ស្ថានីយប្រេងឥន្ធនៈ

ថៃដាក់បម្រាមគោចរ ក្រោយស្ថានីយប្រេងឥន្ធនៈចំនួន១១កន្លែងនៅប្រទេសថៃ រងការវាយប្រហារដោយគ្រាប់បែកក្នុងពេល១យប់


ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃបានឡើងកម្ដៅយ៉ាងខ្លាំង ដោយនៅពេញមួយយប់ថ្ងៃទី១០ ខែមករា មានហេតុការណ៍ដាក់គ្រាប់បែក និងដុតបំផ្លាញស្ថានីយប្រេងឥន្ធនៈចំនួន១១កន្លែង ព្រមគ្នានៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងរួមមានខេត្តយ៉ាឡា ខេត្តប៉ាតានី និងខេត្តណារ៉ាធីវ៉ាត ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងតំបន់ និងអាជ្ញាធរថៃ។
ស្ថានីយប្រេងឥន្ធនៈ
ដោយ

កងកម្លាំងសន្តិសុខថៃជឿថា ហេតុការណ៍ទាំងនេះ គឺជាស្នាដៃរបស់ក្រុមឧទ្ទាមផ្ដាច់ខ្លួនភាគខាងត្បូងដែលមានចេតនាបង្កភាពចលាចលនៅក្នុងតំបន់នោះ។ ហេតុការណ៍វាយប្រហារជាស៊េរីនេះបានកើតឡើងក្នុងទម្រង់ស្រដៀងៗគ្នា ដែលបណ្ដាលឱ្យស្ថានីយប្រេងទាំងនោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ តែមិនមានការរាយការណ៍ណាមួយបញ្ជាក់ពីអ្នករងរបួស ឬបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះឡើយ។

បើតាមប្រភពពី Khaosod​ ក្រោយហេតុការណ៍វាយប្រហារលើទីតាំងស្ថានីយប្រេងឥន្ធនៈ​ជាច្រើនកន្លែង​ អាជ្ញាធរខេត្តណារ៉ាធីវ៉ាត​របស់ថៃ​នៅថ្ងៃទី១១ ខែមករា​នេះ បានប្រកាសដាក់បម្រាមគោចរ​ ដែលហាមឃាត់សាធារណជនចាកចេញពីលំនៅដ្ឋានរបស់ពួកគេចាប់ពីម៉ោង ៩:០០ យប់ដល់ម៉ោង ៥:០០ ព្រឹកនៅគ្រប់ស្រុកទាំងអស់ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះ​ រហូតដល់មានការជូនដំណឹងជាថ្មី។

ការវាយប្រហារនេះបានកើតឡើងមុនការបោះឆ្នោតកម្រិតឃុំសង្កាត់ជិតចូលមកដល់ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខយ៉ាងខ្លាំងក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត។

ភ្លាមៗបន្ទាប់ពីកើតហេតុ មន្ត្រីសន្តិសុខបានបិទផ្លូវចេញចូលតំបន់រងគ្រោះ ដើម្បីឱ្យក្រុមអ្នកជំនាញធ្វើកោសល្យវិច័យ ដើម្បីកំណត់មូលហេតុ និងប្រមូលភ័ស្តុតាង។ ទន្ទឹមនឹងនេះ វិធានការសន្តិសុខនៅតាមបណ្តោយព្រំដែនថៃ-ម៉ាឡេស៊ី ត្រូវបានរឹតបន្តឹងជាអតិបរមា ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយដែលអាចកើតមានឡើងជាបន្តទៀត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ផ្លូវបេតុងអាមេប្រវែង ២គីឡូម៉ែត្រ ចូលទៅកាន់កំពង់ផែកោះស្ដេច ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!

ផ្លូវបេតុងអាមេនេះ មានប្រវែង ២,០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងបានបំពាក់ បង្គោលសូឡាបំភ្លឺសងខាងផ្លូវ ដែលជាផ្លូវចូលទៅកាន់កំពង់ផែកោះស្តេច ស្ថិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ