ប្រទេសថៃ

អ្នកជំនាញនយោបាយជាច្រើនជឿថា លោក ថាក់ស៊ីន នឹងមិនវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហាឡើយ


ខណៈដែលគណបក្សភឿថៃ និងអ្នកគាំទ្រកំពុងតែរៀបចំទទួលការវិលត្រឡប់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកប្រទេសវិញបន្ទាប់ពីនិរទេសខ្លួនអស់១៧ ឆ្នាំ នៅថ្ងៃទី១០ ខែ សីហា ខាងមុខ អ្នកជំនាញការកិច្ចការនយោបាយថៃ សុទ្ធតែអះអាងដូចៗគ្នាថា លោក ថាក់ស៊ីន នឹងមិនវិលចូលមាតុប្រទេសតាមការសន្យាឡើយ ទោះបីជាមកដល់ពេលនេះ លោកនៅតែអះអាងអំពី ផែនការវិលត្រឡប់មកវិញនៅថ្ងៃទី១០ខែខាងមុខនេះក៏ដោយ ។
អ្នកជំនាញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនចូលថៃនៅថ្ងៃទី១០ ខែសីហាឡើយ
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថា ប្រភពពីគណបក្សភឿថៃ និងប៉ូលីស នៅតែបញ្ជាក់អំពីបំណងរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់មកប្រទេសវិញនៅ ថ្ងៃទី ១០ ខែសីហា ដោយមិនបានផ្លាស់ប្តូរអ្វីទាំងអស់ ដោយលោក​គ្រោង​នឹង​មក​ដល់​អាកាសយានដ្ឋាន​ ដនមឿង​នាវេលាម៉ោង ១០ និង ៣០ នាទី​ព្រឹក។

ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីអ្នករិះគន់មួយចំនួន​បានលើកឡើងថា ពួកគេមានហេតុផល​ដែលអាចបញ្ជាក់បានថា ផែនការវិលត្រឡប់របស់លោក ថាក់ស៊ីន បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៧ ឆ្នាំ គឺគ្មានអ្វីក្រៅពីបង្កបញ្ហាព្យុះភ្លៀង​ខាងនយោបាយនោះឡើយ ។

នៅពេលនេះ គណបក្សភឿថៃបាននិងកំពុងដំណើរការផ្សព្វផ្សាយវីដេអូឃ្លីប​ជាបន្តបន្ទាប់នៅលើទំព័រ Facebook របស់ខ្លួនដែលរៀបរាប់ពីការកាត់ក្តី និងទុក្ខលំបាក​ដែលទាក់ទងនឹង​អាជីពនយោបាយ​ដ៏យូររបស់លោក ថាក់ស៊ីន ចាប់ពី​ការឡើងកាន់តំណែង​ជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០០១ រហូតដល់ការទម្លាក់ដោយរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ដោយរួមទាំង រដ្ឋប្រហារដោយ​ក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ក្នុងឆ្នាំ ២០១៤ ដែលទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាផងដែរ។

លោកស្រី លិនធិផន វ៉ារិនវាឆារ៉ូស ( Linthiporn Warinwatchararoj) សមាជិកសភា និងជា​អ្នកនាំពាក្យ​ស្តីទីនៃគណបក្សភឿថៃ បានអះអាងកាលពីថ្ងៃទី៣០កក្កដា ថា ឃ្លីបវីដេអូនេះ គឺមានគោលបំណងអប់រំសាធារណជន​អំពីជីវិតនយោបាយរបស់លោក ថាក់ស៊ីន ហើយក៏អាចជាការ​បំភ្លឺ​ការពិត ​និង​ដោះស្រាយ​ព័ត៌មាន​មិន​ពិត​អំពី​អ្នក​ជំនួញ ​និង​អ្នក​នយោបាយ​ដែល​មាន​ពិរុទ្ធរូបនេះ។

បន្ថែមពីនេះ លោកស្រី​បាន​បដិសេធ​ថា ឃ្លីប​នោះ​ គឺ​ជា​ការ​ប៉ុនប៉ង​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​ចេញ​ពី​ការ​តស៊ូ​របស់​គណបក្ស​ ដើម្បី​ដឹកនាំ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។

ប្រភពពីប៉ូលីស បាននិយាយថា ក្រុមគ្រួសាររបស់លោកថាក់ស៊ីន​បានជូនដំណឹងដល់ប៉ូលីស​អំពីការវិលត្រលប់របស់លោក ថាក់ស៊ីន ដែលជិតមកដល់ ហើយការរៀបចំកំពុង​ដំណើរការ​លើវិធានការសន្តិសុខ​ចាំបាច់ ដើម្បីត្រៀមទទួលការមកដល់របស់លោក ។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសថៃ បានអះអាងថា​ខ្លួននឹងតាមដានយ៉ាងដិត​ដល់នូវព្រឹត្តិការណ៍​ដែលឈានទៅដល់ថ្ងៃទី ១០ ខែសីហាខាងមុខ រួមទាំងការប្រកាសរបស់តុលាការធម្មនុញ្ញនាថ្ងៃទី ៣ ខែសីហា ថា តើខ្លួននឹងពិចារណាពិនិត្យឡើងវិញនូវការសម្រេចចិត្តពីមុនរបស់ខ្លួនក្នុងការរារាំងមេដឹកនាំ គណបក្សឆ្ពោះទៅមុខ គឺ លោក ភីថា លីមចារឿនរ៉ាត់ នៅក្នុងការដាក់បញ្ចូលបេក្ខភាព​ជា​នាយករដ្ឋមន្រ្តីជុំទីបី​​នៅក្នុងការបោះឆ្នោតនៅសភា ឫក៏អត់។

ពាក់ព័ន្ធនឹងព័ត៌មាននៃការវិលត្រឡប់របស់លោក ថាក់ស៊ីននេះដែរ លោក ចាតូផន ព្រំផាន ដែលជាអតីតមេដឹកនាំចលនាអាវក្រហមមួយរូប បាននិយាយ កាលពីថ្ងៃ៣០ខែកក្កដាថា លោកមិនជឿថា លោកថាក់ស៊ីន ត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគាររបស់លោកនោះទេ ដូច្នេះ​ហើយ​លោក​រំពឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​រូបនេះ ​នឹងបន្ត​លុប​ចោល​គម្រោង​វិល​ត្រឡប់​ជាថ្មី ។​

លោកបានលើកឡើងថា លោកថាក់ស៊ីននឹងមិនត្រឡប់មកវិញទេ ព្រោះនៅពេលនេះ គាត់មិនអាចប្រាកដថា គាត់នឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រពាក់ព័ន្ធនឹង ការផ្តន្ទាទោសពីបទពុករលួយ ។

មេដឹកនាំក្រុមអាវក្រហមដែលធ្លាប់ជាប់ពន្ធនាគារ​រូបនេះ បាននិយាយទៀតថា លោកថាក់ស៊ីនគួរតែ​ទទួលយកការពិត ដែលគាត់មិនអាចគេចពីគុក​បានឡើយ ប្រសិនបើគាត់ហ៊ានតែវិលចូលស្រុកមែននោះ ។

ដោយឡែក លោក ផៃសាល ភោជមុងគល់ (Paisal Puechmongkol ) មេធាវីមួយរូបបាននិយាយ​ ថា លោកជឿថា ការវិលត្រឡប់របស់លោកថាក់ស៊ីន ជាល្បែងនយោបាយ ដោយលោកថា គេពុំគួរខ្ជះខ្ជាយពេលវេលាចំពោះ​ព័ត៌មានមិនពិតនេះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីនៅចិនទទួលបានផ្លែផ្កាអ្វីខ្លះ?

ព័ត៌មាន
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីដែលពលរដ្ឋដាក់រហ័សនាមថា ចូកូវី បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនជាមួយលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹ…

តើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឆ្លាតវៃ នឹងជួយបម្រើផលប្រយោជន៍អ្វីខ្លះក្នុងវិស័យកសិកម្មកម្ពុជា?

ព័ត៌មាន
អ្នកជំនាញប្រព័ន្ធស្រោចស្រពនៃក្រុមហ៊ុន GAINS បានអះអាងថា ប្រព័ន្ធស្រោចស្រពមានសារៈសំខាន់ណាស់ក្នុងការការធ្វើកសិកម្មរបស់ប្រជាកិសករ ក៏ប៉ុន្តែការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ