ធនធានរ៉ែ

ថៃ កំពុងខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញនាយករដ្ឋមន្ត្រី អានុទីន ចុះ MoU រ៉ែកម្រជាមួយអាម៉េរិក ដ្បិតវាអាចធ្វើឱ្យខូចខាតសេដ្ឋកិច្ចថៃ និងធ្វើឱ្យចិន ខឹង


នៅអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្ដីថ្លែងការណ៍រួមក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ក៏បានចុះហត្ថលេខាលើឯកសារដ៏សំខាន់មួយទៀតផងដែរ នោះគឺអនុស្សរណៈនៃការយោគយល់ (MoU) ទាក់ទិនពាណិជ្ជកម្មរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក។
ធនធានរ៉ែ
ដោយ

ការចុះ MoU នេះបានបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋថៃ និងក្រុមបក្សនយោបាយប្រឆាំងរបស់ថៃ ដែលព្រួយបារម្ភខ្លាច MoU នេះ អាចបង្កការខូចខាតដល់សេដ្ឋកិច្ចថៃ ក៏ដូចជាប្រឈមមុខនឹងមហាយក្សចិនជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

ការចុះអនុស្សរណៈនៃការយោគយល់ (MoU) ទាក់ទិនពាណិជ្ជកម្មរ៉ែកម្រ ដែលនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានចុះហត្ថលេខាជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី បានធ្វើឱ្យផ្ទុះប្រតិកម្មចម្រុះពីពលរដ្ឋថៃ អ្នកវិទ្យាសាស្ត្រ អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលថៃ។ ហេតុអ្វីពួកគេទាំងនេះផ្ទុះប្រតិកម្មបែបនេះ?

*ក្តីបារម្ភអំពីបរិស្ថាន៖

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឈៀងម៉ៃ (Chiang Mai University) បណ្ឌិត វ៉ាន់ វីរីយ៉ា (Wan Wiriya) បានព្រមានថា អនុស្សរណៈនៃការយោគយល់ជាមួយសហរដ្ឋអាម៉េរិកអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានរបស់ប្រទេសថៃ ដោយលើកឡើងពីការរកឃើញថ្មីៗនេះនូវការបំពុលដោយសារធាតុគីមីអាសេនិចដ៏គ្រោះនៅក្នុងទន្លេសាល់វីន (Salween River) ដែលខ្ពស់ជាងកម្រិតមានសុវត្ថិភាពរហូតដល់ទៅ៥ដង។

បណ្ឌិត វ៉ាន់ វីរីយ៉ា (Wan Wiriya) បាននិយាយទៀតថា ការបំពុលទឹកទន្លេទាក់ទងនឹងការជីកយករ៉ែដោយប្រទេសមីយ៉ាន់ម៉ា ខាងលើនេះ កំពុងរីករាលដាលដល់ភាគខាងជើងនៃប្រទេសថៃរួចទៅហើយ ហើយបានជំរុញឱ្យរដ្ឋាភិបាលថៃ បោះបង់ចោលមហិច្ឆតាជីកយករ៉ែនេះ។

អ្នកស្រាវជ្រាវរូបនេះបានសង្កត់ធ្ងន់ថា ចំណុចខ្លាំងរបស់ប្រទេសថៃ ស្ថិតនៅលើវិស័យទេស

ចរណ៍ វប្បធម៌ និងអំណាចទន់ (soft power) គឺមិនមែនខ្លាំងដោយសារការជីកយករ៉ែនោះទេ ហើយថា MoU រ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក គឺគ្មានភាពចាំបាច់ ហើយមានហានិភ័យខ្ពស់។

*ជំហររបស់រដ្ឋាភិបាលថៃ៖

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានការពារកិច្ចព្រមព្រៀង ឬ MoU រ៉ែកម្រជាមួយសហរដ្ឋអាម៉េរិកនេះ ដោយនិយាយថា វាគ្រាន់តែជាក្របខណ្ឌ ដែលមិនមានចងភ្ជាប់កាតព្វកិច្ចសម្រាប់កិច្ចសហប្រតិបត្តិការ ដែលអាចកើតមានឡើងនៅពេលអនាគតប៉ុណ្ណោះ ប្រសិនបើកំណប់រ៉ែកម្រត្រូវបានរកឃើញ។ លោក អានុទីន បានសង្កត់ធ្ងន់ថា វាមិនមែនជាការផ្តល់សិទ្ធិផ្តាច់មុខដល់សហរដ្ឋអាម៉េរិកនោះទេ ហើយថា MoU នេះអាចលុបចោលវិញនៅពេលណាក៏បាន។ លោក អានុទីន និយាយថា MoU ខាងលើនេះត្រូវបានចុះហត្ថលេខាជាកាយវិការសុច្ឆន្ទៈ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយសហរដ្ឋអាម៉េរិក ពោលគឺមិនមែនក្រោមសម្ពាធរបស់សហរដ្ឋអាម៉េរិកនោះឡើយ។

*ការបកស្រាយផ្នែកពាណិជ្ជកម្ម និងច្បាប់៖

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អេកនិទិ និទិថានប្រាផាស (Ekniti Nitithanprapas) បានបញ្ជាក់ថា MoU រ៉ែកម្រជាមួយសហរដ្ឋអាម៉េរិកនេះ មានគោលបំណងលើកកម្ពស់ការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងពាណិជ្ជកម្មដោយត្រឹមត្រូវលើរ៉ែកម្រ។ លោកបាននិយាយថា MoU នេះជាប់ពាក់ព័ន្ធនឹងការចរចាពន្ធគយរវាងសហរដ្ឋអាម៉េរិក និងប្រទេសថៃ ដែលអាចឈានទៅដល់ការបញ្ចុះពន្ធគយបដិការបច្ចុប្បន្ន ១៩% លើទំនិញពីអាស៊ាន ដែលធ្វើឱ្យការនាំចេញរបស់ថៃកាន់តែមានការប្រកួតប្រជែង។

*ការវិភាគសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ៖

លោក វីរ៉ាពង្ស ប្រាផា (Werapong Prapha) អនុប្រធានគណបក្សប្រជាធិបតេយ្យរបស់ថៃ បានព្រមានរដ្ឋាភិបាលថៃឱ្យធានាឱ្យបាននូវតម្លាភាព ការប្រកួតប្រជែងដោយត្រឹមត្រូវយុត្តិធម៌ និងការការពារបរិស្ថានយ៉ាងតឹងរ៉ឹង ដើម្បីជៀសវាងសិទ្ធិផ្តាច់មុខ និងការរំលោភសិទ្ធិមនុស្ស។

អនុប្រធានគណបក្សប្រជាធិបតេយ្យរូបនេះ ក៏បានព្រមានដែរថា ប្រទេសថៃត្រូវតែរក្សាតុល្យភាពដោយប្រុងប្រយ័ត្នរវាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងជាមួយប្រទេសចិន ដែលបច្ចុប្បន្នមហាយក្សចិនគ្រប់គ្រងរហូតដល់ទៅ៧១% នៃទិន្នផលរ៉ែកម្រទូទាំងពិភពលោក។

លោកបានស្នើឱ្យរដ្ឋាភិបាលថៃបើកទូលាយស្វាគមន៍បណ្តាញពាណិជ្ជកម្មថ្មីៗជាមួយសហភាពអឺរ៉ុប និងចរចាជាមួយប្រទេសចិន ស្រដៀងនឹងយុទ្ធសាស្ត្រ២ច្រករបស់ប្រទេសម៉ាឡេស៊ី ដែលមានន័យថា ថៃត្រូវចាប់ទាំងសហរដ្ឋអាម៉េរិក ចាប់ទាំងមហាយក្សចិន គឺធ្វើយ៉ាងណាកុំឱ្យមហាអំណាចណាមួយយល់ថា ថៃផ្អៀងទៅខាងមហាអំណាចណាមួយខ្លាំងពេក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា លោកមិនចង់រំលោភច្បាប់របស់អាម៉េរិក ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនៅអាណត្តិទី៣នោះទេ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេអះអាងថា បានបង្ហាញពីបំណងចង់ក្លាយជាប្រធានាធិបតីក្នុងអាណត្តិទី៣បន្តទៀត ដោយបច្ចុប្បន្ន …

តើត្រូវធ្វើដូចម្តេច ដើម្បីឱ្យការអនុវត្តក្របខណ្ឌប្រទេស៣ គោលដៅទេសចរណ៍១ រវាងកម្ពុជា ឡាវ និងវៀតណាម អាចដំណើរការទៅមុខ និងមានប្រសិទ្ធភាព?

ក្របខណ្ឌប្រទេស៣ គោលដៅ១ គឺផែនការស្រូបទាញភ្ញៀវទេសចរ ដែលថ្នាក់ដឹកនាំកម្ពុជាបានពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ