មជ្ឈមណ្ឌលផលិតសម្លៀកបំពាក់

កម្ពុជា និងមីយ៉ាន់ម៉ា កំពុងប្រជែងគ្នាក្លាយជាមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់នាំចេញទៅទីផ្សារអន្តរជាតិ


ការផ្លាស់ប្តូរទីតាំងរោងចក្រពីប្រទេសចិនមកកាន់ប្រទេសនានាពិសេស តំបន់អាស៊ីអាគ្នេយ៍បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែតម្លៃពលកម្មរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី២ក្នុងពិភពលោកមួយនេះ កើនឡើងខ្ពស់ ខណៈវិធានការរឹតបន្តឹងកូវីត ១៩ យ៉ាងតឹងរ៉ឹងរបស់រដ្ឋអំណាចទីក្រុងប៉េកាំង ក៏ជាកត្តាមួយដែលបានជំរុញឱ្យមានការចាកចេញនៃផលិតកម្មជាច្រើនបន្ថែមទៀតផងដែរ។
កម្ពុជា និងមីយ៉ាន់ម៉ា កំពុងប្រជែងគ្នាក្លាយជាមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់នាំចេញទៅទីផ្សារអន្តរជាតិ

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ និង អាស៊ី​ខាងត្បូង ដូច​ជា វៀតណាម និង ឥណ្ឌា បាន​ក្លាយជា​ជម្រើស​ដំបូង​នៃ​ការ​វិនិយោគ ដោយសារ​កម្លាំង​ពលកម្ម​មាន​ច្រើន និង​តម្លៃ​ទាប​។ បើ​ទោះបីជា វៀតណាម គឺជា គោលដៅ​កំពូល​សម្រាប់​រោងចក្រ​វិនិយោគ​ក្តី ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា និង កម្ពុជា​កំពុង​រត់​តាម​ទាន់​ប្រទេស​នេះ​ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​អ្នកជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ដែល​បាន​អះអាង​នៅ​ក្នុង​សារព័ត៌មាន​ចិន Caixinglobal។

ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ផលិត​ជា​ច្រើន​ពី​ប្រទេស​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា ហេតុផល​ចម្បង​បំផុត​នោះ គឺ​ដោយសារ​តែ​ទទួល​រង​នូវ​ការ​ចំណាយ​ខ្ពស់ បូក​រួម​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​។ ចាប់ពី​ខែតុលា ឆ្នាំ ២០២១ ដល់ ខែ មីនា ឆ្នាំ ២០២២ ប្រទេស​ចិន​បាន​បាត់បង់​ចំណែក​ប្រហែល ៥% នៃ​ការ​នាំ​ចេញ​វាយ​ន​ភណ្ឌ​របស់​ខ្លួន​, ៧% នៃ​គ្រឿង​សង្ហា​រឹម និង ២% នៃ​ការ​បញ្ជា​ទិញ​នាំ​ចេញ​គ្រឿងយន្ត និង អគ្គិសនី​ពី​សហរដ្ឋអាមេរិក ទៅ​កាន់​ប្រទេស​សមាជិក​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​)​។ នេះ​បើ​យោង​តាម​ទិន្នន័យ​គយ​របស់​សហរដ្ឋអាមេរិក​។ ទោះ​យ៉ាងណា អ្នកជំនាញ​បាន​អះអាង​ថា បញ្ហា​នេះ មិន​បាន​ធ្វើ​ឱ្យ​ខូចខាត​ខ្លាំង​ដល់​មូលដ្ឋាន​ផលិតកម្ម​របស់​ប្រទេស​ចិន​នោះ​ទេ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​នេះ ភាគច្រើន​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម ដែល​មានការ​កែ​ច្នៃ​កម្រិត​ទាប​តែ​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន និង អ្នក​វិនិយោគ​ចិន​បាន​ចូលរួម​យ៉ាង​ស៊ីជម្រៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម ដែល​នឹង​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឧស្សាហកម្ម​របស់​ប្រទេស​របស់​ខ្លួន​។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Everbright Securities ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ប្រទេស​វៀតណាម គឺ ផ្តោត​ជា​សំខាន់​លើ​ផ្នែក​វាយ​ន​ភណ្ឌ គ្រឿង​សង្ហា​រឹម និង ការ​ផ្គុំ​គ្រឿង​អេ​ឡិច​ត្រូ​និក​ដែល​មាន​តម្លៃ​ទាប​។​ក្នុង​នោះ វៀតណាម​បាន​ក្លាយជា​ជម្រើស​ធំ​បំផុត​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ផលិត​សម្លៀក​បំពាក់ និង គ្រឿង​សង្ហា​រឹម​។

ទន្ទឹម​នឹង​នោះ រាជរដ្ឋាភិបាល​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រណាំងប្រជែង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ដោយ​ណែនាំ​ពី​ការ​កាត់​បន្ថយពន្ធ និង​ការ​លើកលែង​នានា រួម​ផ្សំ​ទាំង​ការ​លើកទឹកចិត្ត​ផ្សេង​ៗ​ផង​ដែរ​។ សម្រាប់​កម្ពុជា ក្រុមហ៊ុន​បរទេស​ត្រូវ​បាន​លើកលែង​ពន្ធ​នាំ​ចូល និង នាំ​ចេញ​សម្រាប់​រយៈពេល ១ ឆ្នាំ និង ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​រយៈពេល ៣ ទៅ ៥ ឆ្នាំ ប្រសិនបើ​ពួក​គេ​បំពេញ​តាម​តម្រូវការ​កំណត់​ដោយ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត រយៈពេល​លើកលែង​ពន្ធ​អាច​បន្ត​រហូត​ដល់​៩​ឆ្នាំ ប្រសិនបើ​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ប្រទេស​កម្ពុជា​។

បើ​តាម​អ្នកជំនាញ កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​បាន​បង្កើន​ល្បឿន និង​ប្រសើរ​ឡើង​ជិត​ប្រហែល​ប្រទេស​វៀតណាម​ផង​ដែរ​មក​ដល់​ពេល​នេះ​។ យោង​តាម​អាជ្ញាធរ​គយ​របស់​ប្រទេស​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ទាំងអស់​ឈាន​ដល់​ជាង ២២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ កើនឡើង ១៩,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ការ​នាំ​ចេញ​សរុប​បាន​កើនឡើង​ដល់​ជាង ៩ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៣៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ទំនិញ​នាំ​ចេញ​ច្រើន​ជាងគេ គឺ​សម្លៀក​បំពាក់ ផលិតផល​ធ្វើ​ស្បែក និង​ស្បែកជើង​។

ម្យ៉ាងវិញទៀត ប្រទេស​ចិន​គឺជា​ប្រភព​នាំ​ចូល​កំពូល​របស់​កម្ពុជា ខណៈ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​កើនឡើង​គិត​ជា​ទឹកប្រាក់​ដល់​ជិត ៥ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៣១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ សហរដ្ឋអាមេរិក​ជា​គោលដៅ​នាំ​ចេញ​ធំ​មួយ​របស់​កម្ពុជា​ផង​ដែរ ចាប់ពី​ខែមករា​ដល់ ខែ ឧសភា កម្ពុជា​បាន​ដឹក​ជញ្ជូន​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​គិត​ជា​ទឹកប្រាក់​ចំនួន​ជិត ៤ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៥៨% ធៀប​នឹង​ឆ្នាំ​មុន​។

គួរ​បញ្ចា​ក់ថា លោក He Enjia ប្រធាន​សមាគម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​ចិន​នៅ​កម្ពុជា​បាន​ថ្លែង​ថា មុន​ឆ្នាំ ២០១៨ មាន​រោងចក្រ​កាត់ដេរ​ចិន​តែ ១៩០ រោងចក្រ​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ ២០១៩ រោងចក្រ​ថ្មី​ប្រហែល ៤០ ត្រូវ​បាន​បង្កើត​ឡើង បន្ទាប់​កើនឡើង​ប្រហែល ៧៥ បន្ថែម​ទៀត​នៅ​ឆ្នាំ ២០២១ សរុប​ទៅ​គឺ​មាន​ជាង​៣០០​រោងចក្រ​។

លោក​បាន​បន្ត​ថា បើ​ទោះបីជា​កំណើន​រោងចក្រ​កាត់ដេរ​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ ប៉ុន្តែ​ការ​ពង្រីក​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​នៅ​តែ​បន្ត​។

ដោយឡែក ប្រទេស​មី​យ៉ា​ន់​ម៉ា​ក៏​ជា​គោលដៅ​ដ៏​ពេញ​និយម​មួយ​ផ្សេង​ទៀត​សម្រាប់​រោងចក្រ​កាត់ដេរ​របស់​ចិន​ដែល​ផ្លាស់​ប្តូរ​ផលិតកម្ម​ផង​ដែរ​។

លោក Shi Kun ប្រធាន​សមាគម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​ចិន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា រោងចក្រ​កាត់ដេរ​ប្រហែល ៧០% នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ខណៈ​ការ​ចូល​ដំណើរការ​របស់​មី​យ៉ា​ន់​ម៉ា​នឹង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន​បាន​ទាក់ទាញ​សហគ្រាស​ចិន​ជា​ច្រើន​។ លោក Shi បានឱ្យ​ដឹង​ថា ចំនួន​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កើនឡើង​ពី​តិច​ជាង​ជាង ៥០០ ក្នុង​ឆ្នាំ ២០១៩ ។ ក្នុង​នោះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​នេះ​សរុប​មាន​ចំនួន​ជាង ៥ ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង ២០១៩​។

យ៉ាងណា​ម៉េ​ញ កំណើន​យ៉ាង​ឆាប់រហ័ស​ត្រូវ​បាន​រំខាន​ដោយ​ជំងឺ​រាតត្បាត​នៅ​ឆ្នាំ ២០២០ និង ភាព​ចលាចល​នយោបាយ​នៅ​ឆ្នាំ ២០២១​។ យោង​តាម​ក្រសួងពាណិជ្ជកម្ម​របស់​មី​យ៉ា​ន់​ម៉ា តម្លៃ​ពាណិជ្ជកម្ម​បរទេស​សរុប​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចុះ​ជិត​២០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចាប់តាំងពី​ខែតុលា ឆ្នាំ ២០២០ មក​។

គួរ​ជម្រាប​ថា នៅ​ពេល​ដែល​តម្លៃ​ពលកម្ម​នៅ​វៀតណាម​កើនឡើង កម្ពុជា និង មី​យ៉ា​ន់​ម៉ា​បាន​ក្លាយជា​ទិស​ដៅ​វិនិយោគ​ដ៏​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ដណ្តើម​យក​សមត្ថភាព​ផលិតកម្ម​នៅ​ក្នុង​តំបន់​។ ប៉ុន្តែ​ការ​ចំណាយ​ក្នុង​ប្រទេស​ទាំង​ពីរ​ក៏​ឡើងថ្លៃ​ដែរ​។ មុន​ឆ្នាំ ២០១២ តម្លៃ​ពលកម្ម​របស់​កម្ពុជា​មាន​កម្រិត​ទាប​ជាង​ប្រទេស​វៀតណាម ដែល​មាន​ប្រាក់ខែ​គោល ៦១ ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ឥឡូវនេះ​បាន​កើនឡើង​ដល់ ១៩៤ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​បាន​កើនឡើង​បី​ដង ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មកនេះ​៕




អត្ថបទបន្ទាប់


អាមេរិកជំរុញក្រុមហ៊ុន Apple និង Google ដកកម្មវិធី TikTok ចេញពី App Store និង Play Store

ព័ត៌មាន
ស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FCC បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Goog…

Grab ដាក់ដំណើរការសាកល្បងសេវាកម្ម GrabFood ជាមួយយីហោល្បីៗជាង 200 ហាង

ព័ត៌មាន
Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ កំពុងដាក់ដំណើរការសាកល្បងសេវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ