រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សឺមសាក់ ពុងផានិច (Sermsak Pongpanich) កាលពីថ្ងៃទី២៣ ខែមិថុនា បាននិយាយថា ក្រសួងមានទំនុកចិត្តថា នឹងអាចរកចំណូលបានជាង២០០លានដុល្លារពីផលិតកម្មភាពយន្តបរទេស ជាពិសេសការថតរឿង White Lotus Season 3 ដែលកំពុងថតនៅទីក្រុងបាងកក កោះភូកេត និងកោះសាមុយ។
លោក សឺមសាក់ បានអះអាងថា រដ្ឋាភិបាលថៃ ជឿជាក់ថា ផលិតកម្មភាពយន្តបរទេសមិនត្រឹមតែអាចបង្កើតប្រាក់ចំណូល និងការងារ និងជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ ដែលចង់ទស្សនាកន្លែងថតភាពយន្តនេះផងដែរ។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ភាពយន្តបរទេសចំនួន២១៤ ត្រូវបានថតនៅក្នុងប្រទេសថៃ ដែលបង្កើតចំណូលបានរហូតដល់ជាង៩៦លានដុល្លារ និងបង្កើតការងារសម្រាប់ប្រជាជនថៃ បានជិត១ម៉ឺន៤ពាន់នាក់។
ក្នុងឆ្នាំ២០២២ ប្រទេសនេះរកចំណូលបានប្រហែល១៧២លានដុល្លារ ពីផលិតកម្មភាពយន្តចំនួន៣៤៨ ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីវិស័យមួយនេះបានកើនឡើងប្រហែលជាង៥% ឡើងដល់ជាង១៨៤លានដុល្លារ ខណៈដែលថៃបានស្វាគមន៍ផលិតកម្មភាពយន្តចំនួន៤៦៦ មកពី៤០ប្រទេស៕
អត្ថបទ៖ សុខ មង្គល