វិស័យអប់រំ

ករណីគ្រូបង្រៀនគួរ នៅតែបង្កក្ដីបារម្ភចំពោះការកែទម្រង់វិស័យអប់រំ


ដើម្បីរួមចំណែកជួយធ្វើកំណែកំណែទម្រង់ប្រព័ន្ធអប់រំនៅតាមសាលារដ្ឋនៅកម្ពុជាឱ្យកាន់តែមានគុណភាពល្អប្រសើរ អ្នកជំនាញក្នុងវិស័យអប់រំ ស្នើឱ្យរាជរដ្ឋាភិបាលគួរគិតគូទៅលើចំណុចសំខាន់មួយចំនួនពាក់ព័ន្ធនឹងការត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្រៀនរបស់គ្រូ ការបណ្តុះគរុកោសល្យ និងការអនុវត្តច្បាប់លើគ្រូបង្រៀនណាដែលមិនអនុវត្តតាមគោលការណ៍។ សម្រាប់អ្នកជំនាញ ក្រសួងអប់រំយុវជន និងកីឡាគួរលុបបំបាត់កុំឱ្យមានការបង្រៀនគួរ ដ្បិតវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពបង្រៀន។
រាជរដ្ឋាភិបាល មានមហិច្ឆតាប្រែក្លាយសាលារដ្ឋទាំងអស់ប្រកបដោយគុណភាព
ដោយ

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ គួរ អេឌ្យូខេសិន យល់ឃើញថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅតាមសាលារដ្ឋនៅកម្ពុជា ឱ្យមានគុណភាពល្អវាមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនមែនមានន័យថា រដ្ឋមិនអាចធ្វើបាននោះដែរ​។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីធ្វើឱ្យការអប់រំនៅតាមសាលារដ្ឋមានគុណភាព គឺទាមទារឱ្យ​ពង្រឹងការបង្រៀនរបស់គ្រូនីមួយៗតាមរយៈការចុះត្រួតពិនិត្យជាក់ស្តែង, បណ្តុះបណ្តាលគរុកោសល្យគ្រូបន្ថែមឱ្យបានច្រើន និងការពង្រឹងការអនុវត្តច្បាប់ក្នុងការបង្រៀនជាដើម។

ជាមួយគ្នានេះអ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យរាជរដ្ឋាភិបាល គួរចេញច្បាប់ហាមកុំឲ្យមានការបង្រៀនគួរ ព្រោះការបង្រៀនគួរវាអាចធ្វើឱ្យការបង្រៀនរបស់មិនអស់ពីសមត្ថភាពនៅក្នុងម៉ោងសិក្សាដោយចាំទៅបង្រៀននៅក្រៅម៉ោង ជាពិសេសវាអាចធ្វើឱ្យមានភាពអយុត្តិធម៌ក្នុងការប្រឡង ដ្បិតគ្រូបង្រៀនអាច យកវិញ្ញាសាដែលត្រូវប្រឡងទៅបង្រៀនដល់សិស្សដែលទៅរៀនគួរ ក៏ដូចជាអាចធ្វើឱ្យមានការបែងចែកវណ្ណៈរវាងសិស្សមានជីវភាពធូរធារ និងសិស្សមានជីវភាពខ្សត់ខ្សោយផងដែរ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះយល់ឃើញថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាអាចប្រព្រឹត្តទៅបាន គឺវាទាមទារឲ្យរាជរដ្ឋាភិបាលមានការគិតគូលើជីវភាពតាមការដំឡើងប្រាក់ខែឲ្យស្របតាមស្ថានភាពជាក់ស្តែង។ យ៉ាងណាមិញអ្នកឧកញ៉ា គួច ម៉េងលី កត់សម្គាល់ឃើញថា មានគ្រូមួយចំនួនមានប្រាក់ខែខ្ពស់ និងជីវភាពធូរធារ តែពួកគេនៅតែបើកបង្រៀនគួរ ដ្បិតវាជាទម្លាប់របស់ពួកគេ។

បន្ថែមពីលើនេះ អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យរាជដ្ឋាភិបាល គួរសហការជាមួយសាលាឯកជន ដែលអាចទុកចិត្តបាន ដើម្បីចូលរួមកែប្រែកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដា ក្នុងបំណងពង្រឹងការអប់រំ ខណៈផ្នត់គំនិត និងគោលនយោបាយជារបស់រដ្ឋ ហើយប្រសិនបើអាចធ្វើបាននោះ វានឹងក្លាយជាកម្លាំងជំរុញ វិស័យអប់រំឱ្យកាន់តែមានគុណភាពល្អនាពេលអនាគត។

គួរបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព" សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមហិច្ឆតាធ្វើឱ្យសាសារៀនរបស់រដ្ឋមានគុណភាពអប់រំខ្ពស់មិនចាញ់សាលាឯកជន។ ក្នុងឱកាសនោះសម្តេចធិបតី ជំរុញឱ្យក្រសួងអប់រំពង្រឹងការជ្រើសរើសគ្រូបង្រៀន នាយកសាលា ឬគណៈគ្រប់គ្រងសាលាផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧នេះ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចរកោណ ដោយក្នុងនោះផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការ បណ្តុះបណ្តាល ប្រកបដោយ គុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាម គ្រឹះស្ថាន សិក្សា, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិតជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អន្សមជ័យអ័រគីដេ ត្រៀមនាំលាភនាំសំណាង នាំនូវរង្វាន់ជាច្រើន ជូនដល់អតិថិជន

ព័ត៌មាន
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រកាសផ្តល់ជូននូវរង្វាន់អន្សមលាភ អន្សមជ័យ ជាច្រើនរង្វាន់ នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិ…

កម្ពុជារៀបចំខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ

ព័ត៌មាន
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានប្រារព្ធព្រះរាជធិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមអធិបតីដ៏ខ្ពង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ