អ្នកជំនាញភូមិសាស្ត្រនយោបាយថៃ បានព្រមានថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អាចមានបញ្ហា ប្រសិនបើពួកគេអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលទើបទទួលការលើកលែងទោសដោយមហាក្សត្រកាលពីពេលថ្មីៗ លូកដៃចូលក្នុងឆាកនយោបាយរបស់ថៃ។ តែយ៉ាងណានាយករដ្ឋមន្ត្រីថៃថ្មី បានប្តេជ្ញានៅថ្ងៃស្បថចូលកាន់តំណែងថា ខ្លួននឹងធ្វើនយោបាយមិនឱ្យដូចលោកឱពុក និងម្តាយរបស់ខ្លួន។
លោក ជេត ឌូណាវ៉ានិក (Jade Donavanik) អ្នកច្បាប់ និងជាព្រឹទ្ធបុរសនៅមហាវិទ្យាល័យនីតិសាស្ត្រនៃមហាវិទ្យាល័យ Asian Scholars បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការប៉ុនប៉ងរបស់លោក ថាក់ស៊ីន ក្នុងការគ្រប់គ្រងរដ្ឋាភិបាលថ្មី និងកូនស្រីរបស់លោក សូម្បីតែបញ្ហាតិចតួចនោះ គឺជាការបង្កបញ្ហា។ ការចេញមកព្រមានបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះជឿជាក់ថា នៅពេលណាដែលលោក ថាក់ស៊ីន ព្យាយាមនិយាយជាសាធារណៈ ហើយធ្វើខ្លួនលោកដូចជាអ្នកគ្រប់គ្រងរដ្ឋាភិបាល នោះនឹងទទួលរងនូវសម្ពាធ និងការរិះគន់ពីក្រុមអ្នកប្រឆាំង។ លោកសង្កត់ធ្ងន់ថា លោកស្រី ផែថងថាន អាចនឹងមានបញ្ហា ប្រសិនបើគណបក្សភឿថៃ ក្រោមការដឹកនាំរបស់លោកស្រី អនុញ្ញាតឱ្យខ្លួនត្រូវបានគ្រប់គ្រង និងស្ថិតក្រោមឥទ្ធិពលរបស់លោក ថាក់ស៊ីន។
ការព្រមានរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយខាងលើ ធ្វើឡើងក្រោយលោក ថាក់ស៊ីន បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយអំពីចក្ខុវិស័យសម្រាប់ប្រទេសថៃ ឆ្នាំ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដោយមានការចូលរួមពីអ្នកនយោបាយ អ្នកការទូត និងវិនិយោគិនជាច្រើនរូប។ អ្នកសង្កេតការណ៍អះអាងថា ការលើកឡើងរបស់លោក ថាក់ស៊ីន នៅពេលនោះបានបង្ហាញឱ្យឃើញថា លោកនៅតែជាចៅហ្វាយនាយពិតប្រាកដនៅពីក្រោយរដ្ឋាភិបាលថៃ និងគណបក្សភឿថៃ ដែលកំពុងកាន់អំណាច។
អ្នកខ្លះបានអះអាងថា សុន្ទរកថារបស់លោក ថាក់ស៊ីន កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ គឺគ្មានអ្វីក្រៅពីសេចក្តីសង្ខេបនៃសេចក្តីថ្លែងការណ៍គោលនយោបាយដែលរដ្ឋាភិបាល លោកស្រី ផែថងថាន នឹងថ្លែងនៅក្នុងសភាក្នុងពេលឆាប់ៗខាងមុខនោះទេ។ លោក ជេត បាននិយាយថា វាជាការល្អបំផុត ប្រសិនបើលោក ថាក់ស៊ីន ធ្វើសកម្មភាពនៅពីក្រោយឆាកដោយស្ងៀមស្ងាត់ ដើម្បីដោះស្រាយជាមួយសម្ព័ន្ធមិត្តជាជាងនិយាយជាសាធារណៈ ឬតាមបញ្ជាអ្នកដទៃ។
ស្រដៀងគ្នានេះដែរ លោក នីភីត អ៊ីនតារាសម្បត្តិ (Nipit Intarasombat) អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា លោកស្រី ផែថងថាន ត្រូវតែដើរដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យជោគវាសនារបស់ខ្លួនដូចអតីតនាយករដ្ឋមន្ត្រីលោក ស៊្រីថា ថាវេស៊ីន ដែលត្រូវបានបណ្តេញចេញពីតំណែងដោយតុលាការធម្មនុញ្ញ កាលពីថ្ងៃទី១៤ ខែសីហា ជុំវិញការបំពានក្រមសីលធម៌ក្នុងការតែងតាំងមន្រ្តី។
អ្នកជំនាញរូបនេះ យល់ឃើញថា ចាប់ពីពេលនេះតទៅ នាយករដ្ឋមន្ត្រីថ្មី ត្រូវពិនិត្យឱ្យបានហ្មត់ចត់មុននឹងដាក់ចេញវិធានការ ឬធ្វើកិច្ចការអ្វីមួយដោយសារលោកស្រីមិនមានបទពិសោធន៍ក្នុងការដឹកនាំកិច្ចការជាតិ ខណៈការខកខានណាមួយក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចក៏អាចបង្កើនសម្ពាធលើរដ្ឋាភិបាលថ្មី ផងដែរ។ ជាមួយគ្នានេះលោក ថាក់ស៊ីន គួរតែរក្សាស្ថានភាព និងតួនាទីឲ្យបានច្បាស់លាស់ ពីព្រោះអ្នកនយោបាយមិនសប្បាយចិត្តចំពោះលោកមានច្រើន ហើយចាំមើលតែកំហុសប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ