វៀតណាម​នាំចូលបន្លែផ្លែឈើ

ទន្ទឹមនឹងការនាំចេញបន្លែផ្លែឈើមកកម្ពុជា វៀតណាម ក៏បាននាំចូលបន្លែផ្លែឈើ រាប់ពាន់លានដុល្លារពីក្រៅប្រទេសដែរ


ប្រទេសវៀតណាម ត្រូវបានគេស្គាល់ថា ជាប្រទេសផលិតកសិកម្មដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសផ្គត់ផ្គង់បន្លែផ្លែឈើត្រីសាច់ដ៏សំខាន់មួយ សម្រាប់កម្ពុជាយើងផងដែរនោះ នៅរយៈពេល១០ខែ នៃឆ្នាំនេះ ប្រទេសនេះ បែរជាមានការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសរហូតដល់ ជាង ១.៤០០ លានដុល្លារអាមេរិក។ អ្នកជំនាញ បានមើលឃើញថា និន្នាការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសនេះ កំពុងធ្វើឲ្យមានប៉ះពាល់ដល់ទីផ្សារបន្លែផ្លែឈើក្នុងស្រុករបស់វៀតណាមកាន់តែខ្លាំង។
ឆ្នាំ​២០១៦ ជា​លើក​ដំបូង​បង្អស់​ហើយដែល​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​របស់​វៀតណាម​រក​ចំណូល​បាន​ច្រើន​ជាង​ការ​នាំ​ចេញ​ប្រេង​ឆៅ។ រូបភាព៖ Pixabay
ដោយ

តាមអ្នកជំនាញសេដ្ឋកិច្ច​​កសិកម្ម​នៅកម្ពុជា​ ធ្លាប់​បាន​លើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជា​បានចំណាយ​ប្រាក់​មិនតិចជាង​ ២០០ លានដុល្លារអាមេរិកនោះ ក្នុងការនាំចូល​បន្លែ​ពី​ក្រៅប្រទេស​ ដែលក្នុងនោះ ភាគច្រើន​បំផុតនាំ​មកពីប្រទេស​វៀតណាម ខណៈ​ដែលតម្រូវការ​បន្លែ​នៅកម្ពុជា​ក្នុងមួយថ្ងៃ មានប្រមាណ​ ៤០០ តោន។

ថ្វីដ្បិតតែ​យ៉ានេះក្ដី លោក បណ្ឌិត យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដ៏លេចធ្លោ​នៅកម្ពុជា ធ្លាប់​បានលើកឡើងដែរថា ស្រប​ពេលដែល​ កម្ពុជា​មានតម្រូវ​ការ​បន្លែ​នាំចូល​ពី​វៀតណាមក៏ដោយ ប៉ុន្ដែ វៀតណាម ក៏​បានបញ្ជា​ទិញ បន្លែសរីរាង្គ​ពីកម្ពុជាទៅវិញ ក្នុងចំនួន​​ច្រើន​គួរ​សមដែរ។ លោកធ្លាប់ បានគូសបញ្ជាក់ទៀតថា អនាគត​ខាងមុខ កម្ពុជា​អាច​នឹងមានឱកាស​ទីផ្សារធំ ជាមួយនឹងការ​ដាំដុះ​ និងនាំចេញបន្លែ​សរីរាង្គនេះ។ ​  

ទោះយ៉ាងណា របាយការណ៍ពី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ វៀតណាម​បានឲ្យ​ដឹងថា គិតត្រឹម១០ខែ នៃឆ្នាំ២០១៨នេះ កំណើន​​ការនាំចូល​បន្លែផ្លែ​ឈើពី​ក្រៅ​ប្រទេស បានកើន​ឡើង​ដល់​ជាង ១៣% ដែល​មាន​ទំហំជាទឹក​ប្រាក់​សរុប​​ជាង ១.៤០០ លាន​​ដុល្លារ​អាមេរិក។ ក្នុងនោះ ទីផ្សារ​បន្លែ​ផ្លែឈើ ដែលវៀត​ណាម​​​នាំចូល​ ​ច្រើន​​ជាង​គេ​មាន​ដូចជា ប្រទេសថៃ មានជាង ៤៣% បន្ទាប់​មក​គឺប្រទេស​ចិន ​មាន​ជាង ២៣% នៅសល់ពីនេះ មាន​នាំចូល​មក​ពីប្រទេស​អូស្ត្រាលី​ កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​ជាដើម។

ត្រូវបាន​ដក​ស្រង់សម្ដី ដោយ​សារព័ត៌មាន​​ក្នុង​ស្រុក​វៀតណាម Vietnam News អ្នកជំនាញ​សេដ្ឋកិច្ច​ជាច្រើន​​បានលើក​ឡើង ដោយ​ជំទាស់​ទៅនឹង​​ចំនួន​កើនឡើង​នៃការ​នាំចូល​បន្លែផ្លែ​ឈើពី​ក្រៅប្រទេស​ចូលមក​ក្នុងប្រទេស​របស់​ខ្លួនថា កំពុង​​ធ្វើឲ្យមាន​ការប្រកួត​ប្រជែង​ជាមួយ​ផលិតផល​បន្លែផ្លែ​ឈើ​ក្នុង​ស្រុក ខណៈដែល ប្រទេស​វៀតណាម គឺជា​អ្នកផលិត​កសិកម្ម​​ដ៏ធំ​មួយ។

ប្រភពព័ត៌មាន​ដដែលនេះ បានឲ្យដឹង​ទៀតថា គិតជា​មធ្យម កាលពី​ប៉ុន្មាន​ឆ្នាំមុន ការនាំចូល​បន្លែផ្លែ​ឈើនេះ មានតែ​ជាង ២០០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្ដែ​មក​ទល់១០ខែនៃ​ឆ្នាំនេះ កើនមកដល់​​ជាង ១.៤០០ លានដុល្លារ​អាមេរិក ហើយ​បើតាម​​ការព្យាករ ពេញមួយ​ឆ្នាំ ២០១៨នេះ ការនាំ​ចូល​បន្លែ​ផ្លែឈើពី​ក្រៅ​ប្រទេស អាច​នឹងកើន​ដល់​​ ១.៧០០ លាន​ដុល្លារ​អាមេរិក។

ទោះយ៉ាងណា មន្ត្រី​ជាន់​ខ្ពស់​​របស់​រដ្ឋាភិបាល​វៀតណាម បានអះអាង​ប្រាប់​​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការនាំចូល​​បន្លែផ្លែ​ឈើ មិនមែន​ធ្វើ​ឡើង​សម្រាប់​តែការ​ប្រើប្រាស់​ក្នុងស្រុក​មួយ​មុខ​នោះទេ ប៉ុន្ដែ វាធ្វើ​ឡើង​សម្រាប់​​ការ​នាំចេញ​ទៅវិញ​ផងដែរ។ តួយ៉ាង ផ្លែឈើ​ដែលនាំ​ចូល​ពី​ប្រទេស​​ថៃ​ដូចជា មង្ឃុត ធុរេន ស្វាយ និង​តាង៉ែន ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​វិញ។ 

ប្រភពព័ត៌មាន​ Vietnam News បាន​ឲ្យដឹង​ទៀតថា តាម​ការប៉ាន់​ស្មាន​​ការ​នាំចេញ បន្លែផ្លែ​ឈើ​របស់​វៀត​ណាម នៅ​រយៈពេល ១០ខែនេះ មាន​ប្រមាណ​ជាង ៣.៣០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​​ប្រមាណ​ជាង ១៥% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ក្នុងនោះ ចិន គឺជា​ទីផ្សារ​ធំបំផុត​​របស់​វៀតណាម៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូនប្រុស​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយថា អាស៊ាន​ប្រហែល​ជា​ត្រូវជ្រើសរើស​រវាង​ចិន​និង​អាមេរិក

ព័ត៌មាន
លោក ហ៊ុន ម៉ានី កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំងបី​នាក់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ព្…

ជាប់​ចោទ​​​បទ​"រំលោភ​អំណាច" ប្រធានធនាគារ​មួយ​ជាប់​ពន្ធនាគារ ១៣ឆ្នាំ នៅវៀតណាម

ព័ត៌មាន
នៅប្រទេស​វៀតណាម ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​មួយ​ ឈ្មោះធនាគារ លំនៅដ្ឋាន មេគង្គ (Mekong Housing Bank) ត្រូវ​បាន​តុលាការ​កាត់​ទោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ