ដី ប៉ុន្ដែ​រដ្ឋាភិបាល​ថៃ​ក៏​បាន​យល់ព្រម​ជា​គោលការណ៍ អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ក្នុង​ទំហំ​១​រ៉ៃ ឬ​ស្មើនឹង ១​ពាន់​៦​រយ​ម៉ែត្រការ៉េ សម្រាប់​ជនបរទេស​តាំងទី​លំនៅ​ដ្ឋា​ន​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។

ការ​លុប​សំណើ​ទាំង​ពីរ​នេះ ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា កំពុង​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​ទាក់ទាញ​ជនបរទេស​របស់​រដ្ឋាភិបាល​ថៃ ត្រូវ​បាន​ជាប់​គាំង​ផង​ដែរ​។ រដ្ឋមន្ត្រី​មហាផ្ទៃ លោក អា​នុ​ពង្ស ប៉ៅ​ចិន្ដា (Anupong Paojinda) បាន​អះអាង​ថា សំណើ​ទាំង​ពីរ​នេះ គឺ​មាន​ភាព​អវិជ្ជមាន​ច្រើន ហើយ​រដ្ឋាភិបាល​នឹង​ប្រឈម​មុខ​នឹង​ការ​រិះគន់​ជា​សាធារណៈ​ផង​ដែរ ប្រសិនបើ​យល់ព្រម​លើ​សំណើ​ទាំងនោះ​។

ត្បិត​ថា​បែប​នេះ​ក្ដី តែ​រដ្ឋាភិបាល​ថៃ​នឹង​បន្ត​គោលនយោបាយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស​ដែល​មានទ្រព្យ​សម្បត្តិ​ឱ្យមក​រស់នៅ​ប្រទេស​នេះ​ដដែល ព្រោះថា​វា​អាច​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​ថៃ​ក្នុង​រយៈពេល​វែង​។

ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំរុញ​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ រដ្ឋាភិបាល​ថៃ​មាន​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​បួន​ក្រុម គឺ​ជនបរទេស​ដែល​មាន​មានទ្រព្យ​សម្បត្តិ ច្រើន​, ជនបរទេស​ដែល​ចូល​និវត្តន៍​, អ្នក​ដែល​ចង់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ និង​អ្នក​ដែល​មាន​ជំនាញ វិជ្ជាជីវៈ​ខ្ពស់ ដោយ​ទទួល​បាន​នូវ​ទិដ្ឋាការ​រយៈពេល​វែង​រហូត​ដល់ ១០ ឆ្នាំ និង​ផ្ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី និង​អចលនទ្រព្យ​ផង​ដែរ​។

ផ្អែក​តាម​គម្រោង​នេះ រដ្ឋាភិបាល​ថៃ​សង្ឃឹមថា នឹង​ទាក់ទាញ​ជនបរទេស​ចំនួន​ជាង ១ លាន​នាក់​ចូល​មក​រស់​ប្រទេស​ថៃ​ក្នុង​រយៈពេល ៥ ខាង​មុខ​ឆ្នាំ ជាមួយនឹង​ការ​ចំណាយ​របស់​ជនបរទេស​ទាំងនោះ​ជាង ៣០​ពាន់​លាន​ដុល្លារ​៕ ។

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


ចិននៅតែប្តេជ្ញាបន្ដគោលនយោបាយគ្មានកូវីដ ទោះបីមេរោគបំប្លែងថ្មីអូមីក្រុងមិនសូវមានសភាពធ្ងន់ធ្ងរក្ដី

គោលនយោបាយ គ្មានកូវីដ១៩ នៅតែជាវិធីសាស្ត្រល្អបំផុតរបស់ប្រទេសចិន ទោះបីជាកូវីដ១៩អូមីក្រុង ហាក់បង្ហាញសភាពជំងឺមិនសូវជាធ្ងន់ធ្ងរក៏ដោយ និងស្រប…

ចង់ទិញទំនិញមែនទេ? អេស៊ីលីដាអ៊ីសបចង់ទិញអ្វីក៏បាន!

ឥរិយាបថទិញទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា កំពុងមានការផ្លាស់ប្ដូរជាលំដាប់ស្របទៅតាមការលូតលាស់ដ៏ឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា។ ជាក់ស្ដែង ពីមុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ