
មន្ត្រីជាន់ខ្ពស់ថៃម្នាក់បានអះអាងកាលពីពេលថ្មីៗថា គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមជួលកម្មករស្រីលង្កាចំនួន១ម៉ឺននាក់ ដែលជាការព្យាយាមមួយក្នុងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការចាកចេញពីថៃ យ៉ាងគំហុករបស់ពលករខ្មែរ បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះខ្សែបន្ទាត់ព្រំដែនជាមួយគ្នា។ ទិន្នន័យពីអង្គការពលកម្មអន្តរជាតិបានបង្ហាញថា កំណើនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះកម្លាំងពលកម្ម បានបង្ខំឱ្យប្រទេសថៃ ត្រូវជ្រើសរើសពលករបរទេសយ៉ាងហោចណាស់៣លាននាក់ សម្រាប់បម្រើការក្នុងវិស័យកសិកម្ម សំណង់ និងឧស្សាហកម្មនានា។
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ផុងកាវីន ជុងរងរឿងគិត (Pongkawin Jungrungruangkit) បានប្រាប់អ្នកយកព័ត៌មានថា ពលករស្រីលង្ការជាង៣ម៉ឺននាក់ បានចុះឈ្មោះរួចហើយ ហើយប្រមាណជា១ម៉ឺននាក់ នឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា មុនផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា ពលករកម្ពុជា ជាង៥សែន២ម៉ឺននាក់ បានធ្វើការនៅក្នុងប្រទេសថៃ ពោលគឺស្មើនឹង១២% នៃកម្លាំងពលកម្មបរទេសរបស់ប្រទេសនេះ ប៉ុន្តែនៅពេលនេះពលរដ្ឋខ្មែរប្រមាណជា៤សែននាក់ហើយ ដែលធ្វើការនៅប្រទេសថៃ បានចាកចេញ។ ក្រៅពីស្រីលង្កា ថៃ ក៏កំពុងស្វះស្វែងអន្ទងពលករមកពីប្រទេសនេប៉ាល់ បង់ក្លាដែស ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ៕
ដោយៈ សរ សុជាតិ