![វិស័យថាមពល](https://cdn.cambonomist.com/media/images/thbngknkrphltbrngynth_dmbchhlytbas.2e16d0ba.fill-960x540.jpg)
បច្ចុប្បន្នតម្រូវការឥន្ធនៈអាកាសចរណ៍ ឬប្រេងសម្រាប់ចាក់យន្តហោះដែលផលិតចេញពីវត្ថុធាតុដើម រួមទាំងកាកសំណល់ប្រេង និងប្រេងជីវម៉ាសផងដែរ កំពុងកើនឡើងខ្លាំងនៅលើពិភពលោក។ ក្រុមហ៊ុនស្រាវជ្រាវអាម៉េរិក Grand View Research បានព្យាករថា ទីផ្សារប្រេងយន្តហោះលើពិភពលោកបានឡើងដល់៥៧៦លានដុល្លារក្នុងឆ្នាំ២០២២ ហើយនឹងពង្រីកអត្រាប្រចាំឆ្នាំជិត៥៨% ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។ ចំណែកក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាម៉េរិក ព្យាករថា តំបន់អាស៊ីអាគ្នេយ៍អាចផ្គត់ផ្គង់១២% នៃតម្រូវការប្រេងយន្តហោះជាសកលនៅត្រឹមឆ្នាំ២០៥០។
ជាក់ស្ដែងកាលពីខែមករា ក្រុមហ៊ុន PTT Global Chemical (PTT GC) ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន PTT របស់ថៃ ទើបទទួលបានទិន្នផលប្រេងយន្តហោះនេះលើកដំបូង។ ក្រុមហ៊ុននេះនឹងផ្គត់ផ្គង់ប្រេងនេះដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមុនគេ និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways ផងដែរ។
ប្រធានក្រុមហ៊ុន PTT GC លោក តូសាផន បូនយ៉ាពិផាត (Toasaporn Boonyapipat) បាននិយាយថា ក្រុមហ៊ុននេះ ត្រៀមខ្លួនជាស្រេច ដើម្បីផ្គត់ផ្គង់តម្រូវការ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ថាមពលកកើតឡើងវិញ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ពាណិជ្ជកម្មរបស់ប្រទេសថៃ។
ក្រុមហ៊ុន PTT GC មានបំណងផលិតប្រេងយន្តហោះ ឱ្យបានចំនួន៦លានលីត្រក្នុងឆ្នាំដំបូងនេះដោយប្រើសំណល់ប្រេងឆាធ្វើជាវត្ថុធាតុដើមចម្បង ហើយបរិមាណនេះស្មើនឹងការហោះហើរប្រហែល២ពាន់ជើងសម្រាប់យន្តហោះធុនមធ្យម ដែលធ្វើដំណើរក្នុងចម្ងាយចន្លោះពី២ពាន់ទៅ៣ពាន់គីឡូម៉ែត្រក្នុងមួយជើង។
ក្រុមហ៊ុននេះនឹងបង្កើនទិន្នផលប្រេងយន្តហោះនេះឱ្យបានបួនដងនាពេលអនាគត ហើយបន្ថែមពីលើប្រភពវត្ថុធាតុដើមពីក្រៅប្រទេស ក្រុមហ៊ុន PTT GC ក៏កំពុងពិចារណាប្រើដំឡូងមី ដែលជាដំណាំត្រូពិច និងស្ករ ដើម្បីបំពេញតម្រូវការដែលចេះតែកើនឡើងសម្រាប់ផលិតកម្មប្រេងយន្តហោះផងដែរ៕
អត្ថបទ៖ សុខ មង្គល