នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី២ ខែមករា ថា ប្រទេសថៃ និងប្រទេសចិននឹងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរចាប់ពីខែមីនា។ សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា កាលពីខែកញ្ញា ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន រួចហើយ ដោយផែនការនេះត្រូវបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ពាក់ព័ន្ធនឹងគោលនយោបាយលើកលែងទិដ្ឋាការជាអចិន្រ្តៃយ៍នេះ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានថា គោលនយោបាយនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាប្រជាជន និងប្រជាជនកាន់តែប្រសើឡើងបន្ថែមទៀត។
ដោយឡែកក្រសួងការបរទេសចិន បាននិយាយថា ប្រទេសទាំងពីរកំពុងពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនតាមរយៈការលើកលែងទិដ្ឋាការ។
អ្នកនាំពាក្យក្រសួងការបរទេសចិន គឺលោក វ៉ាង វិនពិន (Wang Wenbin) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា "អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយកំពុងទន្ទឹងរង់ចាំការអនុវត្តកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ”។
ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ ពោលគឺលើសពីគោលដៅដែលខ្លួនបានកំណត់បន្តិច ហើយរកចំណូលបានជិត៣៥ពាន់លានដុល្លារ។ ក្នុងនោះ ភ្ញៀវទេសចរបរទេសដែលបានមកលេងថៃ ច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ដែលមានចំនួន៤លាន៥សែននាក់ បន្ទាប់មកគឺភ្ញៀវទេសចរមកពីប្រទេសចិន ដែលមានចំនួន៣លាន៥សែននាក់។
គួររំឭកថា កាលពីមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ថៃទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានដល់ទៅចំនួន៣៩លាននាក់ ក្នុងនោះគ្រាន់តែភ្ញៀវទេសចរជនជាតិចិន គឺមានដល់ទៅ១១លាននាក់ឯណោះ៕
ដោយ: សរ សុជាតិ