តែយ៉ាងណាក្រសួងការពារជាតិកម្ពុជា បានចេញមកច្រានចោលចំពោះការលើកឡើងនេះ និងបានចាត់ទុកការបាញ់ប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃនេះជាការឈ្លានពានយ៉ាងពិតប្រាកដមកលើទឹកដីកម្ពុជា។
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទ យល់ឃើញថា សកម្មភាពវាយប្រហារមកលើកម្ពុជា ដោយយកលេសវាយកម្ទេចក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនឡាញ គឺពុំមែនជារឿងត្រឹមត្រូវនោះទេ តែជាសកម្មភាពឈ្លានពានព្រំដែនកម្ពុជា ដោយសារសកម្មភាពក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ យោធាថៃ បានបាញ់ផ្លោងអាវុធធុនធ្ងន់ និងទម្លាក់គ្រាប់ពីយន្តហោះ F-16 ទៅលើទីតាំងប្រាសាទបុរាណ និងតំបន់ជាច្រើនទៀតបង្កវិនាសកម្មយ៉ាងខ្លាំង។ បើតាមអ្នកជំនាញច្បាប់រូបនេះ ទីតាំងដែលរងការបំផ្លិចបំផ្លាញដោយសារយោធាថៃ ពុំមែនជាកន្លែងដែលពួកឧក្រិដ្ឋជនបោកប្រាស់អនឡាញស្នាក់នៅនោះទេ ព្រោះការបាញ់ប្រហារបែបនេះ ក៏ពុំអាចឱ្យឧក្រិដ្ឋជនទៅលាក់ខ្លួននៅតាមអាគារទាំងនោះបាននោះដែរ។ បើតាមលោកមេធាវី សុក សំអឿន ការយកលេសបង្រ្កាបក្រុមឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ គឺគ្រាន់តែជាលេសចង់បើកការវាយប្រហារដើម្បីចង់បំបាក់ និងបំផ្លាញសមត្ថភាពកងទ័ពកម្ពុជា តែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា ការយកលេសកម្ចាត់ក្រុមឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញនៅកម្ពុជា ពីសំណាក់យោធាថៃ គឺពុំមែនជារឿងត្រឹមត្រូវនោះទេ តែជាការយកលេស ដើម្បីទាញការចាប់អារម្មណ៍ពីអន្តរជាតិ ប៉ុណ្ណោះ។ មិនត្រឹមត្រូវ ក៏ដោយសារតែអ្នកជំនាញរូបនេះយល់ថា ប្រទេសថៃ ទៅវិញទេ ដែលជាទីតាំងមានការប្រមូលផ្ដុំឧក្រិដ្ឋជនបោកប្រាសតាមអនឡាញធំជាងគេនៅក្នុងតំបន់។ សកម្មភាពវាយប្រហាររបស់យោធាថៃ មកលើកម្ពុជានេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺមានផែនការច្បាស់លាស់ក្នុងការបិទបាំងបញ្ហាផ្ទៃក្នុងរបស់ពួកគេ និងបំបាត់ពូជសាសន៍ខ្មែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ឱ្យចូលសមរភូមិប្រយុទ្ធ ព្រមទាំងបំផ្លាញភាពរីកចម្រើនរបស់កម្ពុជា យូរអង្វែង។
ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ យល់ឃើញថា ទោះបីកម្ពុជា មានក្រុមឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញក៏ដោយ ក៏មិនមានច្បាប់អន្តរជាតិណាឱ្យប្រទេសដទៃ បើកការវាយប្រហារទាំងកំរោលនោះដែរ។ ដូច្នេះការលើកឡើងរបស់យោធាថៃ ដែលថាការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា គ្រាន់តែដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោក គ្រាន់តែជាលេសដើម្បីបង្វែរស្ថានការណ៍ និងគេចពីការទទួលខុសត្រូវតាមផ្លូវច្បាប់អន្តរជាតិ ចំពោះទង្វើឈ្លានពានមកលើកម្ពុជា តែប៉ុណ្ណោះ។ អ្នកជំនាញរូបនេះចាត់ទុកការបាញ់ប្រហារមិនរើសគោលដៅរបស់យោធាថៃ លើទីតាំងស៊ីវិលកម្ពុជា គឺជាអំពើឈ្លានពានយ៉ាងពិតប្រាកដមកលើកម្ពុជា ដែលអាចប្រឈមនឹងការជាប់ទោសឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សូមបញ្ជាក់ថា បន្ទាប់ពីបង្កសង្គ្រាមយ៉ាងឃោរឃៅមកលើប្រទេសកម្ពុជា អស់រយៈពេលជាច្រើនថ្ងៃមកនេះ កងទ័ពឈ្លានពានថៃ បានចេញមុខមកថ្លែងដោះសារថា ពួកគេមិនមែនកំពុងប្រយុទ្ធប្រឆាំងនឹងប្រទេសកម្ពុជានោះទេ ប៉ុន្ដែជាការធ្វើសង្គ្រាមប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕
អត្ថបទ៖ បូ ដូឡា