វិស័យបច្ចេកវិទ្យា

ថៃ ដាក់គោលដៅបង្កើតធនធានមនុស្សលើបច្ចេកវិទ្យាឱ្យបាន២៨ម៉ឺននាក់ នៅ៥ឆ្នាំខាងមុខ


រដ្ឋាភិបាលថៃ បានដាក់គោលអភិវឌ្ឍន៍កម្លាំងពលកម្មសម្រាប់បម្រើឱ្យវិស័យបច្ចេកវិទ្យាទំនើបឱ្យបាន២៨ម៉ឺននាក់ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីឈានទៅសម្រេចមហិច្ឆតាអភិវឌ្ឍន៍ប្រទេសថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបមួយនាពេលអនាគត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យបច្ចេកវិទ្យា
ដោយ

រដ្ឋាភិបាលថៃ បានអះអាងកាលពីពេលថ្មីៗថា ថៃបានដាក់គោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យបានចំនួន២៨ម៉ឺននាក់ ដើម្បីបម្រើការងារក្នុងវិស័យឧស្សាហកម្មជឿនលឿននៅក្នុង៥ឆ្នាំខាងមុខ រួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រការវិនិយោគថ្មីៗ ដើម្បីជួយប្រទេសនេះឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបមួយនាពេលអនាគត។

បើតាមការបញ្ជាក់របស់រដ្ឋាភិបាលថៃ ក្នុងចំណោមកម្លាំងពលកម្មទាំងនោះ មានចំនួន៨ម៉ឺននាក់សម្រាប់បម្រើការនៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយចំនួន១៥ម៉ឺននាក់ សម្រាប់បម្រើការនៅក្នុងវិស័យរថយន្តអគ្គិសនី (EVs) និងចំនួន៥ម៉ឺននាក់ទៀត សម្រាប់ធ្វើការនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត។

ឧបនាយករដ្ឋមន្ត្រីថៃលោក អានូទីន ឆានវីរ៉ាគុល (Anutin Charnvirakul) បាននិយាយថា នវានុវត្តន៍ដែលប្រើប្រាស់កាលពីអតីតកាលកំពុងត្រូវបានជំនួសដោយបច្ចេកវិទ្យាទំនើបជាច្រើនរួមទាំងរថយន្តអគ្គិសនី និងបញ្ញាសិប្បនិមិត្ត ដែលប្រទេសថៃ មានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងការត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍបន្ថែមទៀត។

លោកបាននិយាយថា លោកបានអញ្ជើញប្រជាជនថៃទាំងអស់ដែលមានបំណងចង់រៀន និងអភិវឌ្ឍន៍ខ្លួនឱ្យចូលរួមក្នុងកម្មវិធីទាំងនេះ ដើម្បីបង្កើនជំនាញរបស់ពួកគេ ត្រៀមខ្លួនសម្រាប់ការងារក្នុងឧស្សាហកម្មបច្ចេកវិទ្យាទំនើប និងជួយផ្លាស់ប្តូររចនាសម្ពន្ធឧស្សាហកម្មរួមគ្នា។

លោក ស៊ូផាម៉ាស អ៊ីសារ៉ាផាកឌី (Supamas Issaraphakdee) រដ្ឋមន្ត្រីក្រសួងអប់រំបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងបង្កើត និងអភិវឌ្ឍកម្លាំងការងារនៅគ្រប់កម្រិត ក៏ដូចជាអ្នកស្រាវជ្រាវ និងនិស្សិតបញ្ចប់ការសិក្សាផងដែរ។ តែយ៉ាងណា រដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលនិធិដែលត្រូវចំណាយលើផែនការនេះនោះទេ គ្រាន់តែប្រាប់ថា ខ្លួននឹងផ្តល់ការលើកទឹកចិត្តដោយកាត់បន្ថយពន្ធ២៥០% សម្រាប់ក្រុមហ៊ុនដែលបានបញ្ជូនបុគ្គលិកឱ្យទៅចូលរួមក្នុងគម្រោងនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឱ្យក្រុងឡុងដ៍ វ៉ាឈ្នះក្រុងប៉ារីស ក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប ជាថ្មីឡើងវិញ?

សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ថា ទីក្រុងឡុងដ៍ ដែលជាផ្សារហ៊ុនដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស បានវ៉ាឈ្នះទីក្រុងប៉ារីសនៃប្រទ…

តម្លៃអចលនទ្រព្យនៅក្បែរៗផ្ទះដែលគេបោះបង់ចោលនៅជប៉ុន ខាតបង់ជិត២៥ពាន់លានដុល្លារ

ការគណនាថ្មីបង្ហាញថា ផ្ទះដែលគេបានបោះបង់ចោលជាយូរមកហើយក្នុងប្រទេសជប៉ុន កំពុងធ្វើឱ្យខូចតម្លៃអចលនទ្រព្យនៅក្បែរៗនោះខាតអស់ជិត២៥ពាន់លានដុល្លារ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ