បេឡារុសដាក់ពង្រាយទ័ពនៅជិតព្រំប្រទល់ជាមួយអ៊ុយក្រែន

តើបេឡារុសនឹងចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនដែរ ឬយ៉ាងណា?


នៅសប្តាហ៍ទី២នៃខែតុលានេះ ភាពច្របូកច្របល់នៃសកម្មភាពយោធារបស់ប្រទេសម្ព័ន្ធមិត្តរុស្សី គឺបេឡារុស បាននិងកំពុងបង្កឲ្យមានការទាញសេក្ដីសន្និដ្ឋានពីសំណាក់អ៊ុយក្រែន និងប្រទេសលោកខាងលិចថា ប្រធានាធិបតីបេឡារុសលោក អេឡិចសេនឌ័រ ឡូកាហ្ស៊ីនកូ (Alexander Lukashenko) ទំនងជាកំពុងចូលដៃចូលជើងជាមួយលោក ពូទីន កាន់តែខ្លាំងមែនទែនហើយ ដើម្បីធ្វើការវាយប្រហារអ៊ុយក្រែនសាជាថ្មីពីភាពខាងជើងនៃប្រទេស។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ។
តើបេឡារុសនឹងចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនដែរ ឬយ៉ាងណា?

ការរួមដៃគ្នារវាងរុស្ស៊ី និងបេឡារុស ក្នុងសង្គ្រាម​នៅអ៊ុយក្រែននេះ វានឹងពង្រីកជម្លោះជាងប្រាំពីរខែមកនេះឲ្យកាន់ធំ និងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ប្រធានាធិបតីបេឡារុស លោក Lukashenko ដែលមានទំនោរទៅរករុស្សីនោះ បានបញ្ជាឲ្យដាក់ពង្រាយកងទ័ពជាច្រើន រួមជាមួយនឹងកងកម្លាំងរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន ហើយក្រសួងការពារជាតិបេឡារុសបាននិយាយថា កងទ័ព «ត្រៀមខ្លួនប្រយុទ្ធ» ទាំងនោះកំពុងធ្វើសមយុទ្ធផងដែរ។ កាលពីថ្ងៃអង្គារ ទី ១១ តុលា ក្រសួងមហាផ្ទៃបេឡារុសបានធ្វើសមយុទ្ធនៅជិតទីក្រុង Yelsk ចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែនប៉ុណ្ណោះ។

ការណ៍នេះហើយបានជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើឱ្យក្រុមប្រទេស G7 ដាក់អ្នកសង្កេតការណ៍អន្តរជាតិនៅជិតព្រំដែនជាមួយបេឡារុស ខណៈដែលបារាំងបានព្រមានទីក្រុងមីនស៍ (Minsk) ថា បេឡារុសប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចបន្ថែមទៀត ប្រសិនបើខ្លួនហ៊ានតែចូលដៃចូលជើងធ្វើសង្គ្រាមជាមួយរុស្សីលើអ៊ុយក្រែន។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈ ជាពេលដែលទីក្រុងម៉ូស្គូចូលឈ្លានពានអ៊ុយក្រែន បេឡារុសបានអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឈរជើងក្នុងការប្រយុទ្ធជាមួយទីក្រុងកៀវ តែមិនបានចូលរួមប្រយុទ្ធផ្ទាល់នោះទេ។ ផ្ទុយទៅវិញ នៅពេលឥលូវនេះ ក្រុមអ្នកវិភាគស្ថានការសឹកបាននិយាយថា លោក Lukashenko នឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីធ្វើតាមទីក្រុងម៉ូស្គូបញ្ជានោះទេ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាមទារឱ្យលោកចូលរួមក្នុងសង្រ្គាមនេះដែរ ក្រោយពីយោធាម៉ូស្គូបាននិងកំពុងទទួលបរាជ័យជាបន្តបន្ទាប់ និងប្រេះស្រាំផ្ទៃក្នុងផងនោះ។

ទោះជាយ៉ាងណាពួកអ្នកវិភាគទាំងនោះបានដាក់ការសន្និដ្ឋានថា បើទោះបីបេឡារុសចូលអន្តរាគមន៍ជួយរុស្ស៊ីក៏ដោយ ក៏នឹងមិនអាចធ្វើឲ្យសា្ថនការសឹកមានការប្រែប្រួលអ្វីច្រើនដែរ ព្រោះបើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ កងទ័ពប្រដាប់អាវុធបេឡារុសមានត្រឹមតែប្រមាណ៤ម៉ឺន៨ពាន់នាក់តែប៉ុណ្ណោះ ហើយមិនបានធ្វើសង្រ្គាមអស់រយៈពេលជាង៣០ឆ្នាំមកហើយ ចាប់ទាំងពីទទួលបានឯករាជ្យភាពពីសហភាពសូវៀតមក។

តាមលោក Samir Puri អ្នកនិពន្ធសៀវភៅ «ផ្លូវទៅកាន់សង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន» បាននិយាយថា កងកម្លាំងរបស់បេឡារុសទាំងនោះមិនមែនជាកងទ័ពប្រដាប់អាវុធដែលសម្រាប់ធ្វើសង្គ្រាមនោះទេ។ ទោះជាបែបនេះក្តី លោកបានគូសបញ្ជាក់ថា ហានិភ័យនៃការធ្វើអន្តរាគមន៍ពីបេឡារុស្សអាចបង្ខំឱ្យអ៊ុយក្រែនបង្កើនសន្តិសុខនៅភាគខាងជើងនៃប្រទេស ដោយដកកងម្លាំងពីសមរភូមិជាមួយរុស្ស៊ីនៅភាគខាងត្បូង និងខាងកើត។

ដោយឡែក លោក ផាវេល ស្លូមគីន (Pavel Slunkin) អតីតអ្នកការទូតបេឡារុសដែលឥឡូវជាក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសបាននិយាយថា «យើងទាន់ឃើញមានសញ្ញាណាមួយដែលរុស្ស៊ីបញ្ជូលកងកម្លាំងចូលប្រទេសបេឡារុស ដើម្បីឈ្លានពានអ៊ុយក្រែនឡើងវិញពីភាគខាងជើងដូចដែលខ្លួនបានធ្វើនៅដើមសង្រ្គាមនៅក្នុងខែកុម្ភៈនោះទេ»។

ក្រៅតែពីរឿងបេឡារុសប្រមូលផ្ដុំទ័ពនៅក្បែរព្រំដែនអ៊ុយក្រែនហើយនោះ ការព្រមានប្រើប្រាស់នុយក្លេអ៊ែរពីរុស្ស៊ី ក៏កំពុងជាចំណុចដ៏រសើបមួយនៅក្នុងសង្គ្រាមនេះដែរ។ ប៉ុន្ដែ សម្ព័ន្ធណាតូនឹងឆ្លើយតបបែបណា បើសិនជារុស្ស៊ីពិតជាហ៊ានលេងសន្លឹកបៀរធំបន្ទាប់របស់ខ្លួនមួយនេះ មែននោះ?

មន្ត្រីជាន់ខ្ពស់ណាតូម្នាក់បាននិយាយកាលពីថ្ងៃពុធ ទី ១២ តុលា ថា ការវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីនឹងផ្លាស់ប្តូរបរិបទនៃជម្លោះ ហើយនឹងទំនងបង្កឱ្យមាន «ការឆ្លើយតបជាក់ស្តែង» ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងផងដែរ។

មន្ត្រីរូបនេះបានសង្កត់ធ្ងន់មុនថ្ងៃនៃកិច្ចប្រជុំបិទទ្វារនៃក្រុមផែនការនុយក្លេអ៊ែររបស់អង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ តុលាថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងបង្កឲ្យមាន «ផលវិបាកដែលមិនធ្លាប់មានពីមុន» សម្រាប់ប្រទេសរុស្ស៊ី។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការណាតូកាលពីថ្ងៃទី ១៣តុលាដែរថា សហរដ្ឋអាមេរិកកំពុងតាមដាន និងឃ្លាំមើលមែនទែនទៅនឹងដំណើរវិវត្តន៍នៃនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង ដែលត្រូវបានបញ្ជូនសារដោយលោក ពូទីន នាថ្មីៗនេះ ដែលអាចឈានដល់ការប្រើវាក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែននៅទីបំផុត។

ស្របពេលជាមួយគ្នានេះ ចក្រភពអង់គ្លេស អាមេរិក និងអាល្លឺម៉ង់បាននិយាយថា ខ្លួននឹងបរិច្ចាគមីស៊ីល ប្រព័ន្ធការពារដែនអាកាស ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានី Kyiv និងទីក្រុងផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។

គួររលឹកដែរថា ការវាយប្រហារដោយការបាញ់ស្រោចមីស៊ីលមិនរើសមុខពីសំណាក់រុស្សីចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស ព្រមទាំងបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរបស់អ៊ុយក្រែន៕




អត្ថបទបន្ទាប់


អាមេរិកព្រមានអំពី «ការបង្ខិតបង្ខំផ្នែកភូមិសាស្ត្រនយោបាយ» ដែលបង្កឡើងដោយរុស្ស៊ី និងប្រទេសចិន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃពុធ ទី ១២ តុលា បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង «ភាព…

អេ អឹម ខេ ចូលរួមឧបត្ថម្ភ យុទ្ធនាការ «បើកបរដោយសុវត្ថិភាព» ដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងការបើកបរ

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចូលរួមឧបត្ថម្ភ ដល់យុទ្ធនាការ «បើកបរដោយសុវត្ថិភាព» លើកទី៦ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “មួកសុវត្ថិភាពមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ