
រដ្ឋាភិបាលថៃនឹងផ្តល់កម្ចីជាង១៣២លានដុល្លារ ក្នុងអត្រាការប្រាក់ទាបដល់ឡាវ ដើម្បីសាងសង់ផ្លូវមួយខ្សែប្រវែងជាង៧០០គីឡូម៉ែត្រ ដែលជាច្រករបៀងពាណិជ្ជកម្មតភ្ជាប់ប្រទេសចំនួន៤ រួមមាន ឡាវ វៀតណាម ថៃ និងប្រទេសចិន។ គម្រោងនេះគ្រោងចំណាយពេលសាងសង់ចំនួន៣០ខែ។
លោក ភីរ៉ាម វុទ្ធីថនីទីរ៉ាក់ (Perames Vudthitornetiraks) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាងរបស់ថៃ ជឿជាក់ថា ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង៤ ក៏ដូចជាជួយកាត់បន្ថយពេលដឹកជញ្ជូនទំនិញពីថៃទៅវៀណាម ពី១០ម៉ោង មកនៅត្រឹម៤ម៉ោង។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ តាមរយៈគម្រោងដែលគ្រប់គ្រងដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង ថៃ បានអះអាងថា ទឹកប្រាក់សរុបជាង៧៣៦លានដុល្លារត្រូវបានផ្តល់សម្រាប់ជួយគាំទ្រដល់គម្រោងនានា នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ប៊ូតាន ស្រីលង្ការ និងទីម័រខាងកើត៕
ដោយៈ សរ សុជាតិ