តំបន់អាស៊ីនឹងរះត្រដែតឡើងខ្លាំងជាងគេ

ហេតុអ្វីតំបន់អាស៊ីនឹងរះត្រដែតឡើងខ្លាំងជាងគេ ស្របពេលតំបន់ផ្សេងទៀតប្រឈមនឹងដាំក្បាលចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយ?


នៅពេលដែលសេដ្ឋកិច្ចសកលលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែបញ្ហានានា ពិសេសសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន ក្រុមសេដ្ឋវិទូមកពីជុំវិញពិភពលោកបានសំដែងការយល់ឃើញរៀងៗខ្លួន ជុំវិញនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ចពិភពលោក និងតំបន់។ ប៉ុន្ដែ នៅក្នុងនោះ សេដ្ឋវិទូភាគច្រើន សុទ្ធតែបានសម្លឹងឃើញតំបន់អាស៊ី ពិសេសអាស៊ីអាគ្នេយ៍តែម្តងថា ជាទីតាំងល្អប្រសើរ និងភាពភ្លឺស្វាងជាងគេចំពោះស្ថានភាពលូតលាស់សេដ្ឋកិច្ច បើគេធៀបនឹងតំបន់ដទៃជុំវិញពិភពលោក។
អ្នកសេដ្ឋកិច្ចថាតំបន់អាស៊ីពិសេសអាស៊ីអាគ្នេយ៍ជាតំបន់ត្រជះត្រចង់ជាងគេ!

មូលនិធិរូបិយវត្ថុអន្តរជាតិ​ IMF កាលពីសប្តាហ៍មុន បាននិយាយថា ការស្ទុះងើបឡើងវិញ​ដ៏រឹងមាំនៃនិន្នាការសេដ្ឋកិច្ច​ក្នុងតំបន់អាស៊ី​ដែលបាន​ចាប់ផ្តើមកាលពីដើម​ឆ្នាំ២០២២ បានថមថយសន្ទុះទៅវិញ បណ្តាលមកពី​កត្តា៣​យ៉ាងធំៗគឺ​ ការដំឡើងអត្រាការប្រាក់គោល សង្គ្រាមនៅអ៊ុយក្រែន និង ភាពយឺតយ៉ាវក្នុងសកម្មភាព និងកំណើនសេដ្ឋកិច្ច​របស់ចិន ដែលជាយក្សសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ប៉ុន្តែ IMF នៅតែជឿជាក់ថា តំបន់អាស៊ីនេះនឹងបន្តជាកន្លែងមានស្ថានការណ៍​សេដ្ឋកិច្ចល្អ​ប្រសើរជាងគេ ស្របពេលដែលកន្លែងដទៃ​ជួបការលំបាក។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ IMF ស្តីអំពី សេដ្ឋកិច្ចតំបន់​អាស៊ី​ប្រឈមមុខ​​នឹង​បញ្ហាអាក្រក់ធំៗទាំង៣។

ស្ថាប័នរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍សេដ្ឋកិច្ចអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកថា នឹងមានកំណើន៤%ក្នុងឆ្នាំនេះ និង៤,៣%នៅឆ្នាំក្រោយ។ ទោះមានភាពល្អប្រសើរជាងតំបន់ផ្សេងៗក៏ពិតមែន​ តែបើធៀបនឹងកំណើនដែលតំបន់នេះធ្លាប់មានកាលពីពេលមុន គឺនៅទាបជាងអត្រា ៥,៥% ជាមធ្យម។

យ៉ាងណាក៏ដោយកំណើននេះ ខ្ពស់ជាងតំបន់អឺរ៉ុប ដែលត្រូវបាន IMF ព្យាករណ៍ថាមានកំណើន​ត្រឹម ៣,១%នៅឆ្នាំនេះ និង ០,៥%នៅឆ្នាំក្រោយ ខណៈសហរដ្ឋអាមេរិកត្រូវបាន IMF បន្ទាបកំណើនមកនៅសល់ត្រឹម ១,៦% នៅឆ្នាំ២០២២ និងធ្លាក់មកនៅកំណើន ១%ប៉ុណ្ណោះ នៅឆ្នាំក្រោយឆ្នាំ២០២៣។

អ្នកជំនាញ​ប្រចាំតំបន់អាស៊ីមួយរូបទៀតគឺលោក តោហ្សា វ៉ាង បានអះអាងដែរថា មាគ៌ាសេដ្ឋកិច្ចរបស់អាស៊ីនិយាយជារួម នឹងខុសប្លែកពីប្រទេស​ដែលមានសេដ្ឋកិច្ចជឿនលឿន​ជាច្រើន​ដូចជាអឺរ៉ុប ដោយសារតែ​កំរិត​ប្រឈម​​បញ្ហារបស់អាស៊ី មានតិចតួចជាង​តំបន់អឺរ៉ុប​ក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះយើងអាចសង្កេត​បានថា តំបន់អាស៊ីនៅមាន​ចន្លោះ​សម្រាប់​សេដ្ឋកិច្ចលូតលាស់​បាន ដោយហេតុថា អតិផរណាក្នុងតំបន់នេះ នៅមានទាបជាងតំបន់ផ្សេងៗ​នៃពិភពលោក ដែលមានអតិផរណាខ្ពស់ ហើយកំពុងបង្ខំឱ្យ​ធនាគារកណ្តាលរឹតបន្តឹង​លក្ខខណ្ឌហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាកពីអ្នកជំនាញដដែល។

គួរកត់សម្គាល់ថា អាស៊ីអាគ្នេយ៍​កំពុងមានសេដ្ឋកិច្ចរឹងមាំ​ខ្លាំងណាស់។ ជាក់ស្តែង វៀតណាមកំពុងពង្រីកខ្លួនឱ្យក្លាយជាចំណុចកណ្តាលនៃការធ្វើពិពិធកម្ម​ខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈដែលហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទំនងនឹងមាន​កំណើន​សេដ្ឋកិច្ច​ចន្លោះពី ៤% ទៅ ៦%។

ដោយឡែក ​ប្រទេសរកចំណូលបាន​ពីវិស័យទេសចរណ៍ដូចកម្ពុជា និងថៃ សុទ្ធសឹងតែមើលឃើញ​ពីការងើបឡើងវិញនៃវិស័យមួយនេះ។ រហូតមកដល់ពេលនេះ ការនាំចេញពីប្រទេសតំបន់​អាស៊ានធំៗទាំង៦ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានដំណើរការប្រសើរជាងតំបន់​អាស៊ីខាងជើង និងតំបន់ផ្សេងទៀត។ នេះបើយោងរបាយការណ៍ពីធនាគារ DBS ។ តម្លៃទំនិញឡើងថ្លៃ និងការរំខានការផ្គត់ផ្គង់​នៅតំបន់ដទៃបាន​ជួយដល់​ក្រុមហ៊ុននាំចេញ​នៅអាស៊ី ឱ្យបង្កើនការនាំចេញ​មិនតិចនោះទេ ដូចជាប្រទេស​ឥណ្ឌូនេស៊ី ជាដើមដែលកំពុងរីករាយ​ជាមួយពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន៕




អត្ថបទបន្ទាប់


តើបុរសខ្លាំងទី២របស់ចិន លី ឃឺឈាំង នឹងបន្តវត្តមានក្នុងដំណែងកំពូលរបស់បក្សដែរទេ ក្រោយផុតអាណត្តិជានាយករដ្ឋមន្ត្រី?

ព័ត៌មាន
នៅស្របពេលដែលបក្សកុម្មុយនីស្តចិនបានមកប្រមូលផ្តុំគ្នាជាមួយសមាជិករាប់ពាន់នាក់ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួនក្នុងសប្តាហ៍នេះ កា…

ក្រុមហ៊ុនស្មាត ច្នៃប្រឌិតបន្ថែមមុខងារ វីដេអូតន្ត្រី និង ផតខាសត៍ (PODCAST) ថ្មីក្នុងចំណោមមុខងារថ្មីជាច្រើនទៀតក្នុងកម្មវិធី Pleng និងធ្វើការប្រគុំតន្រ្តីអបអរ #iGoPleng2.0 ជាមួយតារាល្បីៗជាច្រើន

ព័ត៌មាន
អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀតដែលនឹងចូលរួមសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ